(ព្រះសីហនុ)៖ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយកម្លាំងអាវុធហត្ថស្រុកព្រៃនប់ នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦នេះ បានបន្តប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដោយធ្វើការឃាត់ខ្លួនជនសង្ស័យ៤នាក់ ព្រមទាំងដកហូតថ្នាំញៀន និងវត្ថុតាងមួយចំនួនទៀត។
ប្រតិបត្តិការបង្ក្រាប និងចាប់ខ្លួនជនជួញដូរ ប្រើប្រាស់គ្រឿងញៀនខាងលើនេះ បានធ្វើឡើង នៅថ្ងៃទី៣០-៣១ ខែកក្កដា ឆ្នាំ២០១៦នេះ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ ស្ថិតនៅចំណុចក្រុមទី១៧ ភូមិ អូរតាប៉ាង ឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់។
លោកអនុសេនីយ៍ឯក ឡុង គឹមហួរ នាយការិយាល័យ បទល្មើសគ្រឿងញៀន ខេត្តព្រះសីហនុ បានបញ្ជាក់ថា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងរបស់លោក បានចាប់ខ្លួនជនសង្ស័យ៣នាក់ ហើយក្រោយការសួរនាំទើបនៅរសៀលថ្ងៃនេះ កម្លាំងបានបន្តទៅចាប់ខ្លួនជនសង្ស័យម្នាក់ទៀត។
លោកបានបន្តទៀតថា ជនសង្ស័យទាំង៤នាក់ រួមមានទី១/ឈ្មោះ សោម ចន្ថា អាយុ៣៦ឆ្នាំ ទីលំនៅចំនុចកើតហេតុ ទី២/ឈ្មោះ មឺន ឌីណា អាយុ២៣ឆ្នាំ ទីលំនៅភូមិ/ឃុំទួលទទឹង ស្រុកព្រៃនប់ខេត្តព្រះសីហនុ ទី3/ឈ្មោះ សិន សាមិត អាយុ៣១ឆ្នាំទីលំនៅចំណុចកើតហេតុ និងទី៤/ឈ្មោះ ឃួន វិចិត្រ អាយុ២៦ឆ្នាំ មុខរបរកម្មករ ទីលំនៅចំណុចកើតហេតុ។
ក្រោយការចាប់ខ្លួនជនសង្ស័យទាំង៤នាក់ កម្លាំងអាវុធហត្ថបានដកហូតវត្ថុតាងរួមមាន:
១/ម៉្សៅ ស ថ្លា(ម៉ាទឹកកក)ចំនួនស្មើនឹង1,86g(មិនថ្លឹងទាំងសំបក
២/ជញ្ជីងថ្លឹង0១គ្រឿង
៣/ទូរសព្ទដៃ0៣គ្រឿង
៤/ដែកកេះ0៥
៥/សម្ភារៈជក់0១ចំនួន។
បច្ចប្បន្នវត្ថុតាង និងជនសង្ស័យកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ៕