(សៀមរាប)៖ មន្ទីរពេទ្យកុមារអង្គរ គឺជាអង្គភាពសុខភាពមិនស្វែងរកប្រាក់ចំណេញ ពឹងផ្អែកទាំងស្រុងលើសាធារណជន ក្រុមហ៊ុន និងមូលនិធិនានា ដែលមានចិត្តសប្បុរស ដើម្បីរួមចំណែជួយឱ្យយើង អាចផ្តល់ការថែទាំសុខភាពទូទៅ និងឯកទេសដល់កុមារកម្ពុជាជាច្រើនម៉ឺននាក់ក្នុងមួយឆ្នាំៗ។
ជារៀងរាល់ឆ្នាំ មន្ទីរពេទ្យកុមារអង្គរតែងតែខិតខំប្រឹងប្រែងបង្កើត រៀបចំព្រឹត្តិការណ៍រៃអង្គាសនានាក្នុងគោលបំណងស្វែងរកថវិកា ដើម្បីបំពេញតម្រូវការ ពិនិត្យ ព្យាបាលកុមារកម្ពុជា ប្រកបដោយគុណភាពខ្ពស់ និងក្តីមេត្តាករុណា។
ក្នុងទិវាព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារឆ្នាំទី៩ខាងមុខនេះ មន្ទីរពេទ្យកុមារអង្គរគ្រោងនឹងរៀបចំកម្មវិធីជិះកង់ប្រចាំឆ្នាំរបស់ខ្លួនដែលនឹងប្រព្រឹត្តិទៅ នាថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៦ព្រឹក ដោយចាប់ផ្តើមចេញពីគោលដៅមុខសណ្ឋាគារ សុខាសៀមរាប (ផ្លូវ៦០ម) ឆ្ពោះទៅបញ្ចប់នៅទីតាំងវាយកូនហ្គោល សៀមរាប ប៊ូយ៉ុង ខាន់ទ្រីក្លឹប ក្រុងសៀមរាប។
ការចុះឈ្មោះចូលរួមត្រូវបានបើកជាផ្លូវការ ចាប់ពីថ្ងៃផ្សាយដំណឹងនេះ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ដោយតម្រូវឲ្យអ្នកចូលរួមជិះកង់បង់ថវិកាចំនួន២៥ដុល្លារក្នុងមួយនាក់ ដើម្បីទទួលបានអាវយឺតដ៏ស្រស់ស្អាតជាអនុស្សាវរីយ៍ អាហារសម្រន់ អាហារថ្ងៃត្រង់ (កញ្ចប់) ដ៏ឆ្ងាញ់ប្រកបដោយអនាម័យ និងទឹកបរិសុទ្ធសម្រាប់ញ៉ាំ ព្រមទាំងមានឱកាសចូលរួមសកម្មភាពកំសាន្តជាមិត្តភាពយ៉ាងសប្បាយរីករាយក្នុងថ្ងៃកម្មវិធី ជាពិសេសគឺចូលរួមជួយសង្គ្រោះជីវិតដល់កុមារដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកុមារអង្គរ។
ស្របពេលជាមួយគ្នានេះដែរក៏មានយុវជនដ៏ក្លាហាន និងសប្បុរសពីររូបទៀតបាននិងកំពុងជិះកង់ ដើម្បីផ្សព្វផ្សាយដំណឹងអំពីសកម្មភាពនៃមន្ទីរពេទ្យកុមារអង្គរ ព្រមទាំងរៃអង្គាសថវិកាជាការចូលរួមអបអរសាទរព្រឹត្តិការណ៍ជិះកង់ឆ្នាំទី៩នេះឲ្យកាន់តែមានភាពអធិកអធមថែមទៀត។ យុវជនទី១ គឺលោក ទីវ ដារារិទ្ធ ជិះកង់តែម្នាក់ឯងបែបផ្សងព្រេង ឆ្លងកាត់ប្រទេសអាស៊ានចំនួន៦ ដោយចាប់ផ្តើមចេញពីប្រទេសកម្ពុជានាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ទៅកាន់ប្រទេសវៀតណាម ឡាវ ថៃ ម៉ាឡេស៊ី និងប្រទេសសិង្ហបុរី រួចវិលត្រលប់មកបញ្ចប់នៅគោលដៅគឺក្រុងសៀមរាប ប្រទេសកម្ពុជា ក្នុងអំឡុងចុងខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ ដែលមានចម្ងាយផ្លូវសរុបប្រមាណជា៩,០០០គីឡូម៉ែត្រ។
សូមតាមដានសកម្មភាពជិះកង់របស់គាត់នៅលើបណ្តាញសង្គម។ យុវជនមួយរួបទៀត គឺលោក ផូ ផល្លា ដែលលោកមានភរិយាជាមន្ត្រីទូតនៃប្រទេសកម្ពុជាប្រចាំប្រទេសបារាំង ក៏បានគ្រោងនឹងជិះកង់តែម្នាក់ឯងបែបផ្សងព្រង ឆ្លងកាត់ប្រទេសក្នុងទ្វីបអឺរ៉ុបចំនួន៨ ដោយចាប់ផ្តើមចាកចេញពីប្រទេសបារាំងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ទៅកាន់ប្រទេសលុចសំបួ ចក្រភពអង់គ្លេស ប៊ែលហ្ស៉ិក អ៊ីតាលី ហូឡង់ និងអាល្លឺម៉ង់ សរុបចម្ងាយផ្លូវជិះប្រមាណ៣,០០០គីឡូម៉ែត្រ។ នៅក្នុងសកម្មភាពជិះកង់របស់លោក ក៏មានការចូលរួមគាំទ្រ និងសហការយ៉ាងស្អិតរមួតពីបណ្តាស្ថានទូតនៃប្រទេសកម្ពុជាប្រចាំប្រទេសដែលលោកគ្រោងនឹងជិះកាត់ រួមទាំងពលរដ្ឋខ្មែរដែលរស់នៅទីនោះផងដែរ។ សូមតាមដានសកម្មភាពជិះកង់របស់គាត់ នៅលើបណ្តាញសង្គម។
លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ បានឱ្យដឹងថា «ពួកយើងពិតជាមានមោទនភាពបំផុតដែលបានឃើញប្រជាជនខ្មែរទាំងក្នុងនិងក្រៅប្រទេស រួបរួមគ្នាជួយដល់ប្រជាជនកម្ពុជា ជាពិសេសការជួយលើកស្ទួយដល់សុខុមាលភាពកុមារកម្ពុជាឲ្យកាន់តែប្រសើរឡើង ព្រោះពួកគេគឺជាអនាគតដ៏រឹងមាំនៃប្រទេសកម្ពុជាយើង»។
មន្ទីរពេទ្យកុមារអង្គរបានអំពាវនាវសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ចូលរួមគាំទ្រសកម្មភាពជិះកង់ទាំងបីខាងលើនេះ តាមរយៈការចូលរួមផ្ទាល់ក្នុងកម្មវិធីជិះកង់ នៅក្រុងសៀមរាបឲ្យបានច្រើនកុះករ ឬបរិច្ចាគថវិកាមកកាន់មន្ទីរពេទ្យកុមារអង្គរ តាមរយៈគណនីធនាគារដែលបានបង្ហាញនៅក្នុងការផ្សព្វផ្សាយតាមបណ្តាញសង្គមនៃកម្មវិធីទាំងបីខាងលើនេះ។
សម្រាប់ព័ត៌មានលម្អិតនៃការចូលរួមព្រឹត្តិការណ៍ជិះកង់ និងការបរិច្ចាគ៖
* ចុះឈ្មោះចូលរួមជិះកង់ ដើម្បីបរិស្ថាន និងសុខភាពកុមារ ឆ្នាំទី៩៖ https://shorturl.at/efsDW
បរិច្ចាគថវិកាមកកាន់មន្ទីរពេទ្យកុមារអង្គរ៖ ABA: 000 320 555 (Angkor Hospital for Children)
បរិច្ចាគចូលកម្មវិធីជិះកង់ជាមួយរិទ្ធិ៖ https://ahc.raisely.com/dararith-tiv/
* បរិច្ចាគចូលកម្មវិធីជិះកង់ លោក ផូ ផល្លា៖ https://angkorhospital.org/campaign/fundraise-for-ahc/fundraiser/3/
* ទំនាក់ទំនង៖ ទូរស័ព្ទ៖ ០៩៨/០១៧ ៧២៥ ៧៤៥ អ៊ីម៉ែល៖ [email protected]