(ត្បូងឃ្មុំ)៖ លោក អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះ បានថ្លែងអំណរគុណដល់ចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្ស និងបងប្អូនប្រជាពលរដ្ឋ នៅស្រុកអូររាំងឪ ដែលបានគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ។

លោក អ៊ាង សុផល្លែត បានថ្លែងយ៉ាងដូច្នេះ៖ «ក្នុងនាមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំង ខេត្តត្បូងឃ្មុំ ខ្ញុំសូមសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍គណបក្សស្រុកគ្រប់រូប ប្រធានគណបក្សមូលដ្ឋានឃុំគ្រប់ឃុំ លោក លោកស្រី ក្រុមប្រឹក្សាឃុំគ្រប់រូប លោក លោកស្រី ប្រធានសាខាបក្សភូមិគ្រប់ភូមិយុវជនគណបក្ស យុវជនស.ស.យ.ក អ្នកអង្កេតការណ៍ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ធនធានក្នុងការជំរុញ និងរួមចំណែកដំណើរការបោះឆ្នោត និងលទ្ធផលបោះឆ្នោតបឋមគួរជាទីមោទនៈ ដោយក្នុងនោះចំនួនអ្នកបោះឆ្នោតសរុប នៅទូទាំងស្រុកអូររាំងឪទទួលបាន ៤៧ ១១៦នាក់ ស្មើនឹង៨១,៦៥% នៃប្រជាជនក្នុងបញ្ជីបោះឆ្នោត និងសន្លឹកឆ្នោតគាំទ្រគណបក្សយើងទទួលបាន ៣៥ ៥៤៤នាក់ ស្មើនឹង៨២,៤៣% នៃចំនួនសមាជិកសរុប និងពោលគឺកើនបានចំនួន ៧ ៧៨៧សំឡេង បើធៀបនឹងលទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ កាលពីឆ្នាំ២០២២ យើងទទួលបានសំឡេងគាំទ្រចំនួន ២៧,៧៥៧សំឡេងតែប៉ុណ្ណោះ»

លោក អ៊ាង សុផល្លែត បានបន្តថា លទ្ធផលខាងលើនេះ គឺជាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់ស្រុកអូររាំងឪ ដែលពីមុនមិនដែលទទួលបានទាល់តែសោះ។ តាមរយៈសំឡេងគាំទ្រជាទីមោទនៈនេះ បានបង្ហាញពីស្មារតីសាមគ្គីភាព ផ្ទៃក្នុង គណបក្សដែលសមាជិក សមាជិកា និងប្រជាជនយើងតែងតែគោរព ស្រឡាញ់គាំទ្រ និងជានិច្ចជាកាលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីសម្រាប់ នីតិកាលទី៧ ឆ្នាំ២០២៣-២០២៨ និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត។

ឆ្លៀតក្នុងឱកាសនេះ លោក អ៊ាង សុផល្លែត សូមគោរពជូនពរចំពោះសមាជិក សមាជិកា នៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ គណៈអចិន្ត្រៃយ៍នៃគណបក្សស្រុកគ្រប់រូប ប្រធានគណបក្សមូលដ្ឋានឃុំគ្រប់ឃុំ លោក លោកស្រី ក្រុមប្រឹក្សាឃុំគ្រប់រូប លោក លោកស្រី ប្រធានសាខាបក្សភូមិគ្រប់ភូមិ យុវជនគណបក្ស យុវជនស.ស.យ.កអ្នកអង្កេតការណ៍ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ សូមជួបប្រទះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងមានសុខភាពល្អ សុភមង្គលក្នុងក្រុមគ្រួសារ ដើម្បីបន្តបំពេញបេសកកម្មបំរើគណបក្សប្រជាជនកម្ពុជាក្នុងបុព្វហេតុរក្សាសុខសន្តិភាព ស្ថេរភាព និងអភិវឌ្ឍន៍មាតុភូមិយើងជានិច្ចនិរន្តរ៍៕