(ភ្នំពេញ)៖ តុលាការកំពូលនឹងកាត់ទោសក្រុមគ្រួសារលោក ថោង សារ៉ាត់ រួមមានម្តាយឪពុក និងលោក ថោង សារ៉ាត់ នាព្រឹកថ្ងៃទី៨ ខែសីហា ខាងមុខនេះ។
យោងតាមដីកាបង្គាប់ឲ្យយកខ្លួន របស់តុលាការកំពូល បង្ហាញថា សវនាការនេះដឹកនាំដោយលោក ឃឹម ប៉ុណ្ណ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក ឌុច គឹមសន ជាតំណាងមហាអយ្យការ។
ជនជាប់ចោទក្នុងសំណុំរឿងនេះ រួមមានលោក ថោង សារ៉ាត់ ហៅជិន អាយុ៣៨ឆ្នាំ អតីតមានងារជាឧកញ៉ា និងជាម្ចាស់បុរី៩៩៩ ឪពុកឈ្មោះ ថោង ចំរើន ហៅ តាំង ចំរើន អាយុ៦៣ឆ្នាំ និង ម្តាយឈ្មោះ កែវ សារី អាយុ៥៥ឆ្នាំ។
លោក ថោង សារ៉ាត់ ធ្លាប់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២ឆ្នាំ៦ខែ និងឪពុកម្ដាយ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២ឆ្នាំ ពីបទកាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ចំនួន១១ដើម ប្រព្រឹត្តកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចផ្ទះលេខ៩២១ ផ្លូវលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ តាមមាត្រា៤៩០នៃក្រមព្រហ្មទណ្ឌ៕