(ភ្នំពេញ)៖ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល កម្ពុជាបានអភិវឌ្ឍន៍ និងរីកចម្រើនស្ទើរគ្រប់វិស័យ ក្នុងនោះវិស័យអប់រំរបស់កម្ពុជា បាននិងកំពុងវិវឌ្ឍស្មើមុខ ស្មើមាត់ លើឆាកលើពិភពលោក។

ជាក់ស្តែងការប្រកួតគណិតវិទ្យាអូឡាំព្យាដអន្តរជាតិសិង្ហបុរី ឆ្នាំ២០២៣ (SIMOC 2023) ដែលត្រូវបានប្រារព្ធឡើងពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នៅប្រទេសសិង្ហបុរី បេក្ខជនដែលសិស្សតំណាងប្រទេសកម្ពុជាមានចំនួន ៣៧នាក់មកពី ១៤សាលារដ្ឋ និងឯកជនផ្សេងៗគ្នា បានចូលរួមប្រកួតប្រជែង។

លោក យ៉ែម សុភ័ណ្ឌ ប្រធានរៀបចំការប្រឡងគណិតវិទ្យាអន្តរជាតិសិង្ហបុរី ប្រចាំនៅកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថានេះជាឆ្នាំទី៩ ហើយនៃការគណិតវិទ្យាអូឡាំព្យាដអន្តរជាតិសិង្ហបុរីនេះ ដោយមានបេក្ខជនចូលរួមសរុបចំនួន ១,៦៣៣ មកពីបណ្តាល ២៥ប្រទេសទូទាំងពិភពលោក។

ការប្រកួតនេះត្រូវបានបែងចែកជា ៣កម្មវិធី៖
១៖ Math Olympiad Contest (ការប្រកួតជាឯកជន)
២៖ Mind Sports Challenge (ការប្រកួតជាក្រុម)
៣៖ Maths Warriors Competition (ការប្រកួតជាក្រុម)

ជាលទ្ធផលនៃបេក្ខជនរបស់កម្ពុជាទាំងអស់គ្នាទទួលបាន៖
* រង្វាន់នៃសិស្សលំដាប់ពិន្ទុខ្ពស់ទាំង ៣កម្មវិធីបញ្ចូលគ្នាលំដាប់ទី២ ប្រចាំថ្នាក់ទី១១ ចំនួន១
* មេដាយមាសសរុបចំនួន១៣ មេដាយប្រាក់ចំនួន៦ និងមេដាយសំរឹទ្ធចំនួន២៣

លោកបញ្ជាល់ថា «នេះជាឆ្នាំទី១ ដែលបេក្ខជនកម្ពុជា ចូលរួមការប្រឡងកម្រិតអន្តរជាតិ គណិតវិទ្យាអូឡាំព្យាដ អន្តរជាតិ សិង្ហបុរី ទទួលបានរង្វាន់សិស្សលំដាប់ខ្ពស់ និងមេដាយមាសពីការប្រកួតលើវិញ្ញាសាគណិតវិទ្យាជាឯកជននេះ។ យើងសង្ឃឹមយ៉ាងមុតមាំថា បេក្ខជនកម្ពុជា អាចប្រមូលយកមេដាយជាច្រើនបន្ថែមទៀត ពីកម្មវិធីលំដាប់ពិភពលោកនេះនៅឆ្នាំក្រោយៗទៀត»