(ភ្នំពេញ)៖ លោក ព្រុំ សុខា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តក្រចេះ បានសម្ដែងនូវក្តីសោមនស្សរីករាយក្រៃលែង ថ្លែងនូវការកោតសរសើរដ៏ជ្រាលជ្រៅ និងអំណរគុណជាអនេកប្បការជូនចំពោះថ្នាក់ដឹកនាំគណបក្ស និងក្រុមការងារគ្រប់លំដាប់ថ្នាក់នៃខេត្តក្រចេះ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត និងស្មារតីទទួលខុសត្រូវខ្ពស់ ខិតខំប្រឹងប្រែងសម្រេចភារកិច្ចរបស់ខ្លួន ក្នុងការច្បាមជាប់មូលដ្ឋាន ចុះផ្សារភ្ជាប់សុខទុក្ខជាប្រចាំជាមួយប្រជាពលរដ្ឋតាមមូលដ្ឋានភូមិ ឃុំ សង្កាត់ នៅទូទាំងខេត្ត។

ក្នុងលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ព្រុំ សុខា បានបញ្ជាក់ថា កម្លាំងសាមគ្គីរួមគ្នាជំរុញចលនាសរុប និងសកម្មភាពសរុបនេះ បង្កើតបានឧត្តមភាពនយោបាយ ដណ្តើមបានទឹកចិត្តប្រជាជន រហូតសម្រេចបានជោគជ័យដ៏ត្រចះត្រចង់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ ដោយគណបក្សប្រជាជនកម្ពុជាយើងឈ្នះទាំងស្រុង ទទួលបានអាសនៈទាំងអស់ ៣លើ៣ ក្នុងមណ្ឌលខេត្តក្រចេះ។

លោកបានបន្ដថា ជ័យជំនះដ៏ធំធេងរបស់ខេត្តក្រចេះនេះ រួមចំណែកយ៉ាងស័ក្តិសមជាមួយជោគជ័យដ៏មហិមារបស់គណបក្សប្រជាជនកម្ពុជាយើង នៅទូទាំងប្រទេសដែលទទួលបានទំនុកចិត្តនិងការគាំទ្រយ៉ាងរឹងមាំ និងពេញទំហឹងពីប្រជាពលរដ្ឋម្ចាស់ឆ្នោតនៅគ្រប់ទិសទី មកលើឧត្ដមគតិ មាគ៌ានិងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងបេសកកម្មជាប្រវត្តិសាស្ត្រដើម្បីបុព្វហេតុ សុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពសម្រាប់អនាគតរុងរឿងរបស់មាតុភូមិនិងប្រជាជនយើងគ្រប់ជំនាន់តរៀងទៅ។

ជោគជ័យដ៏អស្ចារ្យនេះ គឺបានបង្ហាញយ៉ាងច្បាស់ពីដំណើរការឥតអាក់នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងនីតិរដ្ឋ ដែលត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ហើយដែលស្របជាមួយស្ថានភាពនយោបាយ សេដ្ឋកិច្ចសង្គមរបស់កម្ពុជា និងបានឆ្លើយតបតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា។ នៅគ្រប់ទីកន្លែងក្នុងទូទាំងប្រទេស មានអ្នកទៅបោះឆ្នោតយ៉ាងច្រើនកុះកររហូតដល់ជាង៨៤% ដែលដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូនក្នុងបរិយាកាសសុខសុវត្ថិភាពល្អប្រសើរបំផុត គឺបានបង្ហាញច្បាស់ពីឆន្ទៈដ៏មោះមុតរបស់ប្រជាជនកម្ពុជាក្នុងការ ប្ដេជ្ញាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ ដើម្បីវឌ្ឍនភាព និងវិបុលភាពយូរអង្វែងនៅកម្ពុជា។ ប្រការនេះក៏បានបង្ហាញច្បាស់ដល់មជ្ឈដ្ឋានអន្តរជាតិពីសភាពការណ៍ពិតជាក់ស្តែងនៅកម្ពុជា។

ការគាំទ្រភ្លូកទឹកភ្លូកដី និងដោយឥតងាករេសាជាថ្មីម្តងទៀតរបស់ប្រជាជននៅទូទាំងប្រទេសចំពោះគណបក្សប្រជាជនកម្ពុជា គឺជាសក្ខីភាពបង្ហាញយ៉ាងប្រត្យក្សពីជំនឿជឿជាក់ដ៏រឹងមាំរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោតចំពោះមគ្គុទ្ទេសភាពដ៏ត្រឹមត្រូវ ឈ្លាសវៃ ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាចំពោះបេក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីអនាគតរបស់កម្ពុជា ក្នុងបុព្វហេតុយូរអង្វែងនៃសុខសន្តិភាព វឌ្ឍនភាព ប្រជាធិបតេយ្យ និងវិបុលភាព សម្រាប់អនាគិតរុងរឿងថ្កុំថ្កើងរបស់មាតុភូមិ និងប្រជាជនកម្ពុជាជាដរាបតរៀងទៅ៕