(ភ្នំពេញ)៖ សមាគមទ្រទ្រង់ផ្នកសេវាកម្សាន្ត និងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា (ស.ស.ក) នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសេចក្តីថ្លែងការណ៍ ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះលទ្ធផលបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានចេញសេចក្តីប្រកាសលទ្ធផលបឋម កាលពីព្រលប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ហើយបានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសម្លេងឆ្នោតគាំទ្រយ៉ាងច្រើនលើសលប់គួរជាទីមោទនៈ។
ស.ស.ក បានយកចិត្តទុកដាក់តាមដាននិងសង្កេតឃើញថា ដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ រៀបចំដោយគ.ជ.ប បានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យទី២៣ ខែកក្កដាឆ្នាំ២០២៣ ជាមួយនឹងការចូលរួមពីគណបក្សនយោបាយប្រកួតប្រជែងស្មើភាពចំនួន១៨ ដោយសេរី ត្រឹមត្រូវ យុត្តិធ៌ម និងមានតម្លាភាព ស្របតាមគោលការណ៏នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅក្នុងព្រះរាជាណាចក្រកម្ពុជា អត្រាប្រជាពលរដ្ឋខ្មែរ ចេញទៅបោះឆ្នោតដោយទឹកមុខញញឹមស្រស់ស្រាយ ពេញចិត្ត និងសប្បាយរីករាយទាំង់អស់គ្នាដ៏ច្រើន រហូតលើស ៨៤% ក្នុងចំណោមប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សរុប៩,៧១០,៦៥៥នាក់ ទោះបីជាមានការ អំពាវនាវញុះញង់ឲ្យប្រជាជនមិនចេញទៅបោះឆ្នោតប្ញទៅគូសបំផ្លាញសន្លឹកឆ្នោតចោល ក្នុងចេតនាទុច្ចរិតបំផ្លាញការ បោះឆ្នោតនៅកម្ពុជារបស់ក្រុមជ្រុលនិយមទណ្ឌិតសម រង្ស៉ី ក៏ដោយ ។
ស.ស.ក បានមើលឃើញថា ការបោះឆ្នោតការរាប់សន្លឹកឆ្នោតនិងការប្រកាសលទ្ធផលបណ្តោះអាសន្ន ពិតជាបានប្រព្រឹត្តទៅដោយរលូន មានតម្លាភាព ជឿជាក់បាន និងសុក្រិត្យភាព ក្រោមវត្តមានរបស់ភ្នាក់ងារគណបក្សនយោបាយជិត ៦០.០០០នាក់ និងមានការចូលរួមសង្កេតមើល ពីអ្នកសង្កេតការណ៏ជាតិឯករាជ្យចំនួន៩០.០០០នាក់ និងអន្តរជាតិចំនួន៤២២នាក់ ដែលតំណាងឲ្យ ៦៥សញ្ញាតិមកពី ៦១ស្ថាប័នរួមមានអង្គការអន្តរជាតិ រដ្ឋាភិបាលបរទេស អង្គទូតនិងសហគមន៍អនិកជនកម្ពុជានៅបរទេស ស្ថិតក្នុងបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់ ល្អប្រសើរ ប្រកបដោយ សុវត្ថិភាព គ្មានការភ័យខ្លាច គ្មានការគំរាមគំហែង និងគ្មានអំពើរហិង្សា។
ស.ស.ក សូមវាយតម្លៃខ្ពស់ជារួមការរៀបចំដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧នេះ មានដំណើរការដោយសេរី ត្រឹមត្រូវ យុត្តិធ៌ម និងមានតម្លាភាពស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុ បក្សនៅក្នុងព្រះរាជាណាចក្រកម្ពុជាពិតប្រាកដ និងគាំទ្រដល់ គ.ជ.ប ធានាដំណើរការបោះឆ្នោតប្រកបដោយប្រសិទ្ធិភាព និងសូមធ្វើការប្រកាសការគាំទ្រដំណើរការបោះឆ្នោត និងលទ្ធផលបណ្តោះអាសន្ន សូមគោរពកោតសរសើរ ប្រជាពលរដ្ឋកម្ពុជាដែលបានបំពេញកាតព្វកិច្ចជាពលរដ្ឋល្អក្នុងការចូលរួមបោះឆ្នោតសកលឆ្នាំ២០២៣ និងបានជ្រើសរើសគណបក្សដឹកនាំដែលស្រឡាញ់ ដូចគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានចេញសេចក្ដីប្រកាសលទ្ធផលបណ្តោះអាសន្ន និងសូមចូលរួមអបអរសាទរ និងពេញចិត្តចំពោះគណបក្សប្រជាជនកម្ពុជាដែលទទួលបានសម្លេងគាំទ្រយ៉ាងច្រើនលើសលប់ ពីប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសលើការបោះឆ្នោតជាតិនេះ៕