(ភ្នំពេញ)៖ សហភាពអង្គការសង្គមស៉ីវិល បានមើលឃើញថាការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានប្រព្រឹត្តទៅស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងប្រកបដោយលក្ខណៈសេរីត្រឹមត្រូវ និងយុត្តិធម៌ ក្នុងបរិយាកាសអព្យាក្រឹត សន្តិសុខ របៀបរៀបរយ គ្មានអំពើហិង្សា

និងការគំរាមកំហែង។

ស្របពេលនេះដែរមានក្រុមជ្រុលនិយមមួយចំនួនព្យាយាមក្នុងការរារាំង ដើម្បីមិនឱ្យប្រជាជនទៅធ្វើការបោះឆ្នោត ឬទៅគូសបំផ្លាញសន្លឹកឆ្នោតចោល ប៉ុន្តែជាលទ្ធផលដែលទទួលបានពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ជាបណ្ដោះអាសន្ន ចំនួនប្រជាពលរដ្ឋបានចេញទៅបោះឆ្នោតមានរហូតទៅដល់ចំនួន ៨,១៧៧,០៥៣នាក់ ស្មើនឹង ៨៤.២១% ហើយអាចនឹងមានការកើនឡើងថែមទៀត បើប្រៀបធៀបទៅនឹងការបោះឆ្នោត់ឃុំ/សង្កាត់ ឆ្នាំ២០២២ ដែលមានប្រជាជនចេញទៅបោះឆ្នោតចំនួន ៦,៩៥៦,៩០០នាក់ ស្មើនឹង ៨០.៣២% ក្នុងខណៈពេលនោះមាន គណបក្សភ្លើងទៀន ចូលរួមជាគណបក្សនយោបាយ ឃើញថាមានអាត្រាខុសគ្នា។

ស្របពេលនឹងមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ មានមេញុះញង់គឺ លោក សម រង្ស៊ី ដែលមានការដឹកនាំពីខាងក្រៅបានអំពាវនាវ និងបានញុះញង់ ឱ្យប្រជាជនកុំទៅបោះឆ្នោត និងទៅគូសសន្លឹកឆ្នោតចោល ប៉ុន្តែផ្ទុយទៅវិញមានប្រជាពលរដ្ឋទៅបោះឆ្នោតច្រើនលើសលប់រហូតដល់ជាង ៨៤% ចំណុចទាំងនេះយើងអាចសន្និដ្ឋានបានថា ប្រជាពលរដ្ឋគឺបានចូលរួមនូវចលនាប្រជាធិបតេយ្យនៅកម្ពុជាយ៉ាងច្បាស់ ប្រជាពលរដ្ឋពិតជាចង់ទទួលបាននូវសេចក្តីសុខសេចក្តីចម្រើន កាអភិវឌ្ឍន៍ជាមួយនឹងដំបូលសន្តិភាពដែលកំពុងមាន។

សហភាពអង្គការសង្គមស៊ីវិលបានគាំទ្រនូវលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) និងសូមគាំទ្រនូវសារសំឡេងរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងន័យដែលតែងតែអនុគ្រោះអធ្យាស្រ័យ លើកលែងកំហុសដល់បុគ្គលដែលបានប្រព្រឹត្តខុស និងអំពាវនាវដល់ក្រុមជ្រុលនិយមដែលតែងតែជឿទៅតាមការញុះញង់របស់ សម រង្ស៊ី ដែលព្យាយាមក្នុងការរារាំង ដើម្បីមិនឱ្យប្រជាជនទៅធ្វើការបោះឆ្នោត ឬទៅគូសបំផ្លាញសន្លឹកឆ្នោតចោល ដែលអំពើនេះជាបទល្មើសដែលត្រូវផ្តន្ទាទោសតាមច្បាប់ និងជាអំពើបំផ្លាញនូវគោលការណ៍ប្រជាធិបតេយ្យរបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរ ហើយអំពាវនាវដល់ជនដែលប្រព្រឹត្តកំហុសខាងលើមកសារភាពជាមួយអាជ្ញាធរ និងជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ដើម្បីចៀសវាងនូវវិធានការផ្លូវច្បាប់៕