(ភ្នំពេញ)៖ សមាគមតន្ត្រីសំនៀងជនពិការ បានបង្ហាញការពេញចិត្តជាខ្លាំង​ចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលប្រព្រឹត្តទៅ​កាល​ពី​ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា កន្លងទៅនេះ។ សមាគម បានកត់សម្គាល់​ថា ការបោះឆ្នោតនេះប្រព្រឹត្តទៅក្នុងបរិយាកាសល្អ គ្មានអំពើហិង្សា គ្មានការ​បំភិតបំភ័យ និងគ្មាន​ការ​គម្រាមកំហែង

នៅក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃទី២៥ ខែកក្កដា នេះ សមាគមតន្ត្រីសំនៀងជនពិការ បានឱ្យដឹងថា អំឡុងពេលបោះឆ្នោត សមាជិកនៃសមាគមតន្ត្រីសំនៀងជនពិការ​ជិត​៧០០​នាក់ បានចេញទៅបោះ​ឆ្នោតនៅតាមរាជធានី ខេត្ត ដោយគ្មានការបង្ខិតបង្ខំ។ ក្នុងសេចក្តីថ្លែងការណ៍បន្តថា ជន​មានពិការភាពមានសេចក្តីរំភើបរីករាយ​ដែលបានចូលរួមចំណែក និងទំនួល​ខុស​ត្រូវចំពោះជោគវាសនារបស់ប្រទេសជាតិ ជាពិសេសក្នុងកិច្ចដំណើរការលទ្ធិ​ប្រជា​ធិប​តេយ្យនៅកម្ពុជា។

ក្នុងសេចក្តីថ្លែងការណ៍នោះ សមាគមបានកត់សម្គាល់ថា «សមាគម​តន្ត្រី​សំនៀង​ជនពិការ ក៏បានកត់សម្គាល់ និងសូមវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹង​ប្រែងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយបានយកចិត្តទុក​ដាក់រៀបចំបន្ទប់ពិសេសដាច់ដោយ​ឡែក​បង្ក​លក្ខណៈងាយស្រួលចំពោះ​ជន​មាន​ពិការភាពដែលបានមកបោះឆ្នោត ចំណែក​មន្ត្រីក្នុងបន្ទប់បោះឆ្នោត បាន​ជួយសម្របសម្រួលតាមសំណូមពរជនពិការដោយ​ជួយ​រកឈ្មោះជួយ​គូសសន្លឹកឆ្នោតជូនគណបក្ស​នយោបាយ​ដែលជន​ពិការ​ភាព​ចង់បោះជូន។ ការយកចិត្តទុកដាក់នេះ ត្រូវបានទទួលការកោត​សរសើរពី​ជន​មាន​ពិការភាព និងក្រុមអ្នកសង្កេតការណ៍អន្តរជាតិ»

សមាគម ក៏បានកត់សម្គាល់ពីការរាប់សន្លឹកឆ្នោតផងដែរ។ សមាគម បានមើលឃើញថា ដំណើរការរាប់សន្លឹកឆ្នោតបានប្រព្រឹត្តទៅដោយមាន​ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមមានភ្នាក់ងារគណបក្សនយោបាយ អ្នក​អង្កេត​​ការណ៍ជាតិ-អន្តរជាតិ ក៏ដូចជាភ្នាក់ងារសារព័ត៌មាន ចំណុចនេះឆ្លុះ​បញ្ចាំងពីតម្លាភាពនិងការបើកចំហនៃដំណើរការរាប់សន្លឹកឆ្នោត។

សមាគមតន្ត្រីសំនៀងជនពិការ បានប្រកាសគាំទ្រ និងចូលរួមអបអរសាទរជាពិសេស គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានធានាការប្រព្រឹត្តទៅដោយរលូន សេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាពនៃការបោះឆ្នោតនៅកម្ពុជា និងបាន​បង្កើតទំនុកចិត្តជាបន្តបន្ទាប់ដល់ប្រជាពលរដ្ឋខ្មែរ ពិសេសយើង​ខ្ញុំជាជន​មាន​ពិការភាព (ឆ្លុះបញ្ចាំងតាមរយៈកំណើននៃការបោះឆ្នោត​របស់ប្រជា​ពលរដ្ឋ ដែលមានក្នុងបញ្ជីបោះឆ្នោត និងធ្វើឱ្យមានភាពជឿជាក់លើគ្រប់មជ្ឈដ្ឋាន​ចំពោះ​ដំណើរការប្រជាធិបតេយ្យនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕