(សៀមរាប)៖ លោកឧកញ៉ា សៀង ណាំ ជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិលេខរៀងទី២របស់គណបក្សប្រជាជនកម្ពុជាប្រចាំមណ្ឌលសៀមរាប និងជាអនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តសៀមរាប ជាប្រធានក្រុមការងារចុះជួយស្រុកក្រឡាញ់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់មន្ត្រី អាជ្ញាធរ ព្រមទាំងក្រុមការងារបក្សគ្រប់លំដាប់ថ្នាក់នៅខេត្តសៀមរាប ដែលបានបំពេញការងារប្រកបដោយការយកចិត្តទុកដាក់ធ្វើឲ្យដំណើរការរៀបចំការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន។

លោកឧកញ៉ាបានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋនៅខេត្តសៀមរាប ដែលស្រឡាញ់ និងជឿទុកចិត្ត ហើយបន្តគាំទ្រដល់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ហើយទទួលបានសំឡេងគាំទ្រឈ្នះ នៅនីតិកាលទី៧នេះ និងបានឈ្នះដាច់តាមលទ្ធផលជាបឋមរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទទួលបានសំឡេង៦លើ៦អាសនៈ នៅខេត្តសៀមរាប។

ការថ្លែងអំណរគុណ និងកោតសសើរពីសំណាក់លោកឧកញ៉ា គឺបានធ្វើឡើងនៅក្នុងពិធីសំណេះសំណាល និងការរៀបចំទទួលទានអាហារសាមគ្គីជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាប្រមាណ៥០០នាក់ នៅស្រុកក្រឡាញ់ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះ ស្របពេលជ័យជម្នះយ៉ាងត្រចះត្រចង់ជូនគណបក្សប្រជាជនកម្ពុជា នៅនីតិកាលទី៧ ឆ្នាំ២០២៣នេះ។

លោកឧកញ៉ាបានបញ្ជាក់ថា ទន្ទឹមនេះ គឺដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយជោគជ័យ ក្រោមបរិយាកាសយ៉ាងល្អប្រសើរ សុខសន្តិភាព និងគ្មានអំពើហិង្សា នៃការបោះឆ្នោតជ្រើសតំណាងរាស្ត្រ នីតិកាលទី៧ ក៏បានបង្ហាញទៅកាន់មជ្ឈដ្ឋានជាតិនិងអន្តរជាតិឲ្យឃើញនូវភាពកាន់តែចាស់ទុំ និងភាពម្ចាស់ការ ព្រមទាំងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជាក្នុងការអនុវត្តគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕