(ភ្នំពេញ)៖ ក្រុមប្រឹក្សាភិបាល គណៈកម្មការប្រតិបត្តិ និងសមាជិក សមាជិកា នៃសមាគមសម្ព័ន្ធយុវជនមុស្លីមកម្ពុជា (ស.យ.ម.ក) សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ កាលពីថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងមកនេះ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)
បានចេញសេចក្តីប្រកាសលទ្ធផលបណ្តោះអាសន្ន កាលពីរាត្រីថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតគាំទ្រយ៉ាងលើសលុបគួរជាទីមោទនៈ។
ក្នុងសេចក្ដីថ្លែងការណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះ សមាគមសម្ព័នយុវជនមុស្លាមកម្ពុជា សង្កេតឃើញថា ដំណើរការបោះឆ្នោត ក៏ដូចជាប្រកាសលទ្ធផលបោះឆ្នោត ពិតជាមានតម្លាភាព សេរី យុត្តិធម៌ សច្ចភាព និងប្រជាធិបតេយ្យយ៉ាងពិតប្រាកដ ដោយពុំមានការបង្ខិតបង្ខំ ការគាបសង្កត់ ការបំភិតបំភ័យ គំរាមកំហែងអ្វីឡើយ។ ក្នុងន័យនេះ ប្រជាជនកម្ពុជាគ្រប់រូប ដែលបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត បានទៅបោះឆ្នោត ប្រកបដោយភាពជឿជាក់ ក្តីសង្ឃឹម និងមោទនភាពបំផុត។
សមាគមសម្ព័ន្ធយុវជនមុស្លាមកម្ពុជា សូមចូលរួមថ្កោលទោសដល់ក្រុមដែលមាននិន្នាការប្រឆាំង ពិសេសគឺ ទណ្ឌិត សម រង្ស៊ី អតីតមេបក្សប្រឆាំង និងបក្ខពួកនៅក្រៅប្រទេស ហើយបានញុះញង់ ឲ្យប្រជាជនក្នុងប្រទេស ធ្វើសកម្មភាពខុសច្បាប់ ដូចជាការគូសខ្វែងសន្លឹកឆ្នោតចោលជាដើម ផ្ទុយទៅវិញ សកម្មភាពដែលក្រុមប្រឆាំងកំពុងតែធ្វើនោះ មិនត្រឹមតែពុំបានផលនោះទេ ថែមទាំងបានធ្វើឲ្យសន្លឹកឆ្នោតមិនបានការមានចំនួនថមថយចុះទៅវិញ នេះបើប្រៀបធៀបរវាងការបោះឆ្នោត នៅនីតិកាលទី៧នេះ ទៅនឹងការបោះឆ្នោតនៅនីតិកាលទី៦កន្លងទៅ។
សមាគមសម្ព័ន្ធយុវជនមុស្លាមកម្ពុជា សូមប្រកាសគាំទ្រទាំងស្រុងចំពោះលទ្ធផល ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសបណ្ដោះអាសន្ន និងសូមចូលរួមអបអរយ៉ាងក្លៀវក្លាចំពោះ គណបក្សប្រជាជនកម្ពុជា ដែលទទួលបានសំឡេងគាំទ្រយ៉ាងលើសលុប ក្នុងការបោះឆ្នោត នីតិកាលទី៧ ឆ្នាំ២០២៣នេះ។ នេះសបញ្ជាក់ឲ្យឃើញថា ប្រជាជនកម្ពុជានៅតែគោរព ស្រឡាញ់ និងគាំទ្រគណបក្សប្រជាជនកម្ពុជា ហើយចង់ឃើញ គណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេសជាបន្តទៀត៕