(ភ្នំពេញ)៖ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិដែលបានមកបំពេញការងារជាអ្នកសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅប្រទេសកម្ពុជានេះ សុទ្ធតែបានបង្ហាញអារម្មណ៍កក់ក្ដៅ និងពេញចិត្តចំពោះបដិសណ្ឋារកិច្ចរបស់ភាគីកម្ពុជា ដែលគាំទ្រសកម្មភាពរបស់ពួកគេជាជនបរទេសដោយគ្មានការគំរាមកំហែង ឬរងសម្ពាធផ្នែកសន្តិសុខនោះឡើយ។
ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពីការវាយតម្លៃការបោះឆ្នោតនៅកម្ពុជារបស់ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ ដែលបានប្រព្រឹត្តទៅក្រោមការចូលរួមពីតំណាងប្រទេស មេដឹកនាំ អតីតមេដឹកនាំ និងអង្គការអន្តរជាតិយ៉ាងតិច១៣ ក្នុងនោះរួមមាន៖ អ្នកប្រជាធិបតេយ្យនិយមកណ្ដាលអាស៉ីប៉ាស៉ីហ្វិកអន្តរជាតិ (CAPDI) សន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៉ី (ICAPP) អង្គការប្រទេសនិយាយភាសាបារាំង (IOF) វិទ្យាស្ថានទស្សនៈ និងសន្តិសុខអឺរ៉ុប (IPSE) សម្ពន្ធអន្តរជាតិនៃអ្នកសង្កេតការណ៍បោះឆ្នោត (IAEO) អ្នកសង្កេតការណ៍ឯករាជ្យ សភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងតូរ៉ុនតូ ក្រុមប្រឹក្សាកំពូលអន្តរជាតិដើម្បីសន្តិភាព (ISCP) សមាគមសមាជិកសភាអន្តរជាតិដើម្បីសន្តិភាព (IAPP) ស្ថាប័នស្រាវជ្រាវ២០២២ (Think Tank 2022) នាយករដ្ឋមន្ត្រីប្រទេសហ្គីណេប៊ីសូ ប្រធានាធិបតីប្រទេសនីហ្សេរីយ៉ា អតីតប្រធានាធិបតីស្រីលង្កា អតីតនាយករដ្ឋមន្ត្រីនេប៉ាល់ និងប្រតិភូមកពីប្រទេសមួយចំនួនទៀតជាដើម។
គួរជម្រាបថា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ គ.ជ.ប បានទទួលស្គាល់ និងផ្ដល់បណ្ណសម្គាល់អ្នកសង្កេតការណ៍អន្តរជាតិសរុបចំនួន៦០៤រូប មកពី៦១ស្ថាប័ន។
អង្គការ CAPDI ដែលជាសម្ពន្ធគណបក្សនយោបាយដ៏ធំជាងគេនៅទ្វីបអាស៉ីនោះ បានហៅកាបោះឆ្នោតនៅកម្ពុជានេះថា «ជាជោគជ័យនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យ»។
តំណាងអង្គការ CAPDI បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និង គ.ជ.ប កម្ពុជា ដែលបានស្វាគមន៍ និងទទួលយ៉ាងកក់ក្ដៅចំពោះប្រតិភូអន្តរជាតិនានាដែលជាអ្នកសង្កេតការណ៍បោះឆ្នោតនេះ ខណៈការធ្វើដំណើរ ការស្នាក់នៅ និងការបំពេញការងាររបស់អ្នកសង្កេតការណ៍អន្តរជាតិក៏ប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាពផងដែរ។
អង្គការប្រទេសនិយាយភាសាបារាំង (IOF) បានថ្លែងអំណរគុណចំពោះភាគីកម្ពុជា ដៃគូ និងភាគីពាក់ព័ន្ធនឹងការរៀបចំការបោះឆ្នោត ដែលបានទទួលស្គាល់ និងទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅចំពោះក្រុមអ្នកសង្កេតការណ៍អន្តរជាតិដែលបានមកបំពេញការងារជាអ្នកសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅប្រទេសកម្ពុជានេះ។
នាយករដ្ឋមន្ត្រីហ្គីណេប៊ីសូ (Guinee-Bissua) លោក ប៉ារទីដូ ដឺ នូណូ ណាប៊ីម (Partido de Nuno Nabiam) បានបង្ហាញការពេញចិត្តចំពោះបរិយាកាសបោះឆ្នោតដែលពោរពេញដោយសន្តិភាពបែបនេះ និងបានជូនពរដល់ប្រទេសកម្ពុជាឱ្យបន្តមានសន្តិភាព និងការរីកចម្រើនតទៅមុខទៀត។ លោកនាយករដ្ឋមន្ត្រីអះអាងថា «ខ្ញុំគឺជាសាក្សីមួយរូបនៃការបោះឆ្នោតនៅកម្ពុជា»។
គួរជម្រាបថា អង្គការអន្តរជាតិទាំងអស់សុទ្ធតែបានបញ្ជាក់ថា បរិយាកាសនៃការបោះឆ្នោតនៅថ្ងៃទី២៣នោះ គឺប្រព្រឹត្តទៅដោយសន្តិសុខ សុវត្ថិភាព សេរី ត្រឹមត្រូវ តម្លាភាព មិនមានអំពើហិង្សា ឬបាតុភាពអ្វីឡើយ ម្យ៉ាងទៀតគណៈប្រតូភូអ្នកសង្កេតការណ៍មិនបានឃើញពីការប្ដឹងតវ៉ាពីភាគីណាមួយនោះឡើយ៕