(ភ្នំពេញ)៖ វេទិកាសន្តិភាពកម្ពុជា នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសេចក្តីថ្លែងការណ៍គាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និងបានចូលរួមអបអរសាទរនូវជ័យជំនះនាំមុខរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ និងឆ្លាតវៃរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងព្រឹត្តិការណ៍បោះឆ្នោតសភាជាតិ នីតិកាលទី៧ កន្លងនេះ។
ជ័យជំនះនៃការនាំមុខរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតប្រកួតប្រជែងជាមួយនឹងគណបក្សចំនួន១៧ ទៀត ក្នុងនីតិកាលទី៧នេះ បានបង្ហាញថា ប្រជាជនកម្ពុជា ដែលរស់នៅក្រោមដំបូលសន្តិភាព ពេញចិត្ត ជឿជាក់ គោរពស្រលាញ់ និងគាំទ្រ សម្ដេចតេជោ ហ៊ុន សែន ពេញទំហឹង ហើយពួកគាត់បានបោះ ឆនោតដើម្បីសន្តិភាព និងរងចាំបន្តទទួលនូវការអភិវឌ្ឍ នៅក្រោមម្លប់សន្តិភាពនៃសម្តេចតេជោ ហ៊ុន សែន អគ្គមគ្គុទ្ទេសក៍សន្តិភាពនៃកម្ពុជា។
វេទិកាសន្តិភាពកម្ពុជា បានសង្កេតឃើញអំពីដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នេះ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងសម្ងាត់ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស លិខិតបទដ្ឋានគតិយុត្តនានារបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ពិសេសស្របតាម រដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលមានគណបក្សនយោបាយជាច្រើន បង្ហាញជំហរជឿជាក់លើ គ.ជ.ប បានចូលរួមធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីប្រកួតប្រជែងយ៉ាងរលូន ដែលមានគ្រប់ភាគីពាក់ព័ន្ធចូលរួមតាមដានសង្កេតមើលការបោះឆ្នោត យ៉ាងច្រើនកុះករ ក្នុងនោះរួមមាន អ្នកសង្កេត ការណ៍ជាតិ និងអន្ដរជាតិ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក៏ដូចជាសមាគម អង្គការក្រៅរដ្ឋាភិបាល ព្រមទាំងអ្នកសង្កេតការណ៍មកពីគណបក្សនយោបាយ ហើយបរិយាកាសនៃការបោះឆ្នោត គឺប្រព្រឹត្តទៅដោយសន្តិសុខ សុវត្ថិភាព មានសណ្តាប់ធ្នាប់ល្អ មិនមានអំពើហិង្សា ឬការគំរាមកំហែងណាមួយកើតឡើងនោះឡើយ។
វេទិកាសន្តិភាពកម្ពុជា យល់ឃើញថាទិន្នន័យជាបឋមរបស់ គ.ជ.ប ចំនួនប្រជាពលរដ្ឋដែលបានចេញទៅបោះឆ្នោតមានរហូតដល់ទៅ ៨,២១៣,២៦០ នាក់ ស្មើនឹង ៨៤.៥៨% ដែលលើសពីអត្រាអ្នកចូលរួមបោះឆ្នោត ថ្នាក់ជាតិ ចំនួនបួនលើកកន្លងមក ចាប់តាំងពីឆ្នាំ២០០៣ ហើយបានឆ្លុះបញ្ចាំងពីការជឿទុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងដំណើរការបោះឆ្នោត និងបង្ហាញយ៉ាងច្បាស់នូវភាពរស់រវើក នៃលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាចាប់ពី ឆ្នាំ១៩៩៣ ដល់ ឆ្នាំ២០២៣ ចំណុចទាំងនេះគឺជាភស្តុតាងយ៉ាងរឹងមាំដែលអាចបញ្ជាក់ថា ប្រជាពលរដ្ឋពិតជាបានយល់ដឹង កាន់តែច្បាស់អំពីតម្លៃនៃការបោះឆ្នោត ដែលសន្លឹកឆ្នោតមួយសន្លឹករបស់ប្រជាពលរដ្ឋអាចផ្ដល់មកវិញនូវសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ៕