(ភ្នំពេញ)៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានប្រព្រឹត្តទៅក្រោមបរិយាកាសអហិង្សា ស្ងប់ស្ងាត់ និងមានភាពត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ អាចទទួលយកបាន។ ពលរដ្ឋជាង ៨,២ លាននាក់ស្មើ ៨៤,៥៨% បានចេញទៅបោះឆ្នោតបំពេញកាតព្វកិច្ចជាពលរដ្ឋល្អដែលអត្រានៃការចូលរួមដ៏ខ្ពស់នេះជាការបង្ហាញពីដំណើរការប្រជាធិបតេយ្យដ៏រស់រវើកនៅកម្ពុជា។
នេះគឺជាការកត់សម្គាល់ជារួមរបស់អ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិជិត ១០ម៉ឺននាក់ដែលបានចុះមកសង្កេតការណ៍ដោយផ្ទាល់លើដំណើរការបោះឆ្នោត។ ចំណែកប្រជាពលរដ្ឋខ្មែរបានបង្ហាញនូវស្នាមញញឹម និងគ្មានភាពភ័យខ្លាចក្នុងការបញ្ចេញមតិតាមរយៈការបោះឆ្នោតនិងគូសសន្លឹកឆ្នោតរបស់ខ្លួនជូនដល់គណបក្សដែលពួកគាត់ស្រឡាញ់ ពេញចិត្តនិងជឿជាក់។
នេះគឺជាការពិតដែលកើតជាក់ស្តែងនៅលើទឹកដីកម្ពុជា ប៉ុន្តែបណ្តារដ្ឋបរទេស និងអង្គការអន្តរជាតិមួយចំនួនដែលមាននិន្នាការគាំទ្រនិងឧបត្ថម្ភក្រុមប្រឆាំងជ្រុលនិយម មិនបានបញ្ជូនអ្នកសង្កេតការណ៍មកផងនោះ បានចេញសេចក្តីថ្លែងការណ៍ដែលបានរៀបចំទុកជាមុនរបស់ខ្លួន ធ្វើដូចមែនទែន និងធ្វើដូចខ្លួនមានអ្នកសង្កេតការណ៍នៅលើទីវាលអ៊ីចឹង។
ពួកគេធ្វើសោកនាដកម្មលើដំណើរការប្រជាធិបតេយ្យនៅកម្ពុជាដោយទុច្ចរិតបំផុត ដោយធ្វើជាមើលមិនឃើញនូវភាពត្រឹមត្រូវ យុត្តិធម៌និងតម្លាភាពនៃដំណើរការនីតិវិធីបោះឆ្នោតដែលមានភាពល្អប្រសើរនៅកម្ពុជាឡើយ បែរជាចេញសេចក្តីថ្លែងការណ៍លាបពណ៌បែបអវិជ្ជមានលើដំណើរការបោះឆ្នោតនៅកម្ពុជាតាមរបៀបវារៈដែលបានរៀបចំទុក និងបង្កឱកាសគាំទ្រក្រុមប្រឆាំងជ្រុលនិយម ក្រឡុកស្ថានការណ៍ ដើម្បីអនុញ្ញាតឱ្យក្រុមខ្លួនលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
ពួកគេមិនបានគោរពឆន្ទៈប្រជាពលរដ្ឋខ្មែរជាង ៨,២លាននាក់ ដែលចេញទៅបោះឆ្នោតឡើយ និងមិនបានផ្តល់តម្លៃលើភាពចាស់ទុំនយោបាយរបស់ពលរដ្ឋខ្មែរទេ និងជម្រើសប្រជាពលរដ្ឋខ្មែរក្នុងការជ្រើសរើសមេដឹកនាំខ្លួនឡើយ។ ដោយមិនខ្វល់នឹងអ្វីទាំងអស់ ពួកគេបានអនុវត្តនូវផែនការរបស់ខ្លួនដោយរៀបចំសេចក្តីថ្លែងការណ៍ទុកជាមុនដើម្បីលើកឡើងនូវទំនាស់ដែលពួកគេចិញ្ចឹមទុក៖ ទី១-ទាមទារឱ្យដោះលែងជនក្បត់ជាតិ កឹម សុខា។ ទី២-គាំទ្រគណបក្សមួយដែលមានកំហុសផ្នែកផ្លូវច្បាប់ មិនមានឯកសារគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងការបោះឆ្នោតតាមនីតិវិធីច្បាប់ដោយនិយាយថាការបោះឆ្នោតមិនប្រជាធិបតេយ្យ មិនសេរី និងត្រឹមត្រូវដោយសារតែគ្មានវត្តមានបក្សប្រឆាំង ភ្លើងទៀនដែលមានជនក្បត់ជាតិ សម រង្ស៊ី ដឹកនាំពីក្រោយខ្នង និងទី៣-បន្ទាប់តម្លៃនៃសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរដែលបានបង្ហាញតាមរយៈសន្លឹកឆ្នោតរបស់ខ្លួន។ ឆន្ទៈពលរដ្ឋ ៨៤,៥៨% គឺជាសំឡេងដ៏ច្រើនលើសលុបក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យ។
សូម្បីបណ្តាប្រទេសដែលបានចេញសេចក្តីថ្លែងការណ៍ក៏គ្មានអត្រាចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យរបស់ខ្លួនច្រើនដូច្នេះដែរ។ ពួកគេបានប្រមាថលើឆន្ទៈប្រជាពលរដ្ឋខ្មែរ និងការឱ្យតម្លៃទាបលើសិទ្ធិសេរីភាពនៃប្រជាពលរដ្ឋកម្ពុជា។ គេក៏អាចឱ្យតម្លៃទាបលើលទ្ធិប្រជាធិបតេយ្យនៃបណ្តាប្រទេសទាំងនោះដែរ។ សូមបណ្តារដ្ឋបរទេសនិងអង្គការអន្តរជាតិទាំងឡាយ រួមនឹងអ្នកកាសែតបរទេសត្រូវដឹងថា ការបោះឆ្នោតមុនៗដែលមានការលូក ដៃចូលរបស់បរទេសតាមរយៈបក្សប្រឆាំងគឺបានធ្វើឱ្យប្រជាពលរដ្ឋមានក្តីកង្វល់ ព្រួយបារម្ភព្រោះដោយសារតែការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយម។
សូម្បីតែក្មេងមិនទាន់គ្រប់អាយុ ក៏ក្រុមប្រឆាំងជ្រុលនិយមត្មិះតិដៀលដែរ ដែលមនោគមវិជ្ជានេះបំបែកបំបាក់ជាតិ និងបង្កភាពរញ៉េរញ៉ៃក្នុងដំណើរការប្រជាធិបតេយ្យនេះគឺជាមេរៀនដែលក្រុមបស្ចឹមប្រទេសផ្តល់ឱ្យក្រុមប្រឆាំង។
ការបោះឆ្នោតដែលមានការជ្រៀតជ្រែករបស់ពួកបស្ចឹមប្រទេស ធ្វើឱ្យមានបញ្ហា។ នេះមិនមែនជាអ្វីដែលពលរដ្ឋខ្មែរចង់បានឡើយ! ពលរដ្ឋខ្មែរចង់បានការបោះឆ្នោតមួយដែល មានភាពល្អប្រសើរដូចឆ្នាំ ២០២៣ នេះ បោះឆ្នោតហើយ គ្មានបាតុកម្ម គ្មានការបង្កហិង្សា និងញុះញង់បំបែកបំបាក់ជាតិពីក្រុមប្រឆាំង តែក្រោយការបោះឆ្នោត ពលរដ្ឋដើរកម្សាន្តសប្បាយ ក្រោយការបោះឆ្នោតដំណើរការប្រទេសជាតិប្រព្រឹត្តទៅជាប្រក្រតី និងអ្វីៗដំណើរការធម្មជាតិដូចពេលនេះ ពលរដ្ឋប្រកបការងារធម្មតា និងសប្បាយរីករាយជាមួយការបោះឆ្នោតដែលពោរពេញដោយប្រជាធិបតេយ្យ សេរី និងត្រឹមត្រូវ។
ដូច្នេះ បណ្តារដ្ឋបរទេសមួយចំនួនដែលតែងតែនៅពីក្រោយខ្នងក្រុមប្រឆាំង បានវាយតម្លៃទាបចំពោះឆន្ទៈបោះឆ្នោតប្រជាពលរដ្ឋកម្ពុជានៅពេលនេះ គឺស្មើនឹងការបន្ទាបបន្ថោកកិត្តិយសខ្លួនឯង៕
ដោយចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣