(ភ្នំពេញ)៖ បុរី ឡេង ណាវ៉ាត្រា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ បានចេញលិខិតបដិសេធមួយ ដោយច្រានចោលព័ត៌មានអតិថិជន វ័យ ៨៣ឆ្នាំ អត់ផ្ទះឱ្យស្នាក់នៅ និងទៅនៅវត្ត។

ការចេញលិខិតបដិសេធនេះ បន្ទាប់ពីនាពេលថ្មីៗនេះ បុរីបានសង្កេតឃើញនូវការចុះផ្សាយមួយរបស់គណនីហ្វេសប៊ុក «Rathya Cool» កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ដោយបានបង្ហោះនូវអត្ថបទមិនពិត ភ្ជាប់ជាមួយនូវរូបភាព ដែលបានបង្កឱ្យមានការយល់ច្រឡំ ក្នុងចំណោមមតិសាធារណជន ក្នុងបណ្តាញសង្គមហ្វេសប៊ុក។

អត្ថបទនោះ មានខ្លឹមសារថា «សូមគោរពជូនអ្នកឧកញ៉ា Leng Navatra ឡេង ណាវ៉ាត្រា លោកយាយ តង ចន្ថ អាយុ៨៣ឆ្នាំ សព្វថ្ងៃគាត់ស្នាក់នៅវត្តពោធិលង្ការ ខេត្តសៀមរាប ដោយសារយាយចង់មានផ្ទះមួយសមរម្យនៅជាមួយចៅៗ ខ្ញុំជាចៅរបស់គាត់ក៏បានប្រមូលលុយខ្លួនឯងសន្សំជាង ១០ឆ្នាំ ខ្ចីគេផង និងលុយលោកយាយដែលគាត់ខំសន្សំតាំងពីមួយកាក់មួយសេន ដើម្បីទិញផ្ទះពីលោកឧកញ៉ា តាំងពីទិញមកអស់រយៈពេល២៥ខែ ហើយតែនៅតែមិនទាន់បានផ្ទះទៀត រកតែសសរមួយដើមក៏គ្មាន ផ្ទះក៏មិនបានលុយក៏អស់ពីខ្លួន។ យាយខ្ញុំសព្វថ្ងៃគាត់មានជំងឺប្រចាំកាយ ត្រូវការថវិកាជាចាំបាច់ ហើយខ្ញុំជាចៅសព្វថ្ងៃពិតជាអស់លទ្ធភាពជួយលោកយាយទៀតហើយសូមឲ្យលោកឧកញ៉ា ជួយទិញផ្ទះត្រលប់យកទៅវិញផង ដើម្បីមានលុយមើលជំងឺ សូមបងប្អូនក្នុងសង្គមជួយចែករំលែកសារនេះឲ្យឃើញដល់លោកឧកញ៉ាផង»

បុរី ឡេង ណាវ៉ាត្រា បានបដិសេធនូវការលើកឡើងខាងលើនេះ ដែលអាចបង្កការយល់ច្រឡំថា បុរី ឡេង ណាវ៉ាត្រា មិនមានគុណធម៌ក្នុងការប្រកបអាជីវកម្ម និងមិនជួយសម្របសម្រួលជូនអតិថិជនរបស់ខ្លួន។

បុរី ឡេង ណារ៉ាត្រា បានបកស្រាយដូចខាងក្រោម៖

១៖ កន្លងមក សម្រាប់ករណីផ្ទះដែលមិនទាន់បានសាងសង់រួចរាល់ បុរី ឡេង ណាវ៉ាត្រា បានសម្របសម្រួល ផ្តល់ជូនអតិថិជនដែលជាម្ចាស់ផ្ទះអាចស្នាក់នៅក្នុងផ្ទះ ដែលបានសាងសង់រួចរាល់ជាបណ្តោះអាសន្ន ទម្រាំដល់ពេលដែលផ្ទះរបស់ខ្លួនត្រូវបានសាងសង់រួចរាល់ ដែលសម្រាប់ជម្រើសនេះ រាល់ការចំណាយជាបន្ទុករបស់បុរីទាំងស្រុង។

២៖ បុរីតែងបានសម្របសម្រួលអនុវត្តការសងត្រឡប់តាមកិច្ចសន្យា ដែលមានជាធរមាន។

៣៖ បុរីក៏មានការផ្តល់ជូនអតិថិជនដែលផ្ទះរបស់ខ្លួនមិនទាន់បានសាងសង់រួច នូវជម្រើសដោះដូរមកតំបន់ផ្សេងដែលមានផ្ទះសាងសង់រួចរាល់ស្រាប់ខ្លះផងដែរ៕