(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងដាស់តឿនឲ្យរួមគ្នាអភិរក្សវប្បធម៌ ប្រពៃណីជាតិឲ្យបានគង់វង្ស ជាជាងចម្លងវប្បធម៌បរទេស។
សម្តេចកិត្តិសង្គហបណ្ឌិត ថ្លែងបែបនេះ ខណៈដែលសម្តេចអញ្ជើញសំណេះសំណាលជាមួយមន្រ្តីរាជការ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃសាលាមធ្យមវិចិត្រសិល្បៈ ព្រមទាំងទស្សនាការសម្តែងសិល្ប: នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។
សម្តេច ម៉ែន សំអន បានបញ្ជាក់យ៉ាងដូច្នេះថា «ការអភិវឌ្ឍវប្បធម៌ គឺជាការអភិវឌ្ឍធនធានមនុស្ស។ ជាក់ស្ដែង គឺការអភិវឌ្ឍប្រភពកម្លាំងមនុស្ស ដែលជាដើមកំណើតនៃការបង្កើតវប្បធម៌ផងដែរ។ យើងត្រូវចងចាំថា ដើម្បីមានវប្បធម៌ គឺយើងត្រូវអប់រំប្រពៃណីដល់យុវជនជំនាន់ក្រោយ និងត្រូវរួមគ្នាអភិរក្សវប្បធម៌ ប្រពៃណីជាតិឲ្យបានគង់វង្ស ជាជាងចម្លងវប្បធម៌បរទេស»។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសសើរដល់លោកគ្រូ អ្នកគ្រូ នាយកសាលា ដែលបានយកចិត្តិទុកដាក់បណ្តុះបណ្តាលដល់សិស្សានុសិស្សជំនាន់ក្រោយ ជាទំពាំងស្នងឬស្សីប្រកបដោយចំណេះ ជំនាញ និងបទពិសោធន៍ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។
ក្នុងឱកាសនោះ លោក ហេង កំសាន្ត នាយកសាលាមធ្យមវិចិត្រសិល្បៈ បានជម្រាបជូនអំពីដំណើរការរៀបចំ និងការប្រព្រឹត្តទៅរបស់សាលាមធ្យមវិចិត្រសិល្បៈ។
លោកបានឲ្យដឹងថា សាលាមធ្យមវិចិត្រសិល្បៈ មានមន្ត្រីរាជការ លោកគ្រូ/អ្នកគ្រូ និងសិស្សានុសិស្សសរុបប្រមាណជាង ១៤០០នាក់ ដឹកនាំដោយនាយក សាលា ១ រូប និងនាយករង ៤ រូប មានការិយាល័យចំណុះចំនួន ៤ មានសាលាបច្ចេកទេសចំនួន៥ គឺ៖ ១- សាលារបាំ មានបីជំនាញ ដូចជារបាំបុរាណ របាំប្រពៃណី និងល្ខោនខោល, ២- សាលាតូរ្យតន្ត្រី មាន២៤ជំនាញ ដូចជា វីយូឡុង ស លឡូ វិយូឡា កុងត្រីបាស់ ព្យាណូ ហ្គីតា ក្លារីណែត ត្រុំប៉ែត ល្មុត សាក់សូ ឃឹម ទ្រអ៊ូ ទ សោ តះខេ រនាដឯក រនាដធុង ខ្លុយ ស្រឡៃ គងតូច គងធំ ចាប៉ី អាយ៉ៃ ចម្រៀងជាពួក ចម្រៀងបុរាណ, ៣- សាលាល្ខោន មានបីជំនាញ ដូចជាល្ខោននិយាយ ល្ខោនយីកេ ល្ខោន បាសាក់, ៤- សាលាសៀក មានឯកទេសចំនួន៧ ដូចជាឯកទេសអាក្រូបាត ឯកទេស លំនឹង ឯកទេសតះ ឯកទេសស្សីណេស្ទិក ឯកទេសកំប្លែង ឯកទេសរហ័សកម្ម ឯកទេស ផ្សាំងសត្វ និង៥- សាលាសិល្បៈសូនរូប មានឯកទេសចំនួន១០ ដូចជាសិល្បៈគំនូរវិចិត្រ កម្ម សិល្បៈចម្លាក់ប្រាក់ សិល្បៈគំនូរបុរាណ សិល្បៈចម្លាក់ស្មិត សិល្បៈគំនូរផ្សាយ សិល្បៈ ចម្លាក់ពុម្ព សិល្បៈលម្អក្រណាត់ សិល្បៈខ្មុកស្មាច់ សិល្បៈចម្លាក់ឈើ និងសិល្បៈ កុលាលភាជន៍។
បើតាមលោកនាយក បច្ចុប្បន្ន សាលាមធ្យមវិចិត្រសិល្បៈ មានលោកគ្រូ/អ្នកគ្រូ និងសិស្សានុសិស្សស្នាក់នៅក្នុងបន្ទុក សាលាចំនួន៧៧នាក់ (ស្រី៤៦នាក់)៕