(ភ្នំពេញ)៖ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានថ្លែងបញ្ជាក់ថា វត្តមានរបស់គណៈប្រតិភូ ក្នុងដំណើរការចូលរួមសង្កេតការបោះឆ្នោតនៅកម្ពុជា បានចូលរួមចំណែកយ៉ាងធំធេង និងបានវាយតម្លៃប្រកបដោយភាពយុត្តិធម៌ដល់ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងជាការបន្តពូនជ្រុំលើកកម្ពស់ទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រជាជាតិនានាលើសកលលោក ដែលនេះជាការអនុវត្តនូវស្មារតីដ៏មុះមុតរវាង ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ គ្រប់វិសយ័របស់រដ្ឋ។
លោក សួស យ៉ារ៉ា បានលើកឡើងយ៉ាងដូចនេះ ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា ពីថ្ងៃទី២០ ដល់ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៣ នាឱកាសដែលលោកបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារពីគណៈប្រតិភូអន្តរជាតិជាអតីតមេដឹកនាំ អតីតប្រធានាធិបតី ថា្នក់ដឹកនាំសភាក្នុងតំណែង អ្នកការទូត និងតំណាងស្ថាប័នផ្សេងៗជាច្រើនរូប ខណៈពេលនៃការបំពេញទស្សនកិច្ចចូលរួមសង្កេតការការបោះឆ្នោតនៅកម្ពុជា។
បន្ថែមពីនេះលោក សួស យ៉ារ៉ា ក៏បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកសង្កេតការណ៍អន្តរជាតិ ដែលបានចូលរួមចំណែក និងគាំទ្រ ដោយបានធ្វើការវាយតម្លៃយ៉ាងសុក្រឹតនៃដំណើរការនៃការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតនៅក្នុងប្រទេសកម្ពុជា។ ជាការពិតណាស់សន្តិភាពទទួលបាននាពេលនេះគឺបានមកដោយលំបាក ដូចនេះបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាគឺសន្តិភាព សម្រាប់ការអភិវឌ្ឍ សុខមាលភាព ជីវភាព និងផលប្រយោជន៍របស់ប្រជាជន។
សូមបញ្ជាក់ផងដែរថា អ្នកសង្កេតការណ៍អន្តរជាតិដែលបានថ្លែងក្នុងសន្និសីទសារព័ត៌មាន នាល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានបង្ហាញការយល់ឃើញថា ប្រព័ន្ធនយោបាយពហុបក្សនៅកម្ពុជា គឺជាមូលដ្ឋាននៃសន្តិភាពនិងការអភិវឌ្ឍន៍។ អ្នកសង្កេតការណ៍អន្តរជាតិទាំងអស់ខាងលើ បានធ្វើការសន្និដ្ឋានថា ការបោះឆ្នោតនៅកម្ពុជាគឺបានប្រព្រឹត្តទៅប្រកបដោយសេរី យុត្តិធម៌ និងតម្លាភាព។ លទ្ធផលនៃការបោះឆ្នោតនេះឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដរបស់ប្រជាជនកម្ពុជា ដែលមានជំនឿទុកចិត្តលើប្រព័ន្ធនយោបាយពហុបក្ស៕