(កណ្ដាល)៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះ លោក នុត ពុធដារ៉ា អនុប្រធានគណបក្សខេត្តកណ្តាល និងជាប្រធានក្រុមការងារចុះជួយសង្កាត់កោះអន្លង់ចិន បានដឹកនាំក្រុមការងារចុះជួយសង្កាត់ ចុះជួយភូមិ គណបក្សសង្កាត់ សាខាបក្សភូមិ ចុះថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះក្នុងសង្កាត់កោះអន្លង់ចិន ដែលបងប្អូនបានគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ។
ប្រជាពលរដ្ឋទាំងអស់បានធ្វើការសាទរ ចំពោះជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា និងបានប្តេជ្ញាគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅអាណត្តិក្រោយៗទៀត។
សូមជម្រាបថា ប្រជាពលរដ្ឋខេត្តកណ្ដាលទាំងអស់ ដែលបាននាំគ្នាចេញទៅបោះឆ្នោតនៅយ៉ាងច្រើនកុះករមានរហូតដល់៨៩.១៥% និងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឈ្នះយ៉ាងច្រើនសន្ធឹកសន្ធាប់ស្ទើរទាំងស្រុង (លទ្ធផលបឋម)។
ការអញ្ជើញទៅបោះឆ្នោតដ៏ច្រើនលើសលុបនេះ ឆ្លុះបញ្ចាំងពីការបំពេញកាតព្វកិច្ច និងការអនុវត្តសិទ្ធិជាពលរដ្ឋតាមបែបលទ្ធិប្រជាធិបតេយ្យ ក្នុងការបោះឆ្នោតជ្រើសរើសគណបក្សដែលខ្លួនស្រឡាញ់ពេញចិត្ត ជឿទុកចិត្តបាន ដើម្បីដឹកនាំប្រទេសឲ្យមានសន្តិភាព និងការអភិវឌ្ឍឲ្យកាន់តែរុងរឿងសម្បូរសប្បាយថែមទៀត៕