(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា កត់សម្គាល់នូវមតិជាច្រើនជុំវិញការបោះឆ្នោតសកលនៅកម្ពុជា ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ 

ក្រសួងសូមធ្វើការគូសបញ្ជាក់ពីការសង្កេតដោយផ្ទាល់និងផ្អែកលើការពិត នៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ដូចតទៅ៖

• អត្រាខ្ពស់នៃអ្នកចូលរួមបោះឆ្នោតបង្ហាញពីប្រជាធិបតេយ្យដ៏រស់រវើក៖ អ្នកបោះឆ្នោតជាង ៨,២ លាននាក់ បានប្រើប្រាស់សិទ្ធិរបស់ពួកគេស្របតាមរដ្ឋធម្មនុញ្ញ ក្នុងការជ្រើសរើសគណបក្សនយោបាយ និងអ្នកដឹកនាំនាពេលអនាគត ដែលពួកគេជឿថា អាចដឹកនាំប្រទេសជាតិបានប្រសើរបំផុត នៅលើមាគ៌ាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ អត្រាអ្នកចូលរួមបោះឆ្នោត ៨៤,៥៨% ដែលលើសពីអត្រាអ្នកចូលរួមនៃការបោះឆ្នោតជាតិចំនួនបួនលើកកន្លងមក ចាប់តាំងពីឆ្នាំ ២០០៣ គឺជាការបង្ហាញយ៉ាងច្បាស់នូវភាពរស់រវើកនៃប្រជាធិបតេយ្យរបស់កម្ពុជា និងឆ្លុះបញ្ចាំងពីការជឿទុកចិត្តរបស់ប្រជាពលរដ្ឋក្នុងដំណើរការបោះឆ្នោត។

• ការប្រកាន់ខ្ជាប់នូវគុណតម្លៃប្រជាធិបតេយ្យ៖ អត្រាអ្នកបោះឆ្នោតដ៏ខ្ពស់បំផុតនេះបង្ហាញពីការបដិសេធយ៉ាងច្បាស់  ចំពោះការអំពាវនាវឱ្យធ្វើពហិការការបោះឆ្នោត  និងយុទ្ធនាការលាបពណ៌ដែលរៀបចំឡើងដោយក្រុមប្រឆាំងជ្រុលនិយម ក្នុងគោលបំណងឱ្យមានការផ្លាស់ប្តូររបប តាមរយៈវិធីសាស្ត្រមិនមែនប្រជាធិបតេយ្យ។ សិទ្ធិអធិបតេយ្យនិងស្វ័យសម្រេចរបស់កម្ពុជា ត្រូវតែទទួលបានការគោរព ដោយតួអង្គខាងក្រៅទាំងអស់។

• អ្នកសង្កេតការណ៍មិនលំអៀង៖ ដំណើរការបោះឆ្នោតនេះត្រូវបានចូលរួមធ្វើជាសាក្សីមិនលំអៀងដោយអ្នកសង្កេតការណ៍អន្តរជាតិចំនួន ៤២២ នាក់ ដែលតំណាងឱ្យ ៦៥ សញ្ជាតិ មកពី ៦១ ស្ថាប័ន រួមមានអង្គការអន្តរជាតិ រដ្ឋាភិបាលបរទេស អង្គទូត និងសហគមន៍អនិកជនកម្ពុជានៅបរទេស។ ដំណើរការបោះឆ្នោតនេះក៏ត្រូវបានតាមដានយ៉ាងដិតដល់ ដោយភ្នាក់ងារគណបក្សនយោបាយជិត ៦០.០០០ នាក់ និងអ្នកសង្កេតការណ៍ជាតិឯករាជ្យចំនួន ៩០.០០០ នាក់ ដែលបានបញ្ជាក់រួមទាំងអស់គ្នាអំពីភាពត្រឹមត្រូវ និងតម្លាភាព នៃការបោះឆ្នោត។ ក្រសួងសូមកោតសរសើរដោយស្មោះស្ម័គ្រចំពោះសាមគ្គីភាព និងការប្តេជ្ញាចិត្តរបស់ពួកគេ ចំពោះបុព្វហេតុដ៏ធំធេង នៃប្រជាធិបតេយ្យនៅកម្ពុជា។

• ការគោរពតាមច្បាប់ជាធរមាន៖ សេចក្តីថ្លែងការណ៍របស់ក្រុមអ្នកសង្កេតការណ៍ខាងលើ បង្ហាញយ៉ាងច្បាស់ថា  ការបោះឆ្នោតសកលនៅកម្ពុជា បានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌  មានតម្លាភាព សន្តិភាព និងប្រកបដោយបរិយាបន្ន ព្រមទាំងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់តាម ច្បាប់ជាធរមាន។ ឯករាជ្យភាព និងវិជ្ជាជីវៈរបស់មន្ត្រីនិងស្ថាប័នរៀបចំការបោះឆ្នោតនេះក៏ត្រូវបានទទួលការកត់សម្គាល់ផងដែរ។

• ពហុបក្សនយោបាយប្រកបដោយបរិយាបន្ន៖ ដំណើរការបោះឆ្នោតនេះគឺជាឧទាហរណ៍ជាក់ស្តែងនៃពហុបក្សនយោបាយពិតប្រាកដ   ដោយផ្តល់ឱ្យប្រជាពលរដ្ឋកម្ពុជា    និងគណបក្សនយោបាយរៀងៗខ្លួននូវឱកាសស្មើភាពនិងយុត្តិធម៌ ក្នុងការចូលរួមប្រកួតប្រជែងនយោបាយ នៅក្នុងដែនកំណត់នៃច្បាប់។ សិទ្ធិ និងការទទួលខុសត្រូវ គឺមិនអាចកាត់ផ្តាច់ពីគ្នាបានទេ ហើយការប្រតិបត្តិយ៉ាងម៉ឺងម៉ាត់តាមច្បាប់បោះឆ្នោតមានសារៈសំខាន់និងភាពចាំបាច់  ដើម្បីធានាបាននូវភាពមិនលំអៀងនៃដំណើរការបោះឆ្នោត។   អ្នកដែលមិនគោរពច្បាប់ឱ្យបានត្រឹមត្រូវ ត្រូវទទួលរងនូវផលវិបាក។

សរុបសេចក្តីមក ការបោះឆ្នោតសកលឆ្នាំ២០២៣ ឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដពីភាពចាស់ទុំខាងប្រជាធិបតេយ្យរបស់កម្ពុជា តាមរយៈចំនួនអ្នកចូលរួមបោះឆ្នោតដ៏ច្រើនលើសលុប និងធម្មានុ-រូបនៃការបោះឆ្នោត ដូចដែលបានត្រូវបញ្ជាក់ដោយភាពចម្រុះនៃក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ។ ក្នុងនាមជាប្រទេសអធិបតេយ្យនិងឯករាជ្យ  កម្ពុជានៅតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនចំពោះពហុបក្សនយោបាយ និងប្រជាធិបតេយ្យប្រកបដោយសន្តិភាព ដោយគិតគូរពីលក្ខណៈពិសេសដោយឡែក  ប្រវត្តិសាស្រ្តដ៏សោកនាដកម្ម និងវប្បធម៌របស់ប្រទេស៕