(ភ្នំពេញ)៖ សមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយស្មើភាពគ្នា ប្រកបដោយប្រជាធិបតេយ្យ។

សមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ បានទទួល ការអនុញ្ញាតពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចុះសង្កេតការណ៍លើដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយបានចាត់បញ្ជូនសមាជិក សមាជិកា ចំនួន ៣៥៥នាក់ (ស្រី ១៧៧នាក់) របស់សមាគម ដើម្បីចុះសង្កេតការណ៍ក្នុងរាជធានីភ្នំពេញ និងខេត្តចំនួន ១៩ រួមមាន៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ កំពត កណ្តាល ក្រចេះ ព្រៃវែង ពោធិ៍សាត់ សៀមរាប ព្រះសីហនុ ស្ទឹងត្រែង ស្វាយរៀង តាកែវ កែប ប៉ៃលិន និងខេត្តឧត្តរមានជ័យ។

តាមរយៈការវាយតម្លៃឈរលើលទ្ធផលនៃការបូកសរុបរបាយការណ៍របស់សមាជិក សមាជិកា ដែលបានចុះសង្កេតការណ៍ផ្ទាល់នៅតាមបណ្តាការិយាល័យបោះឆ្នោតក្នុងរាជធានី និងខេត្តខាងលើ សមាគមសហព័ន្ធ សិស្ស-និស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាចសន្និដ្ឋានប្រកបដោយការជឿជាក់ថា ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងមកនេះ ត្រូវបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ព្រមទាំងស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដែលនាំឱ្យលទ្ធផលនៃការបោះឆ្នោតនេះ ឆ្លុះបញ្ចាំងនូវឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរ។

ទន្ទឹមនេះ សមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក៏បានពិនិត្យយ៉ាងយកចិត្តទុកដាក់ទៅលើដំណើរការ និងបរិយាកាសនៃការឃោសនាបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់ការស្វែងរកឈ្មោះ និងការិយាល័យបោះឆ្នោតបានយ៉ាងងាយស្រួល និងឆាប់រហ័ស រួមទាំងមានការចូលរួមយ៉ាងសកម្មក្នុងការសង្កេតការណ៍របស់ភ្នាក់ងារគណបក្សនយោបាយពាក់ព័ន្ធ ដែលត្រូវបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ព្រមទាំងមានការចូលរួមយ៉ាងផុលផុស និងដោយសេរី ដែលបង្ហាញនូវភាពកាន់តែចាស់ទុំ និងភាពអាចទុកចិត្តបាននៃដំណើរការប្រជាធិបតេយ្យនីយកម្មនៅកម្ពុជា៕