(កៀវ)៖ ប្រតិបត្តិការវាយបករបស់អ៊ុយក្រែន ត្រូវបានរាយការណ៍ថាមានភាពយឺតយ៉ាវ ជាងការរំពឹងទុក ខណៈក្រុមអ្នកវិភាគខាងយោធាខ្លះព្រមានថា «ឱកាសល្អ» ដើម្បីវាយទម្លុះខ្សែការពារកងកម្លាំងរុស្ស៉ី និងដណ្ដើមយកទឹកដីមកវិញបន្ថែម អាចនឹងបាត់បង់ក្នុងពេលឆាប់ៗខាងមុខ។ ប្រតិបត្តិការវាយបករបស់អ៊ុយក្រែន បាន ចាប់ផ្ដើមធ្វើឡើងកាលពីខែមិថុនាកន្លងទៅ ប៉ុន្តែភាពរីកចម្រើនទៅមុខនៃប្រតិបត្តិការនេះបានធ្វើឱ្យអ្នកដែលសង្ឃឹមថាកងកម្លាំងអ៊ុយក្រែនអាចវាយដណ្ដើមបាន មកវិញយ៉ាងឆាប់រហ័សនូវទឹកដីដែលរុស្ស៉ីកំពុងកាន់កាប់ក្នុងតំបន់ភាគខាងត្បូង​ ន​ិងភាគខាងកើតនៃប្រទេសមានការខកចិត្តជាខ្លាំង។

ក្នុងពេលអ៊ុយក្រែនជាប់ដៃរៀបចំផែនការបើកប្រតិបត្តិការវាយបក ពេញមួយរដូវរងា និងរង់ចាំការបញ្ជូនអាវុធបន្ថែមពីលោកខាងលិច កងកម្លាំងរុស្ស៉ីឯណោះវិញ ក៏មិន ទំនេរដៃនោះដែរដោយពួកគេបានពង្រឹងខ្សែការពារនៅឯសមរភូមិមានប្រវែង ៩០០គីឡូម៉ែត្រ ដែលលាតសន្ធឹងចាប់ពីព្រំដែននៃតំបន់ខាកៀវ-លូហាន ក្នុងតំបន់ ភាគឦសាននៃប្រទេសអ៊ុយក្រែន ឆ្ពោះទៅកាន់តំបន់ខឺសុន នៅប៉ែកអាគ្នេយ៍។ បើតាមក្រុមអ្នកវិភាគខាងយោធា កងកម្លាំងអ៊ុយក្រែនបច្ចុប្បន្នកំពុងប្រឈមមុខនឹង ខ្សែការពារបន្តកន្ទុយគ្នារបស់រុស្ស៉ី ហើយនៅផ្នែកខ្លះខ្សែការពារមានជម្រៅដល់ទៅ៣០គីឡូម៉ែត្រ គួបផ្សំជាមួយចម្ការមីន បង្គោលប្រឆាំងរថក្រោះ លេណដ្ឋាន ព្រមទាំង បន្ទប់ក្រោមដីដែលត្រូវបានការពារដោយយន្ដហោះដ្រូន កាំភ្លើងធំ និងឧទ្ធម្ភាគចក្ររបស់រុស្ស៉ី។

បញ្ហាដ៏ធំមួយក្នុងចំណោមបញ្ហាធំៗរបស់អ៊ុយក្រែន នោះគឺ «ពេលវេលា» ដើម្បីវាយទម្លុះខ្សែការពាររុស្ស៉ី កាន់តែខើចទៅៗហើយ។ លោក Michael Clarke ជាអ្នកវិភាគ ខាងយោធា និងជាអតីតអគ្គនាយកនៃវិទ្យាស្ថាន Royal United Services Institute (RUSI) បាននិយាយថាវាពិតជាមានហានិភ័យមួយ នោះគឺដំណាក់កាលទី១នៃ ប្រតិបត្តិការវាយបកដែលមានគោលដៅធ្វើតេស្ដ និងស្វែងរកចំណុចខ្សោយនៃខ្សែការពាររបស់រុស្ស៉ី ត្រូវចំណាយពេលវេលាយូរពេក។

លោក Clarke បានបន្ថែមថា ជាទូទៅ ប្រតិបត្តិការវាយបកអាចចែកជា ២ដំណាក់កាល។ ដំណាក់កាលទី១ គឺជាការធ្វើតេស្ដក្នុងរយៈពេលខ្លី ដើម្បីស្វែងរកចំណុចខ្សោយ នៃខែ្សការពាររបស់សត្រូវ ហើយក្រោយមក ទើបចូលដល់ដំណាក់កាលទី២ ដែលត្រូវវាយសម្រុកយកតែម្ដង។ ប៉ុន្តែ បើតាមលោក Clarke សព្វថ្ងៃ អ៊ុយក្រែនកំពុងស្ថិត នៅក្នុងដំណាក់កាលទី១នៅឡើយ និងមានរយៈពេលយូរជាងការរំពឹងទុកទៅទៀត។ «ប្រសិនបើដំណាក់កាលទី១ ត្រូវចំណាយពេលយូរពេក នោះពួកគេ (អ៊ុយក្រែន) នឹងគ្មានពេលវេលាគ្រប់គ្រាន់ នៅមុនអាកាសធាតុផ្លាស់ប្ដូរ និងមុនដំណាក់កាលទី២ចាប់ផ្ដើម»។ នេះជាការកត់សម្គាល់របស់លោក Clarke។

សម្រាប់លោក Clarke ទោះបីជាលោកមិនចង់ឱ្យសេណារីយ៉ូបែបនេះកើតឡើងក៏ពិតមែន ប៉ុន្តែសម្ពាធពេលវេលាអាចនឹងបង្ខំឱ្យអ៊ុយក្រែនដាក់ពង្រាយអង្គភាពយោធា ដែលត្រៀមទុកប្រយុទ្ធក្នុងដំណាក់កាលទី២ នៃប្រតិបត្តិការវាយបក លឿនជាងផែនការ ហើយនេះគឺជារឿងដែលរុស្ស៉ីសង្ឃឹមបំផុត។ សម្ពាធពេលវេលាមួយដ៏ធំបំផុត សម្រាប់អ៊ុយក្រែន នោះគឺការផ្លាស់ប្ដូរអាកាសធាតុ តួយ៉ាងក្នុងរដូវមានភក់ជ្រាំ ដោយវាធ្វើឱ្យសណ្ឋានដីប្រែប្រួលដែលនឹងបង្កបញ្ហាស្មុគស្មាញបន្ថែមដល់ប្រតិបត្តិការ វាយបក។ នៅត្រង់ចំណុចនេះដែរ អ្នកជំនាញខាងព័ត៌មានសម្ងាត់យោធា និងជាប្រធានក្រុមហ៊ុនប្រឹក្សាយោបល់ Rochan Consulting លោក Konrad Muzyka បានលើកឡើងថាអាកាសធាតុតែងតែជាកត្តាដ៏សំខាន់ចំពោះអ៊ុយក្រែនជានិច្ច។ លោក Muzyka បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំគិតថាអ៊ុយក្រែនបានរំពឹងថា ប្រតិបត្តិការវាយបកអាចនឹងមានសន្ទុះគ្រប់គ្រាន់ ដើម្បីអនុញ្ញាតឱ្យពួកគេ បន្តវាយរុលទៅមុខនៅប៉ែកខាងត្បូងក្នុងល្បឿនមួយដ៏លឿន។ ប៉ុន្តែ គួរឱ្យស្ដាយ រឿងនេះ មិនបានកើតឡើងនោះទេ...ខ្ញុំគិតថាជារឿងពិតដែលត្រូវនិយាយថាចាប់ពីឥលូវទៅ អ៊ុយក្រែន នៅសល់ពេល៣ខែ មុននឹងពួកគេនឹងអស់គ្រាប់កាំភ្លើងធំ...ហើយពួកគេ មានរយៈពេល ៣ខែ ទម្រាំដីនឹងប្រែទៅជាភក់ម្ដងទៀត»។

គួរបញ្ជាក់ថា ក្រសួងការពារជាតិអ៊ុយក្រែន បានទទួលស្គាល់ថាកងកម្លាំងរបស់ខ្លួន បានវាយរំដោះបានទឹកដី ២១០គីឡូម៉ែត្រក្រឡា ចាប់តាំងពីខែមិថុនាមក។ បើតាម លោក Muzyka ការវាយប្រហាររបស់អ៊ុយក្រែនលើទីតាំងរបស់កងកម្លាំងរុស្ស៉ីពិតជាសម្រេចបានលទ្ធផល។ ប៉ុន្តែការរីកចម្រើនទៅមុខមានភាពយឺតយ៉ាវ ហើយអ៊ុយក្រែន ខ្លួនឯងក៏បានទទួលស្គាល់ដែរថាស្ថានការណ៍នៅសមរភូមិពិតជាលំបាកមែន និងមានភាពយឺតយ៉ាវជាការរំពឹង ពោលគឺយឺតជាងប្រតិបត្តិការវាយបកកាលពីឆ្នាំ២០២២ ជាពេលដែលកងកម្លាំងអ៊ុយក្រែនវាយដណ្ដើមបានទឹកដីមួយភាគធំក្នុងតំបន់ខាកៀវ និងតំបន់ខឺសុន លឿនដូចផ្លេកបន្ទោរ។

សម្ព័ន្ធមិត្តរបស់អ៊ុយក្រែន នៅតែអះអាងថា ពួកគេនឹងផ្ដល់ការគំាទ្រ ដរាបណាទីក្រុងកៀវនៅតែត្រូវការជំនួយ។ ដោយឡែក នៅពេលត្រូវបានសាកសួរដោយអ្នកសារព័ត៌មាន កាលពីថ្មីៗនេះថាតើប្រតិបត្តិការវាយបករបស់អ៊ុយក្រែន ពិតជាបរាជ័យដូចលោក ពូទីន អះអាងមែនឬទេ? នាយកសេនាធិការចម្រុះកងទ័ពអាមេរិក លោក Mark Milley បាននិយាយថាវាដូចជាលឿនពេកដែលត្រូវនិយាយពាក្យបរាជ័យ។ ប៉ុន្តែ ប្រតិបត្តិការវាយបករបស់អ៊ុយក្រែនស្ថិតក្នុងល្បឿនយឺតយ៉ាវដូចសព្វថ្ងៃ កំពុងបង្កឱ្យមានការបារម្ភថា សហរដ្ឋអាមេរិក និងលោកខាងលិចនឹងជម្រើសដ៏លំបាកនោះគឺត្រូវជំរុញឱ្យអ៊ុយក្រែនចរចាជាមួយរុស្ស៉ីបញ្ចប់សង្រ្គាមក្នុងឆ្នាំនេះ ឬក៏ត្រូវប្រថុយនឹងសង្រ្គាមដោយបើកចំហ ជាមួយរុស្ស៉ី៕