(ភ្នំពេញ)៖ សិស្សឆ្នើមរបស់សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ (CIA FIRST) ចំនួន ២៨រូប ប្រមូលបានមេដាយសរុប១១២គ្រឿង ពីការប្រកួតពានរង្វាន់បញ្ញាវ័ន្តពិភពលោកឆ្នាំ២០២៣ ក្នុងវគ្គ Global Round ដែលត្រូវបានរៀបចំឡើងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅថ្មីៗការនេះ។
មេដាយដែលទទួលបានរួមមានមេដាយមាសចំនួន ៤៧គ្រឿង និងមេដាយប្រាក់ចំនួន ៦៥គ្រឿង ហើយជាពិសេសប្អូនៗសិស្សានុសិស្សទាំង ២៨រូបខាងលើនេះ ត្រូវបានជ្រើសរើសឱ្យទៅបន្តការប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ The Tournament of Champions ជាបន្តទៀត ដែលនឹងរៀបចំឡើងនាដើមខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យយ៉េល សហរដ្ឋអាមេរិក។
គណៈគ្រប់គ្រងសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ពិតជាមានមោទនភាពយ៉ាងខ្លាំង និងសូមកោត សាលាសរសើរអបអរសាទរចំពោះប្អូនៗគ្រប់គ្នា ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ និងត្រៀមខ្លួនបានល្អប្រសើរក្នុងការប្រកួតរហូតដល់នាំយកនូវភាពជោគជ័យដ៏ត្រចះត្រចង់នៅពេលនេះ។
ទន្ទឹមគ្នានេះ សាលាក៏សូមបន្តជំរុញលើកទឹកចិត្តដល់ប្អូនៗគ្រប់រូប បន្តការខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត និងត្រូវឆក់យកឱកាសនៃការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅសាកលវិទ្យាល័យយ៉េល សហរដ្ឋអាមេរិក ដើម្បីបង្ហាញសក្តានុពលរបស់សិស្សានុសិស្សកម្ពុជា ជាពិសេសសិស្សសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ លើឆាកអន្តរជាតិ ហើយបន្តសិក្សាស្វែងយល់ចំណេះដឹងថ្មីៗ មកអភិវឌ្ឍសមត្ថភាពឱ្យកាន់តែប្រសើរឡើងនាពេលអនាគត។
គួរបញ្ជាក់ផងដែរថា កម្មវិធីប្រកួតពានរង្វាន់បញ្ញាវ័ន្តពិភពលោក - World Scholar's Cup ជាកម្មវិធីប្រកួតចំណេះដឹងកម្រិតពិភពលោក ដែលត្រូវបានគេប្រារព្ធឡើងជារៀងរាល់ឆ្នាំ។ ដោយឡែកការប្រកួតពានរង្វាន់បញ្ញាវ័ន្តពិភពលោកវគ្គ Global Round នៅទីក្រុងសេអ៊ូលនេះ មានសិស្សានុសិស្សចូលរួមប្រកួតប្រមាណ ២,២០០នាក់ មកពី ៣០ប្រទេសជុំវិញពិភពលោក៕