(បាងកក)៖ លោក Wan Muhammad-Noor Matha ប្រធានរដ្ឋសភាជាតិថៃ (រដ្ឋសភា និងព្រឹទ្ធសភា) បានថ្លែងអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចជោតេជា ហ៊ុន សែន ជាប្រធានគណបក្ស បានឈ្នះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ យ៉ាងច្រើន សម្រាប់និតីកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

តាមលទ្ធផលបណ្ដោះអាសន្ន បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា បាននាំមុខនៅក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដោយអាចនឹងគ្រប់គ្រងអាសនៈចំនួន១២០ នៅក្នុងរដ្ឋសភា ខណៈដែលគណបក្សហ៊្វុនស៊ិនប៉ិច អាចនឹងទទួលបាន៥អាសនៈផងដែរ។

លោក Wan Muhammad-Noor Matha បានលើកឡើងយ៉ាងដូច្នេះ នៅយប់ថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០២៣ នាឱកាសដែលលោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញទៅចូលរួម ដោយមានប្រតិភូថ្នាក់ដឹកនាំឥស្លាមកម្ពុជា ចំនួន៥រូបអមដំណើរ ក្នុងពិធីអបអរសាទរ លោក Wan Muhammad-Noor Matha ដែលទទួលបានតំណែង ជាប្រធានរដ្ឋសភាជាតិថៃ នៅសណ្ឋាគារ Al-Meroz រាជធានីបាងកក ប្រទេសថៃ។

ដែលពិធីនេះ ត្រូវបានរៀបចំ ដោយគណៈដឹកនាំជាន់ខ្ពស់ឥស្លាមថៃ (សៃខុលឥស្លាម) ដែលមានអ្នកអញ្ជើញចូលរួមមកពីស្ថាប័នតាមបណ្តាខេត្តផ្សេងៗគ្នា និងមានសមាជិកសភាថៃ នៃគ្រប់ចម្រុះគណបក្សនយោបាយថៃ សមាជិកព្រឹទ្ធសភា ក្នុងនោះមកពីភាគខាងត្បូងនៃប្រទេសថៃ មន្ត្រីជាន់ខ្ពស់នៅតាមក្រសួង-ស្ថាប័ន ឯកអគ្គរដ្ឋទូត-រាជទូត និងតំណាងស្ថានទូតមុស្លិម នៅប្រទេសថៃ និងតំណាងពីស្ថានទូតមុស្លិម នៅប្រទេសថៃ។

ក្នុងពិធីនេះដែរ លោក Surin Palarae សមាជិករដ្ឋសភាថៃ និងជាគណៈដឹកនាំជាន់ខ្ពស់ឥស្លាមថៃ បានកោតសរសើរដល់ការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់លើប្រជាជនទូទៅគ្រប់ជាតិសាសន៍ និងសាសនា ជាពិសេសការគាំពារអត់ឱន សាសនិកឥស្លាមនៅកម្ពុជា ដែលជាគំរូដល់ថ្នាក់ដឹកនាំប្រទេសដទៃទៀតដែលធ្វើមិនទាន់បាន និងបានដឹកនាំប្រទសកម្ពុជា ដោយសុខសន្តិភាព ធ្វើឱ្យមានការរីកចម្រើនលូតលាស់ លើគ្រប់វិស័យ ដោយឥតឈប់ឈរ។

សូមបញ្ជាក់ថា លោក Wan Muhamad Noor Matha ជាអ្នកនយោបាយមុស្លិមថៃ និងជាមេដឹកនាំគណបក្សប្រាឆាឆាត (គណបក្សប្រជាជាតិ) ត្រូវបានតែងតាំងជាប្រធានរដ្ឋសភារបស់ថៃជាផ្លូវការ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ខណៈរូបលោក គឺជាបេក្ខជនតែម្នាក់គត់សម្រាប់តំណែងមួយនេះ។

នេះជាលើកទី២ ហើយដែលលោកបណ្ឌិត អូស្មាន ហាស្សាន់ បានអញ្ជើញទៅចូលរួមពិធីអបអរសាទរ លោក Wan Muhamad Noor Matha ដោយនៅលើកទី១ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ដែលពិធីនេះរៀបចំដោយ មជ្ឈមណ្ឌលឥស្លាមថ្ងៃ៕