(ភ្នំពេញ)៖ ស្ត្រីម្នាក់ទៀតដែលមានឈ្មោះ ថាច់ ជាចាន់ថា ដែលជាយុវជនគណបក្សភ្លើងទៀន មានទីលំនៅនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញវីដេអូទទួលស្គាល់នូវកំហុសរបស់ខ្លួន និងសុំការសន្តោសប្រណីពីសម្តេចតេជោ ហ៊ុន សែន ដែលខ្លួនជឿខុសលើការអំពាវនាវរបស់ទណ្ឌិត សម រង្ស៉ី ចូលរួមញុះញង់បំផ្លាញការបោះឆ្នោត កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
ស្ត្រីរូបនេះបាននិយាយថា «នាងខ្ញុំសុំសារភាពទទួលកំហុស ដោយការជឿលង់លក់ខ្វះការពិចារណារបស់ទណ្ឌិត សម រង្ស៉ី នៅក្រៅស្រុក អំពាវនាវឱ្យនាងខ្ញុំគូសខ្វែងនៅលើសន្លឹកឆ្នោត នាងខ្ញុំសូមទទួលកំហុសទាំងអស់នេះ។ នាងខ្ញុំសូមគោរពដល់សម្តេចតេជោ ហ៊ុន សែន សូមមេត្តាផ្តល់ឱកាស និងលើកលែងទោសឱ្យនាងខ្ញុំ ពីពេលនេះទៅនាងខ្ញុំសូមសន្យាចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា រហូតតទៅ»។
សូមជម្រាបថា បន្ទាប់ពីស្រាវជ្រាវលើករណីញុះញង់ បំផ្លាញការបោះឆ្នោត ដែលរៀបចំដោយទណ្ឌិត សម រង្ស៉ី, គិតត្រឹមយប់ថ្ងៃទី២៣ ខែកក្កដាម្សិលមិញ សមត្ថកិច្ចជំនាញ បានកំណត់ច្បាស់លាស់នូវមុខសញ្ញា ដែលធ្វើសកម្មភាពញុះញង់បំផ្លាញ ការបោះឆ្នោតជាមួយទណ្ឌិត សម រង្ស៉ី តាមរយៈគ្រុបតេឡេក្រាម «Sabai សប្បាយ» បានចំនួន ៤៤នាក់ ដែលអ្នកទាំងនោះ ប្រឈមនឹងការផ្តន្ទាទោសតាមច្បាប់ និងការផាកពិន័យជាប្រាក់។
សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានប្រកាសប្រាប់សមាជិកក្រុមប្រឆាំងមួយចំនួន ក្នុងគ្រុបតេឡេក្រាម «Sabai សប្បាយ» ដែលបានគូសខ្វែងសន្លឹកឆ្នោត ហើយផ្ញើទៅកាន់មេរបស់ខ្លួននៅបារីស ចេញមុខសារភាព មុនពេលដែលវិធានការច្បាប់ត្រូវបានប្រកាន់យក៕