(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងនូវការ កោតសរសើរ និងវាយតម្លៃខ្ពស់ ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីរ-អង្គភាពជំនាញ អាជ្ញាធរ មូលដ្ឋាន ប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ចូលរួមថែរក្សាការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ នៅតាមការិយាល័យបោះឆ្នោតទាំង ២.២០៦. ការិយាល័យ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ញ៉ាំងឱ្យការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ប្រព្រឹត្តទៅក្នុងបរិយាកាសល្អ ប្រសើរ គ្មានអំពើហិង្សា និងគ្មានបញ្ហាអសន្តិសុខណាមួយ ធ្វើឱ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតឡើយ។
ជាមួយគ្នានេះ លោកសូមសម្តែងនូវមនោសញ្ចេតនាគោរពស្រឡាញ់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះបងប្អូនប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតទាំងអស់ ដែលបានអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងអត ៨៥,៧៥% នៅរាជធានីភ្នំពេញ ក្នុងឋានៈជាម្ចាស់ឆ្នោត និងជាម្ចាស់នៃជោគវាសនាអនាគតរបស់ប្រទេសជាតិ ដើម្បីអនុវត្ត សិទ្ធិ និងករណីយកិច្ចរបស់ខ្លួនដោយសេរី ស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដែលនេះ សបញ្ជាក់ ឱ្យឃើញយ៉ាងច្បាស់ថា “ប្រព័ន្ធបោះឆ្នោត និងដំណើរការនៃការបោះឆ្នោតនៅប្រទេសកម្ពុជា បានគោរពយ៉ាងខ្ជាប់ខ្ជួន តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ជាសកល សេរី ត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌" ហើយកាន់ត បង្ហាញឱ្យឃើញថា "ប្រជាពលរដ្ឋទាំងអស់ត្រូវការរស់នៅ និងប្រកបធុរកិច្ចក្រោមដំបូលនៃសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ជានិច្ចថ្នូរន្តរ៍យ៉ាងពិតប្រាកដ។
ជាថ្មីម្ដងទៀត លោកអភិបាលសូមយកឱកាសដ៏ថ្លៃថ្លានេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ ប់វរមហាប្រសើរជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីរ-អង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឌ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ទូទាំងរាជធានីភ្នំពេញ សូមបានសមប្រកបតនឹងពុទ្ធពរ ទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕