(កណ្ដាល)៖ លោកបណ្ឌិត ម៉ៅ ភិរុណ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកណ្ដាល នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ បានថ្លែងអំណរគុណប្រជាពលរដ្ឋ ច្រើនលើសលុបដែលបានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ មានជិត៩០ភាគរយ។

ថ្លែងមកកាន់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្ត លោកបណ្ឌិត ម៉ៅ ភិរុណ បានអះអាងថា ប្រជាពលរដ្ឋ​ខេត្តកណ្ដាលទាំងអស់​ ដែលបាននាំគ្នាចេញទៅបោះឆ្នោតនៅយ៉ាងច្រើនកុះករមាន​រហូត​ដល់ ៨៩.១៥​%​ និង​បាន​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​យ៉ាងច្រើនសន្ធឹកសន្ធាប់ស្ទើរទាំងស្រុង ​(លទ្ធផល​បឋម)។

លោកបណ្ឌិបានរៀបរាប់យ៉ាងដូច្នេះថា៖ «ក្នុងនាម​ខ្លួន​ខ្ញុំបាទ​ផ្ទាល់​សូម​គោរព​កោតសរសើរ​ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំមន្ត្រីគណបក្ស ក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់ថ្នាក់ សមាជិក សមាជិកាគណបក្ស សកម្មជនគណបក្ស និងសមាជិកសមាជិកាខេត្តកណ្ដាល ក្រុមការងារគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ​ខេត្តកណ្ដាល​ទាំងអស់​ ដែលបាននាំគ្នាចេញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះយ៉ាងច្រើនកុះករមាន​រហូត​ដល់​៨៩.១៥​% នៃអ្នកដែលមានឈ្មោះបោះឆ្នោត​ ស្មើនឹងចំនួនមនុស្ស ៧២៩,៦៨៦នាក់ ក្នុងនោះអ្នកបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាមានចំនួន ៨៣,៥៦ភាគរយ នៃសន្លឹកឆ្នោតបានការ ដែលចំនួននេះ ជាចំនួន​​អ្នកបោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​យ៉ាងច្រើនស្ទើរទាំងស្រុង (លទ្ធផល​បឋម) ស្មើនឹងចំនួនមនុស្ស ៥៦៧,៩២៦នាក់​ បើទោះបីជាមានភ្លៀងធ្លាក់​រលឹម​ស្រិចៗ​យ៉ាងណាក៏ដោយ»

ការអញ្ជើញ​ទៅបោះឆ្នោតដ៏ច្រើនលើសលុបនេះ​ ឆ្លុះបញ្ចាំងពីការបំពេញកាតព្វកិច្ច​ និងការអនុវត្តសិទ្ធិជាពលរដ្ឋតាមបែបលទ្ធិប្រជាធិបតេយ្យ ក្នុងការបោះឆ្នោតជ្រើសរើសគណបក្សដែលខ្លួនស្រឡាញ់ពេញចិត្ត​ ជឿទុកចិត្តបាន ដើម្បីដឹកនាំប្រទេសឲ្យមានសន្តិភាព និងការអភិវឌ្ឍឲ្យកាន់តែរុងរឿងសម្បូរសប្បាយថែមទៀត​។

លោកបណ្ឌិត បានថ្លែងថា «ខ្ញុំសូមគោរពជូនពរ លោកតា លោកយាយ អ៊ំ​ ពូ មីង បងប្អូនប្រជាពលរដ្ឋ​ខេត្តកណ្ដាល​ទាំងអស់​ សូមប្រកបដោយពុទ្ធពរ​ និងពរទាំង៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ​។ សូមលោកតា​ លោកយាយ​ អ៊ំ​ ពូ មីង បងប្អូនទាំងអស់ទទួលនូវការគោរពស្រឡាញ់ដ៏ជ្រាលជ្រៅនិង​ស្មោះស្ម័គ្រ​បំផុត​ពីខ្ញុំបាទ​»