(ឥណ្ឌូណេស៊ី)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយលោក John Lee Ka-chiu ប្រធានប្រតិបត្តិតំបន់រដ្ឋបាលពិសេសហុងកុង ។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរមតិលើការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចតំបន់ រួមទាំងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ព្រមទាំងចំណាប់អារម្មណ៍របស់ទីក្រុងហុងកុង ចូលក្នុង RCEP និងកិច្ចសហប្រតិបត្តិការមួយចំនួន ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងអាស៊ាន និងហុងកុង ជាពិសេស ក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ សេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់នៃច្រវាក់ផ្គត់ផ្គង់ជាដើម។

នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ដដែល លោក Mpetjane Kgaogelo Lekgoro ឯកអគ្គរដ្ឋទូតជ្រើសតាំងនៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូងប្រចាំអាស៊ាន បានជូនសារតាំងដល់លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។

នៅក្នុងពិធីជូនសាតាំងនោះ ភាគីទាំងពីរបានបង្ហាញពីការប្តេជ្ញាចិត្តធ្វើការជិតស្និទ្ធរួមគ្នា ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអាហ្វ្រិកខាងត្បូង ជាពិសេស នៅក្រោមភាពជាដៃគូសន្ទាតាមវិស័យអាស៊ាន-អាហ្វ្រិកខាងត្បូង នាពេលបច្ចុប្បន្ន។

ឆ្លៀតក្នុងឱកាសនោះដែរ លោកបណ្ឌិត កៅ គឹមហួន បានន្តជួបពិភាក្សាការងារជាមួយសាស្ត្រាចារ្យ Amitav Acharya មកពីមហាវិទ្យាល័យសេវាអន្តរជាតិ នៃសាកលវិទ្យាល័យ American University ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីការវិវត្តន៍នៅក្នុងតំបន់ និងពិភពលោក។

ដោយឡែកនៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ដដែល លោកបណ្ឌិត កៅ គឹមហួន បានទទួលជួបពិភាក្សាការងារជាមួយប្រធានគ្រប់គ្រងអង្គការ  Nahdlatul Ulama ដែលជាអង្គការអ៉ីស្លាមធំជាងគេបង្អស់ក្នុងប្រទេសឥណ្ឌូណេស៊ី។

នៅក្នុងជំនួបនោះ ភាគីទាំងពីរបានផ្លាស់ប្តូរមតិអំពីសារៈសំខាន់នៃការពង្រឹងសន្តិភាព ភាពសុខុដុម និងស្ថិរភាពនៅក្នុងតំបន់អាស៊ាន និងតំបន់ខាងក្រៅ ព្រមទាំងគម្រោងរៀបចំសន្និសីទកិច្ចសន្ទនាអន្តរ-វប្បធម៌ និងអន្តរ-សាសនា ដែលសំដៅគូសបញ្ជាក់ពីតួនាទីសំខាន់នៃការទូតដែលផ្អែកលើជំនឿ។ ជំនួបនេះបានធ្វើឡើងនៅលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី៕