(កណ្តាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បាននាំយកនូវទេយ្យទាន បច្ច័យ និងទៀនចំណាំព្រះវស្សា យកទៅប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាវចំនួន២៩វត្ត ទូទាំងស្រុកខ្សាច់កណ្ដាល។​

ការប្រគេនទេយ្យទាន និងទៀនចំណាំព្រះវស្សានេះបានធ្វើឡើងនៅវត្តវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ។​

មានប្រសាសន៍ ទៅកាន់ពុទ្ធបរិស័ទ ព្រះសង្ឃលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលយើងទាំងអស់គ្នាមានជំនឿ និងគោរពប្រតិបត្តិតាម ព្រោះថាព្រះពុទ្ធសាសនា បានផ្តល់ការអប់រំផ្លូវចិត្ត ឱ្យប្រព្រឹត្តនូវអំពើល្អ និងចេះជួយយកអាសាគ្នា សាមគ្គីភាពគ្នា រស់នៅក្នុងសង្គមមួយដោយសុខដុមរមនា។

លោកអភិបាលខេត្តបន្តថា ជារៀងរាល់ឆ្នាំ មិនថាពុទ្ធបរិស័ទ ឬសប្បុរសជននោះឡើយ សូម្បីតែអាជ្ញាធរខេត្ត ក៏តែងតែនាំយកនូវទៀនចំណាំព្រះវស្សាមកវេរប្រគេន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅតាមទីវត្តអារាមនានាទូទាំងខេត្តកណ្តាល ដែលនេះជាការបង្ហាញនូវការយកចិត្តទុកដាក់គាំទ្រ ផ្នែកវិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋផងដែរ។

សូមបញ្ជាក់ថា ទេយ្យទានដែលបានប្រគេនជូនទាំង២៩វត្ត ដោយវត្តព្រះអនុគុណស្រុក ទទួលបាន ទៀនព្រះវស្សា ០១ គូ,  អង្ករ៣០០គីឡូក្រាម, ទឹកសុទ្ធ ៥ កេស, ទឹកក្រូច ៥ កេស, មី ១០ កេសតូច, ត្រីខ ១០ យួរ, សាដក ០១ និងបច្ច័យ ១លានរៀល។ ចំពោះវត្ត មួយចំនួនទៀត ទទួលបាន ទៀនព្រះវស្សា ០១គូ,  អង្ករ២០០គីឡូក្រាម, ទឹកសុទ្ធ៥ កេស, ទឹកក្រូច ៥ កេស , មី៥ កេសតូច, ត្រីខ ១០ យួរ, សាដក០១ និងបច្ច័យ ៤០ម៉ឺនរៀលផងដែរ៕