(ភ្នំពេញ)៖ គណបក្សសង្រ្គោះជាតិ បានប្រកាសថា ខ្លួននឹងរៀបចំលិខិតចំនួន២ ទៅកាន់គណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) និងក្រសួងការងារ ដើម្បីឱ្យសម្រួលដល់ការចុះឈ្មោះបោះឆ្នោត របស់កម្មករ។ CNRP នឹងដាក់សំណើឱ្យមន្រ្តីគ.ជ.បធ្វើការ២ថ្ងៃ នៅក្នុងថ្ងៃឈប់សម្រាកសម្រាប់បុណ្យភ្ជុំបិណ្យ៣ថ្ងៃ ដើម្បីចុះឈ្មោះដល់កម្មករ ដែលទៅលេងស្រុកកំណើត។
នៅក្នុងសន្និសីទកាសែត កាលពីម្សិលមិញ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង បានអះអាងថា នៅពេលបុណ្យភ្ជុំបិណ្យថៅកែបានឱ្យកម្មករសម្រាក ហើយកម្មករទាំងនោះទៅកាន់ស្រុកកំណើត ដូច្នេះបើមន្រ្តីឈប់សម្រាកថ្ងៃនោះដែរ កម្មករនឹងពិបាកក្នុងការចុះឈ្មោះ។
លោកថា «យើងស្នើសុំពិនិត្យលទ្ធភាព ឱ្យក្រុមចុះឈ្មោះនោះ កុំឈប់ទាំង៣ថ្ងៃ គឺអាចឈប់ត្រឹម១ថ្ងៃបានហើយគឺថ្ងៃភ្ជុំធំ ហើយ២ថ្ងៃទៀត គឺត្រូវធ្វើការធម្មតា ព្រោះការចុះឈ្មោះនេះ ជាពេលវេលាពិសេស ដើម្បីទុកលទ្ធភាព ដែលលោកទៅលេងស្រុកហ្នឹង បានចុះនៅពេលនោះ»។
ទោះជាយ៉ាងណា Fresh News មិនទាន់អាចទាក់ទង លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បាននៅឡើយទេនៅព្រឹកថ្ងៃចន្ទនេះ។
សូមបញ្ជាក់ថា គ.ជ.ប បានប្រកាសអំពី ការចុះឈ្មោះបោះឆ្នោតថ្មី សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ នៅតាមសាលាឃុំ សង្កាត់ និងតាមភូមិមួយចំនួន ក្នុងឃុំ សង្កាត់ ដែលបើកធ្វើការជារៀងរាល់ថ្ងៃ (ក្នុងម៉ោងធ្វើការ) គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ៕