(ភ្នំពេញ)៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានផ្ញើសារជូនសិស្សានុសិស្សថ្នាក់ទី១២ កំពុងត្រៀមប្រឡងបាក់ឌុប ឲ្យខិតខំរៀនសូត្រក្នុងថ្នាក់ និងធ្វើស្វ័យសិក្សាបន្ថែម ព្រមទាំងស្តាប់ដំបូន្មានរបស់មាតាបិតា។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក រស់ សុវាចា បានបញ្ជាក់ថា លោកសូមគោរពផ្ញើសារជូនសិស្សានុសិស្សថ្នាក់ទី១២ កំពុងត្រៀមប្រឡងបាក់ឌុបនាថ្ងៃទី០៦-០៧ វិច្ឆិកា ២០២៣, មាតាបិតា និងគ្រប់ភាគីពាក់ព័ន្ធដូចខាងក្រោម៖
១៖ សូមសិស្សានុសិស្សថ្នាក់ទី១២ កំពុងត្រៀមប្រឡងបាក់ឌុប៖
* បន្តការត្រៀមខ្លួនប្រឡងតាមផែនការបុគ្គលដោយខិតខំរៀនសូត្រក្នុងថ្នាក់ និងធ្វើស្វ័យសិក្សាបន្ថែម ព្រមទាំងស្តាប់ដំបូន្មានរបស់មាតាបិតា
* បន្តថែទាំសុខភាពដោយញាំឲ្យគ្រប់ គេងឲ្យគ្រាន់ ទឹកឲ្យក្រែល
* បន្តគោរពច្បាប់ចរាចរណ៍, និងចៀសវាងការប្រើប្រាស់ថ្នាំញៀនខុសច្បាប់ និងបារីគ្រប់ប្រភេទ ដើម្បីរក្សាសុខភាព និងអាយុជីវិត
* បន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
២៖ សូមមាតាបិតាមេត្តា៖
* បន្តជួយដំណើរការរៀនសូត្រ និងការរៀនត្រៀមប្រឡងបាក់ឌុបរបស់កូនៗ ដែលទាមទារឲ្យបន្តមានការជួយជ្រោមជ្រែងពីមាតាបិតា
* បន្តលើកទឹកចិត្តជួយសិស្សានុសិស្សឲ្យអនុវត្តន៍លំហាត់ និងរៀនបន្ថែមនៅផ្ទះ
ក្រសួងអប់រំ យុវជន និងកីឡា សូមគោរពថ្លែងអំណរគុណ ជូនចំពោះបុគ្គលិកអប់រំ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ មាតាបិតា សិស្សានុសិស្ស និងគ្រប់ភាគីពាក់ព័ន្ធ ដែលបាននិងបន្តចូលរួមលើកកម្ពស់ការបង្រៀន រៀន និងបានចូលរួមគាំទ្រដំណើរការប្រឡងបាក់ឌុប គ្រប់ដំណាក់កាល៕