(សៀមរាប)៖ ភ្នំគូលែន ជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ និងធម្មជាតិដ៏ទាក់​ទាញមួយសម្រាប់អ្នកទេសចរ។ ពីមុនការឡើងលើភ្នំគូលែន គឺអាចឡើងបានតែ​ខាង​បន្ទាយស្រីជាមួយផ្លូវដីក្រួសក្រហម ដោយឡែកនៅបែកខាងស្វាយលើ គេមិនអាចធ្វើដំណើរឡើងលើភ្នំគូលែនបាននោះឡើយ។

នៅលើភ្នំគូលែន ក៏មានប្រជាពលរដ្ឋរស់នៅជាច្រើនផងដែរ។ ប្រជាពល​រដ្ឋ​រស់​នៅលើភ្នំគូលែននេះ គឺស្ថិតក្រោមរដ្ឋបាលគ្រប់គ្រងរបស់ស្រុកស្វាយលើ។ ក្រៅ តែពីមិនមានផ្លូវសម្រាប់ចុះមកខាងស្រុកស្វាយលើហើយនោះ នៅលើភ្នំ​នោះ​​ទៀតសោត ក៏ពួកគេមិនមានផ្លូវសម្រាប់ធ្វើដំណើរផងដែរ។

ប្រជាពលរដ្ឋនៅលើភ្នំនេះ បើមានការត្រូវចុះពីលើភ្នំ ដើម្បីរកសេវាផ្សេងៗពី​អាជ្ញា​ធរ​​ស្រុក​ស្វាយលើ គឺតម្រូវឱ្យធ្វើដំណើរចុះទៅខាងស្រុកបន្ទាយស្រី ហើយ​ធ្វើ​ដំណើរ​ទៅកាន់ស្រុកស្វាយលើ ដែលមានចម្ងាយជិត១០០គីឡូម៉ែត្រ។ បញ្ហា​​គ្មាន​ផ្លូវនេះ បាននាំឱ្យប្រជាពលរដ្ឋជួបការលំបាកជាខ្លាំងក្នុងការរស់នៅ និង​ការ​ប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។

លោក សាត ពៅ អភិបាលរងស្រុកស្វាយលើ បានប្រាប់ Fresh News ថា ពីមុនប្រជាពលរដ្ឋនៅលើភ្នំគូលែន ជួបការលំបាកខ្លាំងនៅពេលគាត់ចង់ចុះមក​ស្រុកស្វាយលើ ដោយសារមិនមានផ្លូវចុះមកនោះឡើយ។ ការចុះមកអាចធ្វើ​ដំណើរបានតាមថ្មើរជើងប៉ុណ្ណោះ បើជិះម៉ូតូ គឺត្រូវជិះទៅចុះខាងបន្ទាយស្រី ហើយជិះទៅស្វាយលើ ដែលមានចម្ងាយរហូតទៅជាង ៨០គីឡូម៉ែត្រ។

មិនត្រឹមតែប្រជាពលរដ្ឋនោះទេ មន្ត្រីដែលត្រូវឡើងទៅដោះស្រាយបញ្ហា ឬ​ផ្តល់​សេវាផ្សេងៗក៏លំបាក ព្រោះត្រូវជិះវាងឆ្ងាយ។

លោក ហន ហូន ពលរដ្ឋរស់នៅលើខ្នងភ្នំគូលែន បានរៀបរាប់ឱ្យដឹងថា តាំងពី​លោកដឹងក្តីមកលើខ្នងភ្នំគូលែនមិនដែលមានផ្លូវសម្រាប់ធ្វើដំណើរ និងសម្រាប់​ចុះទៅខាងស្រុកស្វាយលើនោះឡើយ។ ប្រជាពលរដ្ឋចង់ចុះទៅខាងស្រុក​ស្វាយ​​លើ គឺអាចធ្វើដំណើរដោយថ្មើរជើង ដោយប្រើពេលយូរ។ បើមានទិញ​ចំណី​អាហារហូបចុក ឬរបស់ប្រើប្រាស់ផង គឺមានតែរែក ឬពុនតែប៉ុណ្ណោះ។

ដោយមើលឃើញការលំបាករបស់ប្រជាពលរដ្ឋនៅលើភ្នំគូលែនបែបនេះហើយទើបរាជរដ្ឋាភិបាល​ បានសម្រេចសាងសង់ផ្លូវបេតុងមួយខ្សែសម្រាប់ប្រជា​ពល​រដ្ឋ​ធ្វើដំណើរ។ ការដ្ឋានសាងសង់ផ្លូវនេះ បានចាប់ផ្តើមកាលពីឆ្នាំ២០១៧។ ផ្លូវបេតុងនេះ សាងសង់ចាប់ពីទីប្រជុំជនស្រុកស្វាយលើឡើងទៅលើភ្នំ ហើយ​កាត់តាមភូមិរបស់ប្រជាពលរដ្ឋតែម្តង។ បច្ចុប្បន្នផ្លូវបេតុងនេះ បានសង់ទៅ​ដល់ព្រះអង្គធំលើខ្នងភ្នំគូលែន ដែលមានប្រវែងប្រមាណជា ២៣គីឡូម៉ែត្រ។

តាមគម្រោងរបស់រាជរដ្ឋាភិបាលផ្លូវនេះ គ្រោងនឹងសាងសង់បន្តពី​ព្រះអង្គ​ធំ​ចុះ​ទៅខាងស្រុកបន្ទាយស្រីផងដែរ។ បន្ទាប់ពីផ្លូវត្រូវបានសាងសង់រួចរាល់ ប្រជា​ពល​​រដ្ឋលែងជួបការលំបាកទៀតហើយ។ ក្រៅតែពីសាងសង់ផ្លូវបេតុងរួចរាល់​ហើយនោះ អាជ្ញាធរក៏បានរត់បណ្តាញអគ្គិសនីជូនប្រជាពលរដ្ឋនៅលើភ្នំ បាន​ប្រើប្រាស់ផងដែរ។

ប្រជាពលរដ្ឋលើភ្នំគូលែនដែលធ្លាប់តែជួបការលំបាកព្រោះគ្មានផ្លូវធ្វើដំណើរនោះ បានបង្ហាញការរីករាយសប្បាយចិត្តជាខ្លាំងក្រោយពេលមានផ្លូវ​សម្រាប់​ធ្វើ​ដំណើរឡើងចុះលើភ្នំបានលឿនរហ័ស។

ក្រោយពីមានផ្លូវបេតុងភ្ជាប់ពីទីរួមស្រុកស្វាយលើ ទៅកាន់លើភ្នំហើយនោះ ភ្នំគូលែនមិនមានសភាពស្ងប់ស្ងាត់ដូចមុនទៀតនោះឡើយ។ ប្រជាពលរដ្ឋនៅ​ជើងភ្នំ ក៏ដូចជាអ្នកទេសចរជិតឆ្ងាយតែងនាំគ្នាទៅលេងភ្នំគូលែន។

ទន្ទឹមនឹងការមានផ្លូវងាយស្រួលធ្វើដំណើរហើយនោះ ប្រជាពលរដ្ឋក៏បាន​សំណូមពរឱ្យរាជរដ្ឋាភិបាលពិនិត្យលើការយកលុយអ្នកឡើងទៅលេងភ្នំគូលែនពីសំណាក់ក្រុមហ៊ុននគរគោកធ្លករបស់អ្នកឧកញ៉ា សៀង ណាំ ផងដែរ។

ក្រុមហ៊ុននគរគោកធ្លករបស់អ្នកឧកញ៉ា សៀង ណាំ បានដាក់ប៉ុស្តិ៍យកលុយ​ពីអ្នកឡើងទៅលេងលើភ្នំគូលែនយូរឆ្នាំមកហើយ។ កាលពីពេលមុនក្រុមហ៊ុន​ដាក់​ប៉ុស្តិ៍តែនៅលើផ្លូវឡើងពីខាងស្រុកបន្ទាយស្រីប៉ុណ្ណោះ តែបច្ចុប្បន្នក្រុម​ហ៊ុនក៏បានដាក់ប៉ុស្តិ៍យកលុយលើផ្លូវបេតុងពីខាងស្រុកស្វាយលើផងដែរ។

មានអ្នកទេសចរឡើងលើភ្នំគូលែនជាច្រើន បានយល់ច្រឡំថា ថ្លៃសំបុត្រនោះ គេយកជាថ្នូរនឹងការសាងសង់ផ្លូវបេតុង។ លោក សាត ពៅ អភិបាលស្រុក​ស្វាយ​លើបានគូសបញ្ជាក់ថា ផ្លូវបេតុងនោះ ជាគម្រោងរបស់រាជរដ្ឋាភិបាល​សាង​សង់ជូនប្រជាពលរដ្ឋធ្វើដំណើរ ដោយមិនតម្រូវឱ្យបង់លុយសម្រាប់ឆ្លង​កាត់​នោះឡើយ។

បើតាមបុគ្គលិកក្រុមហ៊ុននគរគោកធ្លក បានប្រាប់ Fresh News ថា លុយ​ដែល​ក្រុមហ៊ុនយកនោះមិនមែនជាថ្លៃសម្រាប់ឆ្លងកាត់ផ្លូវនោះឡើយ ជាលុយ​សម្រាប់ការចូលទស្សនារមណីយដ្ឋានភ្នំគូលែន សម្រាប់ការថែទាំអនាម័យ និងការរៀបចំសណ្តាប់ធ្នាប់ និងសន្តិសុខ។

បើតាមបុគ្គលិករូបនេះ បានឱ្យដឹងថា ថ្លៃសំបុត្រសម្រាប់ការចូលទៅកម្សាន្តនៅ​រមណីយដ្ឋានភ្នំគូលែនសម្រាប់ជនបរទេសក្នុងមួយនាក់តម្លៃ ២០ដុល្លារ។ ដោយ​ឡែកប្រជាពលរដ្ឋខ្មែរ​ក្នុងមួយរថយន្ត សម្រាប់រថយន្តធំ ៥ពាន់រៀល រថយន្តគ្រួសារ ៣ពាន់រៀល ហើយសម្រាប់ម៉ូតូមួយគ្រឿង ១,៥០០រៀល។

ប្រជាពលរដ្ឋហាក់មិនសូវជាសប្បាយចិត្តនោះឡើយចំពោះការយកលុយ និងសំណូមពរឱ្យរាជរដ្ឋាភិបាលមានការកែសម្រួលលើការយកលុយនេះ។ មិនសប្បាយចិត្តនោះ ព្រោះថា ក្រុមហ៊ុនបានដាក់ប៉ុស្តិ៍យក​លុយនៅលើ​ផ្លូវ​ធ្វើ​ដំណើរឆ្លងកាត់តែម្តង ដូច្នេះអ្នកដំណើរខ្លះគ្រាន់តែធ្វើដំណើរឆ្លងកាត់លើភ្នំ ក៏ត្រូវបង់លុយដែរ ទោះពួកគេមិនបានចូលលេងនៅរមណីយដ្ឋានភ្នំគូលែន​ក៏​ដោយនោះ។

ប្រជាពលរដ្ឋចង់ឱ្យមានកែសម្រួលទីតាំងដាក់ប៉ុស្តិ៍យកលុយមិនគួរដាក់នៅលើផ្លូវ​ឆ្លងកាត់នោះឡើយ គួរតែដាក់នៅទីតាំងដែលចូលទៅលេងកម្សាន្ត។ បើមិន​ដូច្នោះប្រជាពលរដ្ឋដែលឆ្លងកាត់លើផ្លូវ ត្រូវចំណាយលុយ​រាល់ពេល​ពួក​គាត់​ឆ្លង​កាត់៕