Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណបក្សប្រជាជនកម្ពុជាស្រុកកៀនស្វាយ​ បញ្ចូលសមាជិកបក្សថ្មីជិត៣ពាន់នាក់ មកពីគណបក្សសង្រ្គោះជាតិជិត៣០០នាក់

31-07-2016 20:29

(កណ្តាល)៖ គណបក្សប្រជាជនកម្ពុជាស្រុកកៀនស្វាយ បានបញ្ចូលសមាជិកបក្សថ្មី ២,៧០៥នាក់ ក្នុងនោះមកពីគណបក្សសង្រ្គោះជាតិ ២៦១នាក់។ នេះបើតាមការបញ្ជាក់របស់មន្រ្តីគណបក្សប្រជាជនកម្ពុជា ដែលចុះពង្រឹងការងារ នៅក្នុងស្រុកកៀនស្វាយ។

ពិធីប្រកាសបញ្ចូលសមាជិកបក្សថ្មីនេះ បានធ្វើឡើងនៅថ្ងៃអាទិត្យ ទី៣១ ខែកក្កដា ឆ្នាំ២០១៦នេះ នៅអតីតរោងចក្រកាសូទីម ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្រោមអធិបតីភាព លោក ឌុល គឿន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ គណៈអចិន្ត្រៃយ៍គណៈពង្រឹងការងារខេត្តកណ្តាល។

ក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីនេះ លោក ឌុល គឿន បានរំលឹកនូវស្នាដៃធំៗ ដែលគណបក្សប្រជាជនកម្ពុជា សម្រេចបានដើម្បីជាប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជា។ លោក ឌុល គឿន បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងសម្តេច ហេង សំរិន ជាប្រធានកិត្តិយស ក្រៅពីស្វែងរកបាននូវសន្តិភាពហើយនោះ បាននិងកំពុងខិតខំថែរក្សាសន្តិភាព ស្ថេរភាពសង្គម ហើយកំពុងខិតខំបន្ថែមទៀត ដើម្បីនាំមកនូវសមិទ្ធផលថ្មីៗជូនជាតិមាតុភូមិ ជាពិសេសដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។

លោក ឌុល គឿន បានផ្តាំផ្ញើដល់សមាជិកបក្សចាស់​ និងសមាជិកបក្សទើបចូលថ្មី ត្រូវប្រឹងប្រែងបន្តនូវគំរូវីរភាពរបស់ថ្នាក់ដឹកនាំបក្ស ក្នុងការកសាងនូវអំពើល្អ នៅក្នុងសង្គម និងប្រឹងប្រែងរួមគ្នាកសាងសង្គមឲ្យរីកចម្រើន ហើយត្រូវប្រឹងប្រែងជ្រោងនូវទង់សន្តិភាព ឲ្យបានគង់វង្សជារៀងរហូត ដើម្បីវឌ្ឍនភាពសង្គម។

ក្រុមសមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជា ដែលមានមកពីគណបក្សសង្រ្គោះជាតិផងនោះ បានថ្លែងថា ការដែលពួកគេសម្រេចចិត្ត ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ដោយសារតែពួកគេបានមើលឃើញថា គណបក្សមួយនេះ ជាគណបក្សមួយ ដែលមានវ័យចំណាស់ និងរឹងមាំ ជាពិសេសមានគោលនយោបាយច្បាស់លាស់ សម្រាប់ដឹកនាំសង្គមជាតិ ឲ្យឆ្ពោះទៅភាពរីកចម្រើន។ សមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុចា បានសម្តែងការរំពឹងថា ក្រោមទង់របស់គណបក្សប្រជាជនកម្ពុជា ពួកគេនឹងមានឱកាសចូលរួមចំណែកកសាងសង្គមកម្ពុជា ឲ្យកាន់តែរីកចម្រើន។

ក្នុងឱកាសបញ្ចូលសមាជិកថ្មី លោក ឌុល គឿន ក៏មិនភ្លេចផងដែរ ឲ្យសមាជិកបក្សទាំងអស់ ត្រូវប្រឹងប្រែងជួយសម្របសម្រួល និងជំរុញឲ្យប្រជាពលរដ្ឋ នៅតាមមូលដ្ឋានទៅធ្វើអត្តសញ្ញាណបណ្ណ និងទៅចុះឈ្មោះបោះឆ្នោត ដើម្បីមានសិទ្ធិចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅឆ្នាំ២០១៧ ក៏ដូចជាការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០១៨។

លោក ឌុល គឿន ក៏បានឧបត្ថម្ភដល់សមាជិកបក្សថ្មីទាំង ២,៧០៥នាក់ ក្នុងម្នាក់ៗទទួលបានអាវ១ មួក​១ អា​ហារសំរ៉ន់ និង ថវិកា ១០.០០០ រៀល សរុបការចំណាយចំនួន ៦៧.០០០.០០០រៀល៕

សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​១៩៥១ គណបក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា។ គណបក្សមួយនេះ បានចូលរួមក្នុងសកម្មភាពនានា ដើម្បីទាមទារឯករាជ្យពីអាណានិគមន៍បារាំង ហើយក៏បានចូលរួមសាងសមិទ្ធផលជាច្រើន សម្រាប់សង្គមកម្ពុជា។ សមិទ្ធផល ដែលគណបក្ស បានចាត់ទុកថា ជាសមិទ្ធផលធំជាងគេនោះ គឺការរំដោះប្រទេស ចេញពីរបបកម្ពុជាប្រជាធិបតេយ្យរបស់ ប៉ុល ពត ដែលជារបបដែលគេប្រសិទ្ធនាមជារបបពិឃាត ដ៏ឃោរឃៅ៕