Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អត្តពលិកកម្ពុជា កំពុងប្រឹងប្រែងហ្វឹកហាត់ ត្រៀមប្រកួតកីឡា Olympic Games ក្នុងរយៈពេល ៤ថ្ងៃខាងមុខ

01-08-2016 10:13

(ភ្នំពេញ)៖ បើគិតត្រឹមថ្ងៃទី០១ ខែសីហានេះ នៅសល់រយៈពេល ៤ថ្ងៃទៀតប៉ុណ្ណោះ ការប្រកួតកីឡាអូឡាំពិក Olympic Games លើកទី៣១ នៅទីក្រុង Rio ប្រទេសប្រេស៊ីលនឹងចាប់ផ្ដើមហើយ ខណៈពេលនេះកីឡាករ-កីឡាការិនីជម្រើស ជាតិកម្ពុជាទាំង ៦រូប បានកំពុងពង្រឹងការហ្វឹកហាត់ ដើម្បីត្រៀមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ពិភពលោក ដែលតែង ធ្វើឡើងជារៀងរាល់ ៤ឆ្នាំម្ដង។

គួរបញ្ជាក់ផងដែរថា ក្រុមប្រតិភូ គ្រូបង្វឹក និងអត្តពលិកកម្ពុជា បានធ្វើដំណើរទៅដល់ទីក្រុង Rio ប្រទេសប្រេស៊ីល កាលពីយប់ថ្ងៃទី៣០ ខែកក្កដា ចុងសប្ដាហ៍មុន។ បន្ទាប់ពីទៅដល់លោក វ៉ាត់ ចំរើន នាយកបេសកកម្មបានឲ្យដឹងថា អត្តពលិកទាំងអស់មានសុខភាពល្អធម្មតាទេ ហើយបានរៀបចំការហ្វឹកហាត់នៅថ្ងៃបន្ទាប់ ដើម្បីផ្សាំនឹងអាកាសធាតុ កម្រិត ១៥អង្សា ទៅ ២០អង្សា ក៏ដូចជាផ្សាំទីលានប្រកួតដែរ។

សូមរំឮកថា បេក្ខជនត្រៀមប្រកួត Olympic Games លើកទី៣១នេះ រួមមានកីឡាហែលទឹក ២រូប គឺកីឡាករ ពូ សុវិជ្ជា និងកីឡាការិនី ហែមថុន វិទីនី។ កីឡាអត្តពលកម្ម ២រូប មានកីឡាករ នីកូ និងកីឡាការិនី លី ណារី។ កីឡាចំបាប់ម្នាក់ គឺកីឡាការិនី ចូវ សុធារ៉ា ប៉ុន្ដែអ្វីដែលពិសេស គឺកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ដែលជាបេក្ខជនកម្ពុជាម្នាក់គត់ ទទួលបានសិទ្ធិពេញលេញចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍នេះ៕