(ភ្នំពេញ)៖ ក្នុងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិបានមើលឃើញ និងមានការកោតសរសើរយ៉ាងខ្លាំងចំពោះការយកចិត្តទុកដាក់ចំពោះជនចាស់ជរា ជនមានពិការភាព ស្ត្រីមានផ្ទៃពោះ តាមរយៈការផ្ដល់អាទិភាពឱ្យពួកគាត់បានចូលបោះឆ្នោតមុន។
ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពីការវាយតម្លៃការបោះឆ្នោតនៅកម្ពុជារបស់ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។ យ៉ាងហោចមានអ្នកសង្កេតការណ៍អន្តរជាតិជាង៦០០នាក់ ដែលបានចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជានេះ។
ក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងបន្តបន្ទាប់ជាក្រុមៗនោះ ក្រុមអ្នកសង្កេតការណ៍មកពីសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងតូរ៉ុនតូ និងប្រតិភូអ្នកសង្កេតការណ៍ឯករាជ្យ បានលើកឡើងថា ការបោះឆ្នោតនេះគឺបានប្រព្រឹត្តទៅដោយមិនមានការរើសអើង ខណៈប្រជាពលរដ្ឋទាំងឡាយបានអនុវត្តសិទ្ធិរបស់ខ្លួនយ៉ាងពេញលេញ។
តំណាងអ្នកសង្កេតការណ៍ឯករាជ្យបានបញ្ជាក់ថា ចំណុចគួរឱ្យចាប់អារម្មណ៍មួយនោះ គឺមន្ត្រីបោះឆ្នោតមានយន្តការគ្រប់គ្រាន់ក្នុងការជួយសម្រួលដល់ជនចាស់ជរា ជនមានពិការភាពផ្សេងៗ ស្ត្រីមានផ្ទៃពោះ ដោយគេបានផ្ដល់អាទិភាពឱ្យពួកគាត់បានចូលបោះឆ្នោតមុន។
រូបភាពទាំងនេះ ប្រតិភូអ្នកសង្កេតការណ៍ឯករាជ្យបានមើលឃើញនៅមណ្ឌលបោះឆ្នោតវិទ្យាល័យព្រះស៉ីសុវត្ថិ មណ្ឌលបោះឆ្នោតវត្តកោះ មណ្ឌលបោះឆ្នោតសាលាបឋមសិក្សាចតុមុខជាដើម។
អ្នកសង្កេតការណ៍អន្តរជាតិបានកោតសរសើរចំពោះការរក្សាការសម្ងាត់សម្រាប់អ្នកបោះឆ្នោតបានយ៉ាងខ្ជាប់ខ្ជូន ដែលធ្វើឱ្យអ្នកបោះឆ្នោតអាចជ្រើសរើសគណបក្សនយោបាយដែលខ្លួនពេញចិត្តដោយសេរី៕