(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយក្មួយៗកុមារ គ ថ្លង់ និងពិការភ្នែកនៅ លោកគ្រូ អ្នកគ្រូ ជិត៥០០នាក់ ដែលមកពីវិទ្យាល័យអប់រំពិសេសច្បារអំពៅ និងវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ដែលបានរៀបចំឡើង នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ស្ថិតក្នុខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានសម្តែងការអាណិតអាសូរ ចំពោះក្មួយៗកុមារគថ្លង់ និងពិការភ្នែក ពីកំណើតដែលត្រូវបានទទួលការអប់រំ រៀនសូត្រ នៅតាមមជ្ឈមណ្ឌល នូវចំណេះដឹងទូទៅ និងបច្ចេកទេស ក្រោមការយកចិត្តទុកដាក់ពីលោកគ្រូ អ្នកគ្រូដែលជាម្តាយទី២របស់ក្មួយៗ ហើយទាំងនេះក៏ត្រូវបានយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកប ដោយកត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូដល់កូនៗ ចៅៗ មានពិការភាពពីកំណើត ឲ្យមានចំណេះដឹង មុខជំនាញដូចអ្នកមិនពិការ បានទៅបម្រើការនៅតាមបណ្តាក្រុមហ៊ុនឯកជន ដែលមិនមានភាពរើសរអើងចំពោះជនពិការ ពីព្រោះថាមនុស្សយើងគ្រប់រូបកើតមក គឺមានទេពកោសល្យទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួន មិនថាជាជនពិការ ឬមិនពិការឡើយ។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានធ្វើការកោតសរសើរចំពោះ លោកគ្រូ អ្នកគ្រូ ដែលបានខិតខំបង្ហាត់ បង្រៀនដល់ក្មួយៗទាំងអស់ រហូតបានរកនូវការងារជូនដល់សិស្សគ ថ្លង់ និងពិការភ្នែក បានធ្វើការនៅតាមបណ្តាក្រុមហ៊ុនឯកជន ក្នុងការរកនូវកម្រៃដោះស្រាយជីវភាពប្រចាំថ្ងៃរបស់ខ្លួន។ សម្តេចក៏បាន ក្រើនរំលឹកដល់ក្មួយៗ កុមារគ ថ្លង់ និងពិការភ្នែកទាំងអស់ ត្រូវគោរពត្រង់ត្រាប់ស្តាប់នូវដំបូន្មានរបស់លោកគ្រូ អ្នកគ្រូ នឹង ចេះជួយនូវទុក្ខធុរៈមិត្តភ័ក្ត ចេះស្រឡាញ់សាមគ្គីគ្នាឲ្យបានល្អ នៅក្នុងមជ្ឈមណ្ឌល ព្រមទាំងត្រូវខិតខំសិក្សារៀនសូត្រ និង ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ដែលសង្គមស្អប់ខ្ពើម ។
សម្តេចកិត្តិសង្គហបណ្ឌិត បានលើកទឹកចិត្តដល់កុមារជនពិការគ ថ្លង់ទាំងអស់កុំបាក់ទឹកចិត្ត និងភាពពិការរបស់ខ្លួន ត្រូវតស៊ូអត់ធ្មត់ប្រឹងប្រែងរៀនសូត្រឲ្យបានពូកែ មានចំណេះដឹងខ្ពស់ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសនៅថ្ងៃអនាគត ពីព្រោះជនពិការក៏មានសិទ្ធិធ្វើអ្វីៗបានដូចមនុស្សដែលមានកាយសម្បទានធម្មតាដែរ។ ហើយបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ឱកាសជាច្រើនដល់ជនពិការដែលមានចំណេះដឹង ឲ្យបានចូលបម្រើការងារនៅតាមស្ថាប័នរដ្ឋ និងឯកជន ។ ជាក់ស្តែងកុមារពិការដែលរស់នៅក្នុងសាលាកុមារគថ្លង់ និងពិការភ្នែកទាំងវិទ្យាល័យទាំងពីរក៏បានទទួលការងារនៅក្នុងស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជន បន្តបន្ទាប់ផងដែរ។
ក្នុងនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិតបានឧបត្ថម្ភដល់វិទ្យាល័យទាំងពីរ រួមមាន ៖ អង្ករ ៥០០គីឡូក្រាម, មី ៣០កេស, ទឹកត្រី ១០យួរ, ទឹកស៉ីអ៉ីវ ១០យួរ, ទឹកសុទ្ធ ៣០កេស, ត្រីខ ៣កេស, និងផ្លែឈើ ៦កេស និងថវិកាមួយចំនួន៕