(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសេចក្តីប្រកាសព័ត៌មានស្តីពីចំណាប់អារម្មណ៍របស់អ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិអំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។

តាមរយៈសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ គ.ជ.ប បានទាញចំណាប់អារម្មណ៍របស់លោក វ៉ាង វិនធៀន (H.E.Mr. Wang Wentian) ឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ដែលបានសង្កេតឃើញដូចខាងក្រោម៖

*ការរៀបចំការបោះឆ្នោតប្រកបដោយវិជ្ជាជីវៈ និងសូមអបអរសាទរចំពោះប្រជាពលរដ្ឋ កម្ពុជា ដែលបានសម្តែងនូវឆន្ទៈ និងអនុវត្តសិទ្ធិរបស់ខ្លួន ដោយចេញទៅបោះឆ្នោតមានចំនួនយ៉ាងច្រើនបានដល់ ៨៤.៥៨%។
*ដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត បានប្រព្រឹត្តទៅស្របតាមច្បាប់របស់ព្រះរាជា-ណាចក្រកម្ពុជា។
*គណបក្សនយោបាយទាំង ១៨ បានធ្វើការឃោសនាបោះឆ្នោតដោយសេរី នៅទូទាំងប្រទេស ក្នុងរយៈពេល ២១ថ្ងៃកន្លងមកនេះ។ ប្រជាពលរដ្ឋទទួលបានព័ត៌មានគ្រប់គ្រាន់ ក្នុងការជ្រើសរើសគណបក្សនយោបាយដែលខ្លួនពេញចិត្ត។
*លទ្ធផលនៃការបោះឆ្នោត គឺអាចទទួលយកបាន។
*ប្រទេសចិនសូមគាំទ្រនូវជម្រើសរបស់ប្រជាជនកម្ពុជា ក្នុងការការពារឯករាជ្យ និង អធិបតេយ្យភាពរបស់ខ្លួន ដោយមិនមានការជ្រៀតជ្រែកពីភាគីបរទេស។

ចំណាប់អារម្មណ៍របស់លោក យូថេន សូ (H.E.Mr. U Thein Soe) ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសមីយ៉ាន់ម៉ា ដែលបានសង្កេតឃើញដូចខាងក្រោម៖

*ឃើញស្នាមញញឹមរបស់ប្រជាពលរដ្ឋកម្ពុជា ដែលបានអនុវត្តសិទ្ធិរបស់ខ្លួន ក្នុងការចេញ ទៅបោះឆ្នោតយ៉ាងច្រើន។ កែវភ្នែករបស់ប្រជាពលរដ្ឋកម្ពុជា បានរួមចំណែកក្នុងការ តម្រង់ទិសប្រទេសជាតិរបស់ខ្លួន។
*ការបោះឆ្នោតមានសារៈសំខាន់ ហើយមានលក្ខណៈល្អសម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលជាច្រើនឆ្នាំទៅមុខទៀត។
*គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់របស់ព្រះរាជាណាចក្រកម្ពុជា បានប្រឹងប្រែងរៀបចំការបោះឆ្នោតប្រកបដោយជោគជ័យ។

ចំណាប់អារម្មណ៍របស់ លោក នែលស៊ុន ជេស៊ែលីស (H.E.Mr. Nelson J.Celis) សមាជិកគណៈកម្មការរៀបចំការបោះឆ្នោតនៃសាធារណរដ្ឋហ្វីលីពីន ដែលបានសង្កេតឃើញដូចខាងក្រោម៖ 

*ភាគរយនៃអ្នកបោះឆ្នោត ៨៤.៥៨% នៅព្រះរាជាណាចក្រកម្ពុជា ខ្ពស់ជាងនៅប្រទេសហ្វីលីពីន ដែលមានត្រឹមតែ ៨៣% ប៉ុណ្ណោះក្នុងការបោះឆ្នោត ឆ្នាំ២០២២កន្លងទៅនេះ។
*ប្រជាពលរដ្ឋកម្ពុជាមានការចាប់អារម្មណ៍ខ្ពស់ ក្នុងការជ្រើសរើសថ្នាក់ដឹកនាំប្រទេសជាតិ របស់ខ្លួនប្រកបដោយភាពត្រឹមត្រូវ។
*ការបោះឆ្នោតមានតម្លាភាព។ ការរាប់សន្លឹកឆ្នោតដោយដៃ មានលំដាប់លំដោយ ហើយបញ្ជូនលទ្ធផលពីការិយាល័យបោះឆ្នោត មកគណៈកម្មការរៀបចំបោះឆ្នោតតាមលំដាប់ថ្នាក់ និងតាមប្រព័ន្ធអេឡិចត្រូនិច ដែលបញ្ជាក់អំពីតម្លាភាពយ៉ាងខ្លាំងគួរឱ្យជឿទុកចិត្តបាន។
*អបអរសាទរចំពោះព្រះរាជាណាចក្រកម្ពុជា ក្នុងការរៀបចំការបោះឆ្នោតប្រកបដោយជោគជ័យ សន្តិភាព និងគ្មានអំពើហិង្សា។

ចំណាប់អារម្មណ៍របស់ ឯកឧត្ដម ម៉ាស៊ូរីស្គី កុបស្តាបទីន (H.E.Mr. Mazurevski Kopstaptin) សមាជិកគណៈកម្មការបោះឆ្នោតនៃសហព័ន្ធរុស្ស៊ី ដែលបានសង្កេតឃើញដូចខាងក្រោម៖

*ការរៀបចំការិយាល័យបោះឆ្នោត មានរបៀបរៀបរយ ដោយមានបិទបញ្ជីឈ្មោះអ្នក បោះឆ្នោតភ្ជាប់ជាមួយរូបថត បិទនៅខាងមុខការិយាល័យបោះឆ្នោត។
*នៅថ្ងៃបោះឆ្នោត អ្នកបោះឆ្នោតបានកាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតអញ្ជើញ អ្នកបោះឆ្នោត បង្ហាញមន្រ្តីការិយាល័យបោះឆ្នោត ដែលការងារនេះជួយពន្លឿនក្នុងការរកឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត ដើម្បីធ្វើឱ្យការបោះឆ្នោតប្រព្រឹត្តទៅបានឆាប់រហ័ស។
*ការរៀបចំសម្ភារក្នុងការិយាល័យបោះឆ្នោត មានបន្ទប់សម្ងាត់ មានហិបឆ្នោត មានទឹកខ្មៅជ្រលក់ដៃ ដែលអ្នកបោះឆ្នោតត្រូវជ្រលក់បញ្ជាក់ថាបានបោះឆ្នោតរួចហើយ។
*ស្រ្តីកម្ពុជា ក្លាហានជ្រលក់ម្រាមដៃនឹងទឹកខ្មៅលាងមិនជ្រះ ដែលជាទូទៅស្ត្រីត្រូវការ ម្រាមដៃស្អាត។
*មន្រ្តីការិយាល័យបោះឆ្នោតមានពាក់អាវសម្គាល់ ហើយភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មាន មានបណ្ណសម្គាល់ខ្លួនផងដែរ។ ទាំងនេះបញ្ជាក់ថា ដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតបានប្រព្រឹត្តទៅស្របតាម ច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។

ចំណាប់អារម្មណ៍របស់លោក នីថេស គូម៉ា វីយ៉ាស (H.E.Mr. Nitesh Kumar Vyas) អនុ-ប្រធានគណៈកម្មការបោះឆ្នោតនៃសាធារណរដ្ឋឥណ្ឌា ដែលបានសង្កេតឃើញដូចខាងក្រោម៖

*ទីតាំងការិយាល័យបោះឆ្នោត ផ្តល់ភាពងាយស្រួលដល់អ្នកទៅបោះឆ្នោត។ ការិយាល័យបោះឆ្នោត មានឧបករណ៍គ្រឿងសង្ហារឹម មានពន្លឺ មានលំហដ៏ត្រឹមត្រូវ សម្ភារបោះឆ្នោត ត្រូវបានរៀបចំជាស្រេចនៅមុនថ្ងៃបោះឆ្នោត។
*អ្នកបោះឆ្នោតតាមតម្រង់ជួរដោយមានរបៀបរៀបរយ នៅថ្ងៃបោះឆ្នោត។
*ការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត បានរហូតទៅដល់ ៩៤.៨៤% បង្កភាពងាយស្រួល ដល់អ្នកបោះឆ្នោត។
*មន្រ្តីការិយាល័យបោះឆ្នោត ទទួលបានការបណ្តុះបណ្តាលយ៉ាងល្អ។
*ការរាប់សន្លឹកឆ្នោត មានតារាងកត់ត្រាត្រឹមត្រូវនៅចំពោះមុខភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍។
*ភាគីឥណ្ឌាសប្បាយចិត្តចំពោះការប្រើប្រាស់ទឹកខ្មៅជ្រលក់លាងមិនជ្រះប្រើក្នុងការបោះឆ្នោត។
*ភាគីឥណ្ឌាអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ គ.ជ.ប កម្ពុជា និងប្រជាធិបតេយ្យ នៅកម្ពុជា។

ចំណាប់អារម្មណ៍របស់លោក អាល់ស៊ីណូ ដឺអារ៉ូ បារីស (H.E.Mr. Alcino de Araujo Baris) សមាជិកគណៈកម្មការបោះឆ្នោតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ដែលបានសង្កេត ឃើញដូចខាងក្រោម៖

*ការត្រៀមរៀបចំបានល្អមុនថ្ងៃបោះឆ្នោត។
*ដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតបានប្រព្រឹត្តទៅល្អ និងគ្មានអំពើហិង្សា។
*ការិយាល័យបោះឆ្នោតមានសណ្តាប់ធ្នាប់ របៀបរៀបរយ ប្រកបដោយវិជ្ជាជីវៈ។
*ប្រព័ន្ធបោះឆ្នោតនៅព្រះរាជាណាចក្រកម្ពុជា ស្រដៀងគ្នានឹងប្រព័ន្ធបោះឆ្នោតនៅ សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត។

ជារួមគណៈប្រតិភូដែលជាអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិទាំងអស់ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើទំនាក់ទំនងល្អជាមួយគ្នា និងថ្លែងអំណរគុណ ដល់ គ.ជ.ប កម្ពុជា ដែលបានធ្វើបដិសណ្ឋារកិច្ចយ៉ាងល្អ និងបានផ្តល់ឱកាសដល់គណៈប្រតិភូអន្តរជាតិសង្កេតមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣៕