(ត្បូងឃ្មុំ)៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ លោក ថេង ច័ន្ទសង្វារ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកត្បូងឃ្មុំ និងលោកស្រី បានអញ្ជេីញប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃគង់នៅវត្តទាំង៥នៃឃុំទន្លេបិទ និងសំណេះសំណាលថ្លែងអំណរគុណប្រជាពលរដ្ឋនៅក្នុងឃុំដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមិញ។
ក្នុងពិធីសំណេះសំណាលប្រកបដោយភាពរីករាយ និងអំណរសាទរ លោកប្រធានបានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំទន្លេបិទទាំងមូល ដែលបានសម្រេចចិត្តយ៉ាងត្រឹមត្រូវ បន្តផ្តល់ជំនឿជឿជាក់កាន់តែខ្លាំងឡើងឱ្យគណបក្សប្រជាជនកម្ពុជាបន្តបម្រើជាតិ និងប្រជាជនក្នុងរយៈពេល ៥ឆ្នាំទៅមុខទៀតនេះ។
លោកប្រធានក្រុមការងារបានថ្លែងថា តាមរយៈលទ្ធផលបឋមដែលត្រូវបានបង្ហាញដោយគណៈកម្មការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញថា ប្រជាជនពេញចិត្តនឹងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ លោកបន្តថា គណបក្សប្រជាជនកម្ពុជា នឹងនៅតែបន្តរួមសុខទុក្ខជាមួយប្រជាពលរដ្ឋកម្ពុជាគ្រប់ៗរូប ហើយនឹងខិតខំប្រឹងប្រែងបម្រើប្រជាជនឱ្យបានល្អបន្តទៀត។
គួរបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំទទួលបានសំឡេងគាំទ្រច្រើនលើសលុប ស្មើនឹង៨/៨អាសនៈ។ នេះបើយោងតាមលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់ គ.ជ.ប.៕