(ភ្នំពេញ)៖ សមាគមមិត្តយើង បានបង្ហាញការគាំទ្រពេញទំហឹងលើដំណើរការ​បោះ​ឆ្នោតជ្រើសតាំងតំណារាស្ត្រនីតិកាលទី៧ ដែលប្រព្រឹត្តទៅកាលពីថ្ងៃ​អាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ។ សមាគមមិត្តយើង បានកត់សម្គាល់ថា ការបោះឆ្នោតនេះ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព។

យោងតាមសេចក្តីថ្លែងការណ៍របស់សមាគមបានឱ្យដឹងថា ក្នុងព្រឹត្តិការ​ណ៍​បោះ​ឆ្នោតដ៏សំខាន់កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ សមាគមមិត្តយើង បានពង្រាយសមាជិក សមាជិកា ៥៣រូប ក្នុងនោះមានអ្នកសង្កេតការណ៍ ចល័តចំនួន ៦រូប ចុះសង្កេតការណ៍នៅតាមមណ្ឌលបោះឆ្នោតក្នុង ៦រាជធានី​ខេត្តរួមមាន៖ រាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តស្វាយរៀង និងខេត្តត្បូងឃ្មុំ ។

សមាគមបានបញ្ជាក់ថា តាមរយៈការបូកសរុបរបាយកាណ៍ និងការវាយ​តម្លៃ​របស់សមាជិក សមាជិកា ជាអ្នកសង្កេតការណ៍ ផ្ទាល់តាមមណ្ឌល និងការិយា​ល័យបោះឆ្នោត គឺសមាគមអាចធ្វើការសន្និដ្ឋានបានថា ដំណើរការបោះ ឆ្នោតជ្រើសរើស​តំណាង​រាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងមកនេះ គឺបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាពស្របតាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងមានសណ្តាប់ធ្នាប់ល្អ។

សមាគមមិត្តយើង បានបង្ហាញជឿជាក់យ៉ាងមុតមាំថា ការចូលរួមរបស់ប្រជា​ជន​កម្ពុជាដ៏ច្រើនលើសលុបក្នុងការបោះឆ្នោតនេះ ពិតជាបានឆ្លុះបញ្ចាំងពីសិទ្ធិ​សេរី​​ភាព​ក្នុង​ការបញ្ចេញមតិរបស់ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដមែន។

សមាគមមិត្តយើង ក៏បានធ្វើការកត់សម្គាល់ និងកោតសរសើរផងដែរចំពោះ៖
* រាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ជាពិសេស ដោយបាន​អនុញ្ញាត​ឱ្យមន្ដ្រីរាជការ កម្មករ និយោជិត ឈប់សម្រាកពីការងារចំនួនបីថ្ងៃ នៅថ្ងៃទី២២ ថ្ងៃទី២៣ និងថ្ងៃទី២៤ ខែកក្កដា ដើម្បីបង្កលក្ខណៈ ងាយស្រួល​ដល់ប្រជាពលរដ្ឋក្នុងការចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧
* បរិយាកាសនៃការឃោសនារបស់គណ​បក្សនយោបាយ ប្រកបដោយ​ភាព​ចាស់​ទុំខាងនយោបាយ
* ភាពងាយស្រួលក្នុងការស្វែងរកព័ត៌មានបោះឆ្នោតដោយផ្ទាល់តាមរយៈ បច្ចេកវិទ្យាឌីជីថលទំនើប
* ភាពចម្រុះនៃភ្នាក់ងារអង្កេតការណ៍ពីគ្រប់គណបក្សនយោបាយមាន​លក្ខណៈ​ល្អប្រសើរ ដំណើរការប្រជាធិបតេយ្យនីយកម្មក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវ​បានពង្រឹង និងអាចទុកចិត្តបាន។

សមាគមមិត្តយើង បានសម្ដែងការសាទរ និងសូមអរគុណដល់ គណៈកម្មា​ធិ​ការ​ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានខិតខំរៀបចំការបោះ​ឆ្នោត​ជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ដោយជោគជ័យ និង ក្នុងបរិយាកាស ស្ងប់ស្ងាត់មានសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា គ្មាន​ការគំរាមកំហែង និងប្រកបដោយភាពត្រឹមត្រូវ និងតម្លាភាព ស្រប​តាម​គោល​ការណ៍លទ្ធិប្រជាធិបតេយ្យ៕