(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលការជួបសម្តែងការគួរសមពីសំណាក់លោក ឈាន ហុងសាន អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃបក្សកុម្មុយនីស្តចិន និងគណៈប្រតិភូ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង។
កិច្ចពិភាក្សាបានផ្ដោតលើប្រធានបទទ្វេភាគីជាច្រើន ដែលផ្តល់ប្រយោជន៍ទៅវិញទៅមក រួមមានការបោះឆ្នោតសកលនៅកម្ពុជា ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរ។
លោក ឈាន ហុងសាន បានអបអរសាទរកម្ពុជា ចំពោះភាពជោគជ័យនៃការរៀបចំការបោះឆ្នោត ដែលមានភាពរលូន មានសណ្ដាប់ធ្នាប់ សេរី យុត្តិធម៌ មានតម្លាភាព និងសន្តិវិធី ជាមួយនឹងអត្រាអ្នកចូលរួមបោះឆ្នោតខ្ពស់រហូតដល់ជាង៨៤%។ លោក បានកោតសរសើរចំពោះវឌ្ឍនភាពសេដ្ឋកិច្ចដ៏គួរឱ្យកត់សម្គាល់ របស់ព្រះរាជាណាចក្រកម្ពុជា ដែលស្តែងចេញតាមរយៈ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដ៏ល្អប្រសើរ។
លោក ប្រាក់ សុខុន បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រដល់អ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ រួមទាំងគណៈប្រតិភូចិន ចំពោះការវាយតម្លៃប្រកបដោយលក្ខណៈសត្យានុម័ត យុត្តិធម៌ និងមិនលំអៀង។ វត្តមានរបស់អ្នកសង្កេតការណ៍ទាំងនោះបានបង្ហាញពីសាមគ្គីភាពជាមួយប្រជាជន និងលទ្ធិប្រជាធិបតេយ្យដោយសន្តិវិធីនៅកម្ពុជា។ ការចូលរួមបោះឆ្នោត ក្នុងចំនួនច្រើនលើសលុបនេះបានគូសបញ្ជាក់អំពីសេរីភាព និងការអនុវត្តសិទ្ធិរដ្ឋធម្មនុញ្ញពេញលេញរបស់ប្រជាពលរដ្ឋ ក្នុងការបោះឆ្នោតជ្រើសរើសគណបក្សនយោបាយ និងថ្នាក់ដឹកនាំ ដែលខ្លួនជឿថាអាចដឹកនាំប្រទេសជាតិបានល្អបំផុតឈរលើមាគ៌ាសន្តិភាព ស្ថិរភាព និងវិបុលភាពសង្គម-សេដ្ឋកិច្ច។
ខណៈប្រទេសទាំងពីរកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូត និងឆ្នាំមិត្តភាព ក្នុងឆ្នាំនេះ លោកទាំងពីរបានសម្តែងការពេញចិត្តចំពោះសកម្មភាពអបអរដ៏សំបូរបែប។ លោកអនុរដ្ឋមន្ត្រី បានបញ្ជាក់សាជាថ្មី នូវការគាំទ្រជានិរន្តរ៍បស់ចិន ចំពោះអធិបតេយ្យ និងសេចក្តីថ្លៃថ្នូររបស់កម្ពុជា ព្រមទាំងការស្វែងរកមាគ៌ាអភិវឌ្ឍន៍ ស្របនឹងលក្ខខណ្ឌជាតិពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា។ ចិននឹងបន្តផ្តល់ជំនួយអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាបន្ថែមទៀត។
លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងជំនួយអភិវឌ្ឍន៍ដ៏ធំធេងរបស់ចិន រួមទាំងការផ្តល់វ៉ាក់សាំងកូវីដ-១៩ និងការផ្គត់ផ្គង់ថ្នាំពេទ្យ ដែលបានរួមចំណែកដ៏សំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា។ តួនាទីដ៏សំខាន់របស់ចិន ដែលឈានមុខគេក្នុងនាមជាម្ចាស់ជំនួយ ដៃគូពាណិជ្ជកម្ម អ្នកវិនិយោគ និងប្រភពនៃអ្នកទេសចរនៅកម្ពុជា ត្រូវបានទទួលស្គាល់។
លើសពីនេះទៀត លោក ប្រាក់ សុខុន ក្នុងនាមជាប្រធានគណៈទាក់ទងបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនកម្ពុជា និងលោក ឈាន ហុងសាន ក៏បានស្វែងរកឱកាស ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរ ក្នុងផ្នែកអភិបាលកិច្ច ការអប់រំ ការគាំទ្រសម្រាប់សហគ្រិន និងអ្នកដឹកនាំវ័យក្មេង ក៏ដូចជាការផ្លាស់ប្ដូរវប្បធម៌។
ជាចុងក្រោយ ភាគីទាំងពីរបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការធ្វើឱ្យស៉ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ខណៈរួមគ្នាកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយកម្រិតខ្ពស់ គុណភាពខ្ពស់ និងស្តង់ដារខ្ពស់ ក្នុងយុគសម័យថ្មី៕