(ពោធិ៍សាត់)៖ លោក ស៊ុយ សែម ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ បានចេញលិខិតថ្លែងអំណរគុណ ដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដា្ឋន
ក្នុងខេត្តពោធិ៍សាត់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការដណ្ដើមជោគជ័យដ៏ត្រចះត្រចង់ ជូនគណបក្សក្នុងយុទ្ធនាការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងនេះ។ នេះបើតាមលិខិតថ្លែងអំណរគុណ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។
ក្នុងលិខិតថ្លែងអំណរគុណ បានសរសេរថា «តាងនាមថ្នាក់ដឹកនាំក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណដ៏ស្មោះចំពោះ លោក-លោកស្រី ប្រធាន អនុប្រធានក្រុមការងារក្រុង ស្រុក ឃុំ និងសមាជិក សមាជិកា ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋាន ក្រុង ស្រុកទាំងអស់ក្នុងខេត្តពោធិ៍សាត់ ដែលបានបូជាកំលាំងកាយចិត្តដឹកនាំ និងចូលរួមយ៉ាងសកម្មក្នុងការដណ្ដើមជោគជ័យដ៏ត្រចះត្រចង់ជូនគណបក្សក្នុងយុទ្ធនាការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងនេះ។
ខ្ញុំសូមវាយតម្លៃខ្ពស់ និងកោតសសើរដោយស្មោះចំពោះទឹកចិត្ត និងស្មារតីទទួលខុសត្រូវខ្ពស់របស់ លោក លោកស្រី សមាជិក សមាជិកា ក្រុមការងារទាំងអស់ក្នុងការបំពេញតួនាទីភារកិច្ចដើម្បីបុព្វហេតុបក្ស និងប្រជាជនរបស់យើង។ ស្នាដៃ និងលទ្ធផលនៃការខិតខំទាំងអស់របស់ លោក លោកស្រី នឹងត្រូវបានកត់ត្រាទុកជាប្រវត្តិសាស្ត្រនៃជោគជ័យរបស់គណបក្សប្រជាជនកម្ពុជានៅខេត្ត
ពោធិ៍សាត់របស់យើង។
ទន្ទឹមនឹងនេះ ខ្ញុំសូមថ្លែងអំណរគុណកោតសរសើរ និងដឹងគុណដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះប្រជាជននៃខេត្តពោធិ៍សាត់ទាំងមូលដែលបាននាំគ្នាយ៉ាងច្រើនកុះកររហូតដល់ជាង ៨៧% ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលធ្វើឲ្យសន្លឹកឆ្នោតបានការគាំទ្រគណបក្សប្រជាជនកម្ពុជា រហូតដល់ជាង៩០%។
លទ្ធផលដ៏ត្រចះត្រចង់នេះបង្ហាញឱ្យឃើញថាបងប្អូនពិតជាស្រលាញ់សន្តិភាព ចង់បានការអភិវឌ្ឍ និងការការពារសង្គមពីរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី និងលោកបណ្ឌិត ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីបន្តវេនយ៉ាងពិតប្រាកដ ។
ជាថ្មីម្ដងទៀតខ្ញុំសូមយកឱកាសនេះគោរពជូនពរ លោក លោកស្រី សមាជិក សមាជិកាក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋាន ស្រុក ក្រុង ទាំងអស់ និងបងប្អូនប្រជាជនទាំងអស់ក្នុងខេត្តពោធិ៍សាត់ សូមប្រកបដោយពុទ្ធពរនិងពរប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបី ឃ្លៀងឃ្លាតឡើយ»៕