(ភ្នំពេញ)៖ លោកបណ្ឌិត ហ៉ី វីរៈ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ បានចុះទៅសួរសុខទុក្ខ លោកស្រី ញ៉ ម៉ារី ដែលបានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ទាំងខ្លួនកំពុងពពោះគ្រប់ខែនោះ ហើយគ្រាន់តែចេញពីការិយាល័យបោះឆ្នោត ទៅដល់មន្ទីរពេទ្យ ក៏សម្រាលបានកូនស្រីម្នាក់ និងដាក់ឈ្មោះថា «យូ សុះកក្កដា»

ក្នុងឱកាសនោះ លោកបណ្ឌិត ហ៉ី វីរៈ បានឲ្យដឹងថា ការទៅចូលរួមបោះឆ្នោតរបស់ប្អូនស្រីខាងលើ ពុំមានការបង្ខិតបង្ខំ ញុះញង់ គំរាមកំហែងពីសំណាក់ក្រុមអ្នកនយោបាយណាមួយឡើយ ផ្ទុយទៅវិញទង្វើនេះបង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋខ្មែរដែលមានអាយុគ្រប់ទៅបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រូវតែបង្ហាញសិទ្ធិជ្រើសរើសតំណាងរបស់ខ្លួន ដើម្បីដឹកនាំអភិវឌ្ឍប្រទេសជាតិជានិរន្តរ៍។

សូមជម្រាបថា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅឃុំសែប គ្រួសារមួយដែលមានប្តីឈ្មោះ កុប យូសុះ អាយុ ២៣ឆ្នាំ និងប្រពន្ធឈ្មោះ ញ៉ ម៉ារី អាយុ ២៣ឆ្នាំ មានទីលំនៅក្នុងភូមិប្រវឹកពង ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមានផ្ទៃពោះជិតនឹងសម្រាលកូន បានខិតខំព្យាយាមទៅបោះឆ្នោត នៅការិយាល័យបោះឆ្នោត លេខ ០៣៦៤ ស្ថិតនៅវិហារប្រវឹកពង នាវេលាម៉ោង ១០៖៣០ នាទីព្រឹក ក្នុងឃុំសែប ស្រុកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ តបតាមព្រះរាជអំពាវនាវដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

យ៉ាងណាមិញ ញ៉ ម៉ារី ដែលខ្លួនកំពុងពពោះ ជិតដល់ថ្ងៃខែដែលត្រូវសម្រាលកូនហើយនោះ ដោយបានជួលរថយន្តត្រៀមសម្រាប់ទៅសម្រាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដោយមានឆន្ទៈជាពលរដ្ឋខ្មែរមួយរូប លោកស្រីបានអញ្ជើញទៅចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅក្នុងឃុំរបស់ខ្លួនផងដែរ ដើម្បីជ្រើសរើសនូវមេដឹកនាំដែលខ្លួនស្រឡាញ់ពេញចិត្ត។

បន្ទាប់ពីធ្វើការបោះឆ្នោតរួច ប្អូនស្រីបានធ្វើដំណើរទៅដល់មន្ទីរពេទ្យ ដោយសម្រាលបានកូនស្រីមួយដ៏ស្រស់ស្អាត នៅវេលាម៉ោង ៣៖៣០ នាទីរសៀល និងបានដាក់ឈ្មោះថា «យូ សុះកក្កដា»