(ភ្នំពេញ)៖ សមាគមនិស្សិតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីថ្លែងការណ៍ ចំពោះការគាំទ្រលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ នេះបើតាមសេចក្ដីថ្លែងការណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។

សេចក្ដីថ្លែងការណ៍ បានឲ្យដឹងថា ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ស.ន.ក.ច.) បានទទួលការអនុញ្ញាតពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)ក្នុងការចាត់បញ្ជូន ថា្នក់ដឹកនាំ សមាជិក និងសមាជិកា នៃស.ន.ក.ច. ចំនួន៣៩នាក់ បានចុះសង្កេតការណ៍មើលការបោះឆ្នោត ក្នុងនាមជាអ្នកសង្កេតការណ៍អន្តរជាតិ នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន នៃព្រះរាជាណាចក្រកម្ពុជា។

ដោយឈរលើមូលដ្ឋានឯករាជ្យ ប្រជាធិបតេយ្យ និងអព្យាក្រឹត្យ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ របស់ស.ន.ក.ច. បានសង្កេតឃើញថា៖

១៖ មានគណបក្សនយោបាយចំនួន១៨ បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ។

២៖ ដំណើរការបោះឆ្នោតចាប់តាំងពីដំណើរការដំបូង រហូតដល់ចប់ការបោះឆ្នោត គឺប្រព្រឹត្តទៅស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងប្រកបដោយលក្ខណៈសេរីត្រឹមត្រូវ យុត្តិធម៌ ក្នុងបរិយាកាសអព្យាក្រឹត្យ សន្តិសុខ របៀបរៀបរយ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែងណាមួយឡើយ ដោយមានប្រជាពលរដ្ឋខ្មែរចូលរួមបញ្ចេញនូវឆន្ទៈរបស់ខ្លួនយ៉ាងច្រើនកុះករ ប្រមាណជា៨,២១៣,២៦០នាក់ ស្មើនឹង៨៤,៥៨% បានទៅបោះឆ្នោត ក្នុងចំណោមប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុប ៩,៧១០,៦៥៥នាក់ (១០០%) ។

៣៖ កិច្ចដំណើរការនៃការរាប់សន្លឹកឆ្នោត គឺប្រព្រឹត្តទៅដោយសុក្រឹត និងតម្លាភាពក្រោមវត្តមានរបស់ ភ្នាក់ងារគណបក្សនយោបាយនីមួយៗ អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ និងអ្នកសារព័ត៌មាន ដើម្បីពិនិត្យ ឃ្លាំមើល និងតវ៉ាក្នុងករណីមានភាពមិនប្រក្រតីណាមួយកើតឡើង។

យោងតាមការសង្កេតជាក់ស្ដែង ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ នៃសមាគមនិស្សិតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន សូមធ្វើការវាយតម្លៃខ្ពស់ ចំពោះដំណើរការបោះឆ្នោតលើកនេះ ដែលកាន់តែប្រព្រឹត្តទៅយ៉ាងរលូន ត្រឹមត្រូវ តម្លាភាព សេរីនិងយុត្តិធម៌ ដែលអាចទទួលយកបាន និងសូមប្រកាសគាំទ្រកិច្ចដំណើរការនៃការបោះឆ្នោតដែលរៀបចំឡើងដោយ គ.ជ.ប. ដែលជាស្ថាប័នឯករាជ្យ ចាប់ពីដំណាក់កាលដំបូង ដល់ការប្រកាសលទ្ធផលបឋមកាលពីព្រលប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមិញនេះ។

ទន្ទឹមនឹងនេះដែរ សមាគមនិស្សិតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន សូមចូលរួមអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ដែលត្រូវបានប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស បានបោះឆ្នោតគាំទ្រលើសលប់ ឈ្នះភ្លូកទឹកភ្លូកដី ដើម្បីបន្តបម្រើប្រជាពលរដ្ឋតទៅអនាគត។

ជាមួយគ្នានេះដែរ សមាគមនិស្សិតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះបេក្ខភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត អនាគតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាកំពូលថ្នាក់ដឹកនាំ ពោរពេញដោយសក្តានុពល សម្រាប់បន្តវេនដឹកនាំប្រទេស បន្តការពារសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ៕