(កំពង់ធំ)៖ លោក ណាំ លីណាល់ ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំដូង បានថ្លែងប្រាប់នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ថា សម្រាប់ឃុំដូង និងឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ អាចនិយាយបានថា ជាប្រវត្តិសាស្ត្រ ដែលប្រជាពលរដ្ឋពីរឃុំនេះ ងាកមកបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឲ្យទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ពីព្រោះការបោះឆ្នោតអាណត្តិកន្លងមកពីរឃុំនេះ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មិនលើសពី ៥០ភាគរយនោះទេ។
លោក ណាំ លីណាល់ បានបញ្ជាក់ទៀតថា «នេះជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រថ្មីមួយ ក្នុងរយៈពេលមួយឆ្នាំធ្វើឲ្យសម្លេងគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងឃុំដូង ស្រុកប្រាសាទបល្ល័ង្ក បានផ្លាស់ប្តូរជាខ្លាំងពី៣៧% ក្នុងការបោះឆ្នោត២០២២ និង៤០% ក្នុងការបោះឆ្នោតឆ្នាំ២០១៨ ឥឡូវឡើងដល់៥៤% ក្នុងការបោះឆ្នោតតំណាងរាស្ត្រនីតិកាលទី៧។ រីឯឃុំក្រយាវិញ ទទួលបានការគាំទ្រ ៣៧% ក្នុងការបោះឆ្នោត ឆ្នាំ២០២២ និង៤៦% ក្នុងការបោះឆ្នោត២០១៨ ឥឡូវឡើងដល់៦០% ក្នុងការបោះឆ្នោតឆ្នាំ២០២៣នេះ។
លោក ណាំ លីណាល់ បន្តថា ហេតុផលដ៏សំខាន់ដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យនាពេលនេះ គឺដោយសារតែពួកគាត់គោរពស្រលាញ់ និងជឿជាក់លើសម្តេចតេជោ ហ៊ុន សែន ដែលជាបេក្ខភាព នាយករដ្ឋមន្ត្រី និងលោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់អនាគត។
សូមបញ្ជាក់ថា លោក ណាំ លីណាល់ ជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំដូង និងលោក ជា វ៉ានចាន់ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំក្រយា។ លោក ណាំ លីណាល់ ត្រូវបានចាត់តាំងកាលពីដើមឆ្នាំ២០២៣ ដើម្បីចុះ ជួយការងារក្នុងមូលដ្ឋានឃុំដូង ស្រុកប្រាសាទបល្ល័ង្ក និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋក្នុងឃុំដូង ជាខ្លាំងក្នុងអំឡុងពេលប៉ុន្មានខែចុងក្រោយនេះ ដោយរួមការងារជាមួយលោក យ៉េត វីណែល និងលោក ឆាន់ សុភាព បានខិតខំធ្វើសកម្មភាពដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋយ៉ាងសកម្ម រហូតធ្វើឲ្យប្រជាពលរដ្ឋទាំងពីរឃុំខាងលើនេះ ងាកមកបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតតំណាងរាស្ត្រនីតិកាលទី៧នេះ៕