(កែប)៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ នេះ លោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានដឹកនាំប្រតិភូក្រុមការងារក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងតំណាងអាជ្ញាធរខេត្តចុះពិនិត្យសមិទ្ធផលនានា ក្នុងខេត្តកែប ដែលរួមមានស្រះទឹកធំៗសរុបចំនួន០៧ ក្នុងនោះស្រះទឹកចំនួន០៤ ស្ថិតនៅក្នុងសង្កាត់អង្កោល ក្រុងកែប ខេត្តកែប ស្រះទឹកចំនួន ០២ ស្ថិតនៅភូមិទួលសាងុាំ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ និងស្រះទឹកចំនួន ០១ ស្ថិតនៅឃុំពងទឹក ស្រុកដំណាក់ចង្អើរខេត្ត កែប ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកែប។
ថ្លែងសំណេះសំណាល នាឱកាសនោះ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបញ្ជាក់ថាអំណោយរបស់សម្តេចតេជោនេះ គឺដើម្បីដោះស្រាយ និងទប់ទល់នូវភាពរាំងស្ងួត ដែលនឹងអាចអូសបន្លាយជាយថាហេតុ ដោយបាតុភូតធម្មជាតិ នៅក្នុងរដូវប្រាំងក្តៅហែង ដូចដែលធ្លាប់កើតមានកាលពីខែប្រាំងកន្លងទៅថ្មីៗនេះ ដែលពេលនោះសម្តេចបានចេញយុទ្ធនាការចែកទឹកទូទាំងប្រទេស និងបានដាក់ចេញនូវផែនការស្តារស្រះចាស់ ជីកស្រះថ្មី រឺស្តារអណ្តូងចាស់ ជីកអណ្តូងថ្មី។ លោកទេសរដ្ឋមន្ត្រី បានណែនាំប្រជាពលរដ្ឋ និងអាជ្ញាធរឲ្យខិតខំថែរក្សាសមិទ្ធផលរួមនេះ ដោយត្រូវ រក្សាអនាម័យ និងបរិស្ថានល្អជុំវិញស្រះទឹក និងមិនត្រូវយកទឹកក្នុងស្រះធ្វើអាជីវកម្ម ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ ។ ស្ថិតក្នុងឱកាស នោះដែរ លោកទេសរដ្ឋមន្ត្រី និងគណៈប្រតិភូ ក៏បានចុះពិនិត្យ ស្វែងយល់ពីដំណើរការសិក្សាជំនាញ កំព្យូទ័រ និងភាសាអង់គ្លេស របស់យុវជន និងកុមារា កុមារី ដែលក្រុមការងារបានរៀបចំអនុវត្ត តាមប្រសាសន៍ណែនាំរបស់លោកទេសរដ្ឋមន្ត្រី ដើម្បីលើកកម្ពស់ធនធានមនុស្សនៅមូលដ្ឋានផ្ទាល់ តាមរយៈការជួលគ្រូបង្រៀនមកបង្រៀនកូនចៅប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅទីស្នាក់ការគណបក្សភូមិ និងឃុំ ដោយក្នុងនោះ លោកទេសរដ្ឋមន្ត្រី ជាអ្នកឧបត្ថម្ភកំព្យូទ័រមួយកំប្លេរ និងថ្លៃឈ្នួលគ្រូបង្រៀន នៅតាមទីតាំងនីមួយៗ។
ជាក់ស្តែង ក្នុងឱកាស សំណេះសំណាលជាមួយកុមារា កុមារី ជាកូនចៅប្រជាពលរដ្ឋ ដែលមកសិក្សាភាសាអង់គ្លេស ក្នុងទីស្នាក់ការគណបក្សភូមិថ្មី សង្កាត់ ព្រៃធំ ក្រុងកែប ខេត្ត កែប ប្រមាណ ៨០ នាក់ លោកទេស រដ្ឋមន្ត្រី បានសម្រេច បន្ថែមម៉ោងសិក្សាចំនួន ០១ ម៉ោងទៀត សម្រាប់មនុស្សធំ និងមនុស្សចាស់ ពីព្រោះមានប្រយោជន៍សម្រាប់ការងារទំនាក់ទំនង និងលក់ដូរ អាជីវកម្ម ពីព្រោះខេត្តកែបជាខេត្តទេសចរណ៌ដ៏មានសក្តានុពល ។ ដោយឡែកសិស្សក្មេងៗ ដែលទទួលចំណាត់ថ្នាក់ចាប់ពីលេខ១ ដល់លេខ២០ នឹងទទួលការឧបត្ថម្ភកង់ម្នាក់០១ គ្រឿង ។
នៅថ្ងៃដដែលនេះដែរ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និងគណៈប្រតិភូ ក៏បានអញ្ញើញពិនិត្យជាក់ស្តែងដំណើរការសាងសង់សាលាបឋមសិក្សាចំការស្វាយ ១ខ្នង ៥ បន្ទប់ ស្ថិតនៅ ភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ក្រោមថវិកាមូលនិធិបម្រើផលប្រយោជន៍សង្គមរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែល បានដំណើរការសាងសង់ បានប្រមាណ ៧០ % ហើយ ជាមួយការ សំណេះសំណាល និងផ្តល់ជូនថវិកាមួយចំនួនដល់លោកគ្រូ អ្នកគ្រូ នៅទីនោះផងដែរ។
ជាមួយនឹងសមិទ្ធផលនានាដែលបានលេចចេញជារូបរាងជាបន្តបន្ទាប់នេះ បានធ្វើឲ្យប្រជាពលរដ្ឋនៅទូទាំងខេត្តកែប មានសេចក្តីសោមនស្សរីករាយជាពន់ពេក និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅតាមរយៈ លោក ចម ប្រសិទ្ធ ជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងបានយកចិត្តទុកដាក់គិតគូរដល់ប្រជាពលរដ្ឋ គ្រប់ពេលវេលា និងបានជូនពរសម្តេចទាំងពីរសូមមានសុខភាពល្អ កម្លាំងពលាំងមាំមួន ដើម្បីបន្តដឹកនាំប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនថែមទៀត។
ដោយឡែក នៅរសៀលថ្ងៃដដែល លោកទេសរដ្ឋមន្ត្រី និងលោកអភិបាលខេត្តកែប បានអញ្ជើញចុះពិនិត្យទីតាំងដីបម្រុងរបស់ខេត្ត ដើម្បីពិនិត្យលទ្ធភាពអភិវឌ្ឍន៍លើវិស័យផ្សេងៗ ដូចជាៈ សាងសង់សាកលវិទ្យាល័យ មជ្ឈមណ្ឌលបណ្តុះបណ្តាល និងសួនបំពាក់ផ្ទាំងសូឡាអគ្គិសនី ជាដើម ដែលជាទស្សនៈវិស័យវែងឆ្ងាយរបស់ លោកទេសរដ្ឋមន្ត្រី ក្នុងនាមជាប្រធានក្រុមការងារចុះជួយខេត្តកែប៕