(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានផ្ញើសារសំឡេងពិសេសផ្ញើជូនបងប្អូនជាកម្មករ កម្មការិនីទាំងអស់ ជុំវិញការលើកពេលនៃការបន្តចុះជួបសំណេះសំណាល ជាមួយបងប្អូន ក្រោយការបោះឆ្នោត។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចធ្លាប់បានសន្យាថាក្រោយការបោះឆ្នោតចាប់ពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣តទៅ សម្តេចនឹងបន្តចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីនៅតាមបណ្តារោងចក្រសហគ្រាស ចំនួន១០ទីតាំងទៀត នៅក្រោយបោះឆ្នោ។ ប៉ុន្តែដោយសារតែកត្តាពេលវេលា និងកត្តាទាក់ទងនឹងទិដ្ឋភាពនៃការរៀបចំរាជរដ្ឋាភិបាលថ្មី ការចុះជួបសំណេះសំណាលនេះ សម្តេចសូមការអធ្យាស្រ័យ ពីកម្មករ កម្មការិនីទាំងអស់ ដែលមានការអាក់ខានមិនបានទៅសួរសុខទុក្ខដូចតាមការសន្យា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅតែបន្តធ្វើដដែល ប៉ុន្តែត្រូវលើកពេលទៅក្រោយការបង្កើតរាជរដ្ឋាភិបាលថ្មី ព្រោះពេលនេះស្ថិតក្នុងដំណាក់កាល នៃរាជរដ្ឋាភិបាលចាំផ្ទះ។

សម្តេចបញ្ជាក់ទៀតថា​ «ខ្ញុំសូមបញ្ជាក់ដល់កម្មករ កម្មការិនីទាំងអស់ថា យើងនឹងជួបគ្នានៅក្រោយការបង្កើតរាជរដ្ឋាភិបាលថ្មី ដែលនឹងអាចមានលទ្ធភាពខ្ពស់បំផុត មាននាយករដ្ឋមន្ត្រីថ្មីនឹងទៅសួរសុខទុក្ខ ចំពោះកម្មករ កម្មការិនីរបស់យើង ជំនួសនាយករដ្ឋមន្ត្រីចាស់ ដែលនេះគឺជាលទ្ធភាពនៃការកើតឡើងនៃរាជរដ្ឋាភិបាលថ្មី ដែលមានទាំងនាយករដ្ឋមន្ត្រីថ្មី ហើយខ្ញុំក៏មិនទៅណាទេ ខ្ញុំនឹងបកស្រាយរឿងនេះ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ នៅក្នុងពេលសម្ពោធផ្លូវខ្សែក្រវាត់ក្រុងទី៣»។

ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន សុំឱ្យកម្មករកម្មការិនី មេត្តាយោគយល់ចំពោះការខកខានមិនបានជួបសំណេះសំណាល ដូចការសន្យា ប៉ុន្តែការជួបសំណេះសំណាល នៅតែបន្តក្រោយការរៀបចំរាជរដ្ឋាភិបាលថ្មី៕

 សូមស្តាប់ប្រសាស់សម្តេចតេជោ ហ៊ុន សែន៖

https://t.me/freshnewsasia/145170