(ភ្នំពេញ)៖ គណៈកម្មាធិការសម្របសម្រួលកម្ពុជា ហៅកាត់ថា ស៊ីកុក ដែលជាសម្ព័ន្ធអង្គការ-សមាគមខ្មែរមិនមែនរដ្ឋាភិបាល ដែលបានបញ្ជូនបុគ្គលិកចំនួន ៥៥៥នាក់ (ស្រី ២៧៦នាក់) និងអ្នកសង្កេត ការចល័ត ០៩នាក់ (ស្រី ០៣នាក់) ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ បានអះអាងថា ការបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូន ក្នុងបរិយាកាសល្អប្រសើរ ចាប់តាំងពីការចាប់ផ្ដើមបើកការិយាល័យបោះឆ្នោត រហូតដល់ការបិទបញ្ចប់ការិយាល័យបោះឆ្នោត។

តាមរយៈសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ គណៈកម្មាធិការសម្របសម្រួលកម្ពុជា បានអះអាងយ៉ាងដូច្នេះថា៖ «រួមសង្កេតការណ៍ការបោះឆ្នោតក្នុងនាមជាអ្នកសង្កេតការណ៍ជាតិ នៅតាមការិយាល័យបោះឆ្នោតចំនួន រាជធានី-ខេត្ត-ក្រុង (លេខការិយាល័យ) ក្នុងមណ្ឌលចំនួន ២៥៥៥ (មណ្ឌល) ក្នុងរាជធានី-ខេត្ត។ ដោយឈរលើមូលដ្ឋាន ឯករាជ្យ ប្រជាធិបតេយ្យ និងអព្យាក្រឹត្យ ក្រុមអ្នកសង្កេតការណ៍ជាតិរបស់ គណៈកម្មាធិការសម្របសម្រួលកម្ពុជា (ស៊ីកុក)បានសង្កេតឃើញថា៖

មានគណបក្សនយោបាយចំនួន ១៨នៅទូទាំងប្រទេស បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នេះ។

ជាទូទៅដំណើរការនៃការបោះឆ្នោត បានប្រព្រឹត្តទៅដោយរលូន ក្នុងបរិយាកាសល្អប្រសើរ ចាប់តាំងពីការចាប់ផ្ដើមបើកការិយាល័យបោះឆ្នោត រហូតដល់ការបិទបញ្ចប់ការិយាល័យបោះឆ្នោត។ អង្គបោះឆ្នោត បានចូលរួមសម្ដែងឆន្ទៈជ្រើសរើសគណបក្សនយោបាយដែលខ្លួនពេញចិត្ត តាមរយៈសន្លឹកឆ្នោតរបស់ខ្លួន ដោយសេរី និងសម្ងាត់។

ក៏ច្ចដំណើរការរាប់សន្លឹកឆ្នោត គឺបានប្រព្រឹត្តទៅដោយសុក្រឹត និងមានតម្លាភាព ដោយមានវត្តមាន ភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ និងអ្នកសារព័ត៌មាន បានចូលរួម សង្កេតការណ៍។ ភ្នាក់ងារគណបក្សនយោបាយបានប្រើប្រាស់សិទ្ធិរបស់ខ្លួន ដោយចូលរួមពិភាក្សា និង ស្វែងរកដំណោះស្រាយពាក់ព័ន្ធភាពមិនប្រក្រតីដែលបានកើតឡើង ដោយផ្អែកតាមនីតិវិធីរបស់គ.ជ.ប។

តាមការពិនិត្យជាក់ស្ដែងទៅលើទិដ្ឋភាពទូទៅ នៃដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត នីតិកាលទី៧ ឆ្នាំ២០២៣ នេះ ក្រុមអ្នកសង្កេតការណ៍ជាតិនៃ គណៈកម្មាធិការសម្របសម្រួលកម្ពុជា (ស៊ីកុក) សូមធ្វើការវាយតម្លៃខ្ពស់ចំពោះដំណើរការនៃបោះឆ្នោតនេះថា បានប្រព្រឹត្តទៅដោយរលូន មានភាពត្រឹមត្រូវ តម្លាភាព ក្នុងបរិយាកាសសេរី និងយុត្តិធម៌ ព្រមទាំងមានសណ្តាប់ធ្នាប់ល្អ។ គណៈកម្មាធិការសម្របសម្រួលកម្ពុជា (ស៊ីកុក) សូមប្រកាសគាំទ្រដំណើរការនៃបោះឆ្នោត ដែលរៀបចំឡើងដោយស្ថាប័នឯករាជ្យ គ.ជ.ប នេះ»៕