(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង សូមសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះពុកម៉ែ​ បងប្អូន ក្នុងខេត្តព្រៃវែងទាំងអស់ ដែលបានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ថ្មីៗនេះ ប្រកបដោយស្មារតីគាំទ្រជាមួយទំនុកចិត្តសប្បាយរីករាយ និងដោយគ្មានការបង្ខិតបង្ខំនាំឲ្យការបោះឆ្នោតនេះបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

ជាមួយគ្នានេះ លោក ជា សុមេធី សូមសម្តែងនូវមនោសញ្ចេតនាគោរពស្រឡាញ់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះបងប្អូនប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតទាំងអស់ ដែលបានអញ្ជើញទៅបោះឆ្នោត យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងឋានៈជាម្ចាស់ឆ្នោត និងជាម្ចាស់នៃជោគវាសនាអនាគតរបស់ប្រទេសជាតិ ដើម្បីអនុវត្ត សិទ្ធិ និងករណីយកិច្ចរបស់ខ្លួនដោយសេរី ស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

លោកថា «ប្រព័ន្ធបោះឆ្នោត និងដំណើរការនៃការបោះឆ្នោតនៅប្រទេសកម្ពុជា បានគោរពយ៉ាងខ្ជាប់ខ្ជួន តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ជាសកល សេរី ត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌។ ហើយកាន់តែបង្ហាញឲ្យឃើញថា ប្រជាពលរដ្ឋទាំងអស់ត្រូវការរស់នៅ និងប្រកបធុរកិច្ចក្រោមដំបូលនៃសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ជានិច្ចនិរន្តរ៍យ៉ាងពិតប្រាកដ»។

ជាថ្មីម្ដងទៀតលោក ជា សុមេធី សូមយកឱកាសដ៏ថ្លៃថ្លានេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ ប់វរមហាប្រសើរជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីរ-អង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឌ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទូទាំងខេត្តព្រៃវែង សូមបានសមប្រកបតនឹងពុទ្ធពរ ទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕