(កែប)៖ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកែប បានបើកកិច្ចប្រជុំបូកសរុបលទ្ធផល ស្តីពីការសង្កេតការណ៍ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ក្រោមវត្តមាន លោក ងួន ច័ន្ទសុជាតា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកែប ព្រមទាំងមានការចូលរួមពីសមាជិក សមាជិកាចូលរួមប្រមាណ ៩០រូប។

នាឱកាសនោះលោក ងួន ច័ន្ទសុជាតា បានវាយតម្លៃ៥ចំណុច ដូចខាងក្រោម៖

*ទី១៖ ការងារសន្តិសុខ និងសុវត្ថិភាពសណ្ដាប់ធ្នាប់៖ គ្រប់ការិយាល័យបោះឆ្នោតទូទាំងខេត្ត គណៈកម្មាធិការរៀបចំការបោះឆ្នោតឃុំ សង្កាត់ និងគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត បានសហការជាមួយរដ្ឋបាលខេត្ត ដោយបានដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធ ដើម្បីរក្សាការពារសន្តិសុខ និងសុវត្ថិភាពសណ្ដាប់ធ្នាប់ ទាំងរង្វង់មូលខាងក្រៅ និងខាងក្នុងនៃការិយាល័យបោះឆ្នោតបានយ៉ាងល្អប្រសើរ។ គ្រប់ការិយាល័យបោះឆ្នោត គ្មានការបង្កអុកឡុក បង្កអំពើហិង្សា និងគ្មានការគំរាមកំហែងនោះឡើយ។
*ទី២៖ កំណត់សម្គាល់ក្នុងពេលបោះឆ្នោត និងរាប់សន្លឹកឆ្នោត៖ ក្នុងដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត នៅគ្រប់ការិយាល័យទូទាំងខេត្តកែប បានប្រព្រឹត្តទៅតាមច្បាប់ បទបញ្ជា នីតិវិធីនៃការបោះឆ្នោត និងរាប់សន្លឹកឆ្នោត ព្រមទាំងស្របតាមគោលការណ៍ ណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកបដោយភាពរលូន សេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព។ ការបោះឆ្នោត និងរាប់សន្លឹកឆ្នោត ត្រូវបានភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ជាតិ បានសង្កេតមើលដោយយកចិត្តទុកដាក់ ទទួលខុសត្រូវខ្ពស់តាមតួនាទី និងភារកិច្ចរៀងៗខ្លួន ដោយមិនបង្កឲ្យមានការរាំងស្ទះ ដល់ដំណើរការបោះឆ្នោត នោះឡើយ។
*ទី៣៖ ការបំពេញភារកិច្ចរបស់មន្ត្រីបោះឆ្នោត៖ មន្ត្រីនៃការិយាល័យបោះឆ្នោតទាំងអស់ បាទបំពេញតួនាទី ភារកិច្ចដែលមានចែងក្នុងច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត និងរាប់សន្លឹកឆ្នោត និងគោរពបានយ៉ាងទៀងទាត់នៃការបើកដំណើរការបោះឆ្នោត នៅម៉ោង ៧:០០នាទីព្រឹក និងបញ្ចប់ការបោះឆ្នោតនៅម៉ោង ១៥:០០ នាទីរសៀល ប្រកបដោយទទួលខុសត្រូវខ្ពស់។
*ទី៤៖ បញ្ហាប្រឈមរបស់អ្នកសង្កេតការណ៍៖ អ្នកសង្កេតការណ៍មួយចំនួនធំ មិនមានបទពិសោធន៍ក្នុងការសង្កេតការណ៍បោះឆ្នោត។ ការយល់ដឹងអំពីច្បាប់ បទបញ្ជា នៅមានកម្រិត និងសមត្ថភាពបំពេញការងារនៅមានកម្រិត។
*ទី៥៖ សន្និដ្ឋានជារួមដំណើរការប្រព្រឹត្តនៃការបោះឆ្នោត និងរាប់សន្លឹកឆ្នោត៖ ដំណើរការបោះឆ្នោត នៅគ្រប់ការិយាល័យបោះឆ្នោតទូទាំងខេត្តកែប បានប្រព្រឹត្តទៅតាមច្បាប់បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត និងរាប់សន្លឹកឆ្នោត និងរាប់សន្លឹកឆ្នោត ព្រមទាំងគោលការណ៍ណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកបដោយភាពរលូន សេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព គ្មានការបង្ករអុកឡុក គំរាមកំហែង បំភិតបំភ័យ និងអំពើហិង្សានោះឡើយ។

ក្រោមកិច្ចសហការយ៉ាងល្អប្រសើរពីសំណាក់អាជ្ញាធរដែនដីគ្រប់ថ្នាក់ ព្រមទាំងមានកម្លាំងការពារសន្តិសុខ និងសណ្ដាប់ធ្នាប់គ្រប់គ្រាន់។ ចំណែកឯមន្ត្រីនៃការិយាល័យបោះឆ្នោតទាំងអស់វិញ បានបំពេញតួនាទីនិងភារកិច្ចដែលមាន ចែងក្នុងបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត និងរាប់សន្លឹកឆ្នោត និងគោរពបានយ៉ាងទៀងទាត់ នៃដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត គ្រប់ការិយាល័យបោះឆ្នោត បាទបញ្ជូនលទ្ធផលនៃការបោះឆ្នោត រួមនឹងសម្ភារៈ ឯកសារបោះឆ្នោត ទៅគណៈកម្មាធិការឃុំ-សង្កាត់រៀបចំការបោះឆ្នោត ដោយមានការចូលរួម ពីភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ កងកម្លាំងប្រដាប់អាវុធតាមការពារសុវត្ថិភាពបានយ៉ាងម៉ត់ចត់បំផុត៕