(កំពង់ស្ពឺ)៖ ពិតជាមិនធម្មតា សង្កាត់វាលពង់ដែលមានលោក លី ច័ន្ទតុលា ប្រធានគណៈមេធាវី និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ មានប្រជាពលរដ្ឋក្នុងបញ្ជីបោះឆ្នោត គ.ជ.ប ចំនួន ១០៨២៥នាក់ បានអញ្ជើញទៅបោះឆ្នោតចំនួន ១០២៤១នាក់ ដោយគិតជាភាគរយមានដល់ទៅ ៩៤.៦១% ខណៈអត្រាវត្តមានទៅបោះឆ្នោតជាមធ្យមទូទាំងប្រទេសមានចំនួន ៨៤.៥៨%។ សន្លឹកឆ្នោតមិនបានការនៅសង្កាត់វាលពង់ មានចំនួនត្រឹមតែ ២២៧សម្លេងតែប៉ុណ្ណោះ។
ក្នុងចំណោមសន្លឹកឆ្នោតបានការចំនួន ១០០១៤ សន្លឹកមាន ៩៤១៩សន្លឹក ត្រូវជា ៩៤.០៦% បានគូសជូនគណបក្សប្រជាជនកម្ពុជា។ បើតាមលទ្ធផលបឋមរបស់ គ.ជ.ប និងតាមការផ្ទៀងផ្ទាត់ជាបណ្តោះអាសន្នរបស់ក្រុមការងារគណបក្ស បានបង្ហាញថា ឃុំវាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺនេះ ជាឃុំជាប់លេខ១ ដែលប្រជាពលរដ្ឋទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
នេះជាតួលេខដ៏អស្ចារ្យមួយដែលអ្នកសង្កាត់វាលពង់ទាំងមូល រួមទាំងអាជ្ញាធរមូលដ្ឋាន និងក្រុមការងារចុះជួយសង្កាត់វាលពង់ អាចមានមោទនភាពបានព្រោះថា ក្នុងចំណោមឃុំសង្កាត់ទាំង៨៨ នៃខេត្តកំពង់ស្ពឺ សង្កាត់វាលពង់ បានទទួលចំណាត់ថ្នាក់លេខ១ ដែលមានការគាំទ្រគណបក្សប្រជាជនកម្ពុជាច្រើនជាងគេបំផុតប្រចាំខេត្តកំពង់ស្ពឺ។
គួរកត់សម្គាល់ថា បើតាមលទ្ធផលបឋមរបស់ គ.ជ.ប ក្នុងចំណោមឃុំសង្កាត់ទាំង ១៦៥២ របស់ព្រះរាជាណាចក្រកម្ពុជា មានតែឃុំសង្កាត់ចំនួន ៣៩ឃុំសង្កាត់ប៉ុណ្ណោះ ដែលបានទទួលលទ្ធផលចំនួន៩៤%ឡើង។ ក្នុងចំណោម ឃុំសង្កាត់ទាំង ៣៩នេះ មានតែសង្កាត់វាលពង់មួយប៉ុណ្ណោះ ដែលមានអង្គបោះឆ្នោតដល់ទៅ ១០៨២៥នាក់។
ឃុំដែលមានអង្គបោះឆ្នោតច្រើនបន្ទាប់នោះ គឺឃុំស្រែស្តុក ក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលមានអង្គបោះឆ្នោតចំនួន ៧៤៨០នាក់។ អាចនិយាយម្យ៉ាងទៀតបានថា សង្កាត់វាលពង់ ជាសង្កាត់ដែលបានចំណាត់ថ្នាក់លេខ១ទូទាំងប្រទេស ដែលមានការគាំទ្រគណបក្សប្រជាជនកម្ពុជាច្រើនជាងគេបំផុត ក្នុងចំណោមឃុំសង្កាត់ធំៗទាំងអស់ នៃព្រះរាជាណាចក្រកម្ពុជា។
សង្កាត់វាលពង់ ស្ថិតនៅក្នុងក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ មាន ២៧ភូមិ និងមានការិយាល័យបោះឆ្នោតចំនួន ២៨។ សង្កាត់នេះមាន ១៣ភូមិដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាចំនួន ៩៥% ដល់ ៩៨,៨៨% មាន១២ភូមិ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាចន្លោះពី ៩០% ទៅ ៩៥% និងមានតែ ២ភូមិតែប៉ុណ្ណោះ ដែលមានភាគរយគាំទ្រគណបក្សប្រជាជនកម្ពុជាចំនួន៨៨%។
សង្កាត់វាលពង់មានចៅសង្កាត់គឺលោក ម៉ា រស់ និងមានលោក លី ច័ន្ទតុលា ប្រធានគណៈមេធាវី និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយសង្កាត់វាលពង់ ក្រោមការដឹកនាំនិងចង្អុលបង្ហាញពីលោក ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ។ អបអរសាទរ សង្កាត់វាលពង់! អបអរសាទរ ខេត្តកំពង់ស្ពឺ៕