(កំពង់ចម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានផ្ញើសារលិខិតថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំ កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ត្រីរៀបចំការបោះឆ្នោត អ្នកសង្កេតការណ៍ជាតិ និងគ្រប់ភាគីពាក់ព័ន្ធ នាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧នរដ្ឋសភា ប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឲ្យប្រព្រឹត្តទៅដោយរលូន។
ខាងក្រោមនេះ ជាខ្លឹមសារថ្លែងអំណរគុណទាំងស្រុងរបស់លោក អ៊ុន ចាន់ដា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣៖
«ក្នុងនាមរដ្ឋបាលខេត្តកំពង់ចាម ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានយកអស់លទ្ធភាពជួយគាំទ្រយ៉ាង សកម្មដល់ដំណើរការរៀបចំ ការបោះឆ្នោត ជាពិសេស ការការពារសន្តិសុខ សណ្តាប់ធ្នាប់ទូទៅសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត និងថ្ងៃបោះឆ្នោត ធ្វើឲ្យដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅយ៉ាងរលូនជោគជ័យ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង ឬបាតុភាពណាមួយកើតឡើងនោះឡើយ។
ខ្ញុំសូមកោតសរសើរ ចំពោះមន្រ្តីគណៈកម្មការខេត្តរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយភាពឯករាជ្យ អព្យាក្រឹតឥតលម្អៀង តម្លាភាព និងយុត្តិធម៌ ក្នុងជំហរទទួលខុសត្រូវខ្ពស់ ធ្វើឲ្យដំណើរការរៀបចំការបោះឆ្នោតនៅគ្រប់ដំណាក់កាលបាន ប្រព្រឹត្តទៅយ៉ាងល្អប្រសើរស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត។
ជាមួយគ្នានេះ ខ្ញុំក៏សូមកោតសរសើរ ចំពោះអ្នកសង្កេតការណ៍ជាតិ និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានយកអស់កម្លាំងកាយចិត្ត ខិតខំប្រឹងប្រែង បំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ដែលនាំមកនូវការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន ជោគជ័យ មានលក្ខណៈជាសកល សេរី ត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌។
ជាមួយគ្នានេះដែរ ខ្ញុំក៏គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ចាម ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានទី១, ឯកឧត្តម-លោកជំទាវអនុប្រធានក្រុមការងារ និងប្រធានក្រុមការងារចុះមូលដ្ឋានក្រុង-ស្រុក និងក្រុមការងារទាំងអស់ ដែលបានយកអស់លទ្ធភាពជួយគាំទ្រយ៉ាងសកម្មដល់រាល់សកម្មភាពរបស់រដ្ឋបាលខេត្តកំពង់ចាម, រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ រួមចំណែកអភិវឌ្ឍក្នុងមូលដ្ឋានឃុំ-សង្កាត់ និងខេត្តកំពង់ចាមឲ្យកាន់តែរីកចម្រើន សម្បូរសប្បាយ រុងរឿង ក្រោមដំបូលនៃសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមសម្ដែងនូវមនោសញ្ចេតនាស្រឡាញ់យ៉ាងស្មោះស្ម័គ្រ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋខេត្តកំពង់ចាម ប្រមាណ៨៥,២៤% ដែលអញ្ជើញទៅបោះឆ្នោត ដើម្បីអនុវត្តសិទ្ធិ និងករណីកិច្ចជាពលរដ្ឋល្អក្នុងសង្គមប្រជាធិបតេយ្យដូចមានចែង ក្នុងរដ្ឋធម្មនុញ្ញ និងសូមជូនពរប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហា ប្រសើរ ជូនចំពោះថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម មន្ត្រីរាជការស៊ីវិល កងកម្លាំងមានសមត្ថកិច្ច គ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងបងប្អូនប្រជាពលរដ្ឋខេត្តកំពង់ចាមទាំងមូល សូមបានប្រកបដោយពុទ្ធពរ ទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕